អ្នកប្រហែលជាធ្លាប់ដឹងហើយថា ទឹកកក មានគុណប្រយោជន៍ជាច្រើនរួមមានដូចជា ក្លាសេបន្លែ សាច់ និងគ្រឿងទេស ជួយបង្កើតរសជាតិរបស់ភេសជ្ជៈជាដើម។ អ្នកខ្លះទៀតបានយកទឹកកកទៅស្អំពោះ ស្អំដៃជើង ដើម្បីជួយរំលាយគ្រាប់ឈាមកកបានផងដែរ។
ក្រៅពីនេះតើអ្នកមានធ្លាប់ប្រើដុំទឹកកកដាក់នៅលើផ្ទៃមុខរបស់អ្នកដែរឬទេ? ប្រសិនបើអ្នកឆ្ងល់ថា ហេតុអី្វចាំបាច់ធ្វើដូចនេះនោះ អ្នកត្រូវតែធ្វើការស្វែងយល់នូវអត្ថប្រយោជន៍របស់ដុំទឹកកកចំពោះសម្រស់ហើយ ព្រោះដុំទឹកកកអាចប្រើសម្រាប់ជួយដល់ការលើកសម្រស់បានជាច្រើនយ៉ាង។ ពេលនេះ ទស្សនាវដ្តី ឡារ៉ែន សូមជម្រាបជូនពីការថែរក្សាសម្រស់ដោយប្រើដុំ ទឹកកកដូចខាងក្រោមនេះ។
1/ សម្រួលលំហូវិលនៃចរន្ដឈាមរត់
ប្រសិនបើអ្នកយកដុំទឹកកកមកត្រដុសនៅលើផ្ទៃមុខ នោះវានឹងអាចបង្កើនដល់ចរន្តឈាមរត់របស់អ្នកឱ្យដំណើរការល្អ។ ជាលទ្ធផលនោះ គឺវាមានប្រសិទ្ធភាពក្នុងការបង្ការដល់សញ្ញានៃភាពចាស់មុនវ័យ។ អ្នកអាចយកដុំទឹកកកមកជូត និងត្រដុសថ្នមៗនៅលើផ្ទៃមុខរបស់អ្នកក្នុងយៈពេល1នាទី នោះវានឹងធ្វើឱ្យផ្ទៃ មុខរបស់អ្នកភ្លឺថ្លាតាមបែបធម្មជាតិជាមិនខានឡើយ។ អ្នកអាចធ្វើដូចនេះឱ្យបាន2ដងក្នុងមួយសប្តាហ៍។
2/ បំបាត់មុននៅលើផ្ទៃមុខ
ការយកដុំទឹកកកមកត្រដុសជូតថ្នមៗនៅលើផ្ទៃមុខនៃតំបន់ដែលត្រូវបានរងគ្រោះដោយសារការកើតមុន គឺវាអាចជួយកាត់បន្ថយបាននូវស្ថានភាពអាក្រក់របស់មុន។ អ្នកគួរអនុវត្តតាមវិធីនេះឱ្យបានជាបន្តបន្ទាប់ទើបអាចផ្តល់នូវផលិតផលដ៏ល្អដល់ផ្ទៃមុខរបស់អ្នក។ ចូរយកដុំទឹកកកមកត្រដុសនៅលើផ្ទៃមុខរបស់អ្នកឱ្យបាន1 ឬ2នាទី។ ប្រសិនបើនៅលើផ្ទៃមុខរបស់អ្នកត្រង់កន្លែងណាដែលហាក់មានសភាពស្ពឹក នោះអ្នកត្រូវសម្រាក1នាទីសិន រួចសឹមចាប់ផ្តើមធ្វើវាម្តងទៀត។
ការធ្វើបែបនេះ គឺអាចជួយកម្ចាត់មុនក្នុងកម្រិតស្រាលបាន ដោយប្រើពេលត្រឹមតែរយៈពេល2ថ្ងៃប៉ុណ្ណោះ ប៉ុន្តែអ្នកត្រូវប្រាកដចិត្តថា ស្បែករបស់អ្នក គឺអាចទទួលយកនូវភាពត្រជាក់បែបនេះបាន មុនពេលដែលអ្នកសម្រេចជ្រើសរើសអនុវត្តតាមវិធីនេះ ចៀសវាងមានបញ្ហាចំពោះស្បែកមុខរបស់អ្នក។
3/ ព្យាបាលការរលាកដោយសារកម្ដៅថ្ងៃ
ដុំទឹកកកអាចជួយសម្រាលដល់ស្ថានភាពនៃការរលាកនឹងកម្ដៅថ្ងៃ។ ដាក់ដុំទឹកកក2 ឬ3ដុំនៅក្នុងក្រណាត់ និងយកវាមកជូតនៅតំបន់ដែលកំពុងមានបញ្ហា ហើយសូមធ្វើបែបនេះឱ្យបាន 2ទៅ 3ដង។ វាអាចជួយសម្រាលដល់ការរមាស់ដែលបណ្តាលមកពីស្ថានភាពរលាកដោយកម្តៅថ្ងៃ។
4/ លុបលាងជាតិកង្វក់នៅលើស្បែកមុខ
អ្នកមិនចាំបាច់មានការភ្ញាក់ផ្អើលនោះទេ នៅពេលអ្នកបានឮដូចនេះ។ ដុំទឹកកក ប្រសិនបើត្រូវបានគេប្រើ វាមកត្រដុសនៅលើផ្ទៃមុខ មុនពេលអ្នកចាប់ផ្តើមលាបគ្រឿងសម្អាង គឺអាចជួយឱ្យគ្រឿងសម្អាងជាប់បានយូរ។
5/ ព្យាបាលការរលាក និងហើមភ្នែក
តើអ្នកធ្លាប់រងគ្រោះពីស្ថានភាពនៃអាការហើមប៉ោងនៅលើត្របកភ្នែក ឬរលាក និងមានសរសៃក្រហមនៅក្នុងភ្នែកដែរឬទេ? ដាក់ដុំទឹកកកមួយចំនួននៅក្នុងក្រណាត់ទន់មួយ រួចដាក់វានៅក្រោមភ្នែករបស់អ្នក។ វិធីនេះគឺអាចជួយសម្រាលនូវភាពហើមប៉ោងបាន។ ដុំទឹកកក ក៏អាចជួយសម្រាលដល់ភាពនឿយហត់របស់គ្រាប់ភ្នែក ហើយវាក៏ត្រូវបានគេប្រើសម្រាប់បញ្ហារោគសញ្ញានៃការស្ងួតគ្រាប់ភ្នែកបានផងដែរ។
6/ ធ្វើម៉ាសបិទមុខ
តើអ្នកមានធ្លាប់ប្រើម៉ាសកកត្រជាក់បិតមុខដែរឬទេ? ចូរលាយទឹកត្រសក់ និងទឹកផ្កាកូលាប។ បន្ទាប់មកដាក់វាក្លាសេឱ្យកក រួចយកវាចេញមកក្រៅ និងដាក់វាស្អំនៅលើផ្ទៃមុខរបស់អ្នក។ ម៉ាសកកត្រជាក់នេះ អាចជួយកាត់បន្ថយនូវស្នាមជាំ និងស្នាមជ្រាវ-ជ្រួញនៅលើស្បែកមុខរបស់អ្នកបាន។ ហើយវាក៏អាចជួយធ្វើឱ្យស្បែកមុខរបស់អ្នកស្រស់ថ្លាជាងមុនតាមបែបធម្មជាតិដែរ៕