នាសម័យបច្ចុប្បន្ន ចង់ឱ្យស្បែកសស្អាតតឹងណែនមិនពិបាកនោះទេ ព្រោះថាមានផលិតផលថែរក្សាសម្រស់ដែលមានគុណភាពល្អច្រើនណាស់ ដែលតម្រៀបគ្នាចាំឱ្យអ្នកប្រើប្រាស់ជ្រើសរើសទៅតាមប្រភេទស្បែករបស់ខ្លួន។ ដោយសារតែចំណូលចិត្តរបស់មនុស្សយើងមិនដូចគ្នា ហេតុនេះហើយបានជាវិធីនៃការថែរក្សា និងផ្តល់នូវភាពស្រស់ស្អាតឱ្យខ្លួនឯងមានភាពខុសប្លែកពីគ្នា។
សម្រាប់អ្នកដែលមិនចង់ចំណាយប្រាក់ច្រើនទៅលើការទិញផលិតផល ឬបារម្ភខ្លាចថា ផលិតផលដែលអ្នកប្រើអាចមិនត្រូវជាមួយប្រភេទស្បែករបស់ខ្លួននោះ ទើបធ្វើឱ្យពួកគេសុខចិត្តងាកមកថែរក្សាសម្រស់របស់ពួកគេតាមបែបសាមញ្ញវិញ បើទោះជាពួកគេបានដឹងយ៉ាងច្បាស់ហើយថា ការថែរក្សាស្បែកដោយវិធីនេះ គឺត្រូវចំណាយពេលយូរជាងការប្រើផលិតផលក៏ដោយ។ ចំពោះអ្នកដែលចាប់អារម្មណ៍ជាមួយនឹងវិធីថែរក្សាសម្រស់តាមបែបធម្មជាតិនោះ សូមតាមដានជាមួយនឹងគន្លឹះសំខាន់ៗដូចខាងក្រោម។
ស្បែកតឹងណែន
សម្រាប់អ្នកដែលនិយមចង់រក្សាស្បែកឱ្យមានភាពតឹងណែនតាមបែបធម្មជាតិ គេនិយមប្រើសារធាតុផ្សំពីធម្មជាតិមួយចំនួនដូចជា ផ្នែកពណ៌សនៃស៊ុត លាយជាមួយនឹងទឹកក្រូចឆ្មាររួចលាបនៅលើផ្ទៃមុខ លុះដល់ពេលស្ងួត គេប្រើទឹកក្តៅតិចៗលាងសម្អាតល្បាយនោះចេញរួចសម្អាតម្តងទៀតជាមួយទឹកត្រជាក់។ វិធីមួយទៀតដែលអាចជួយឱ្យស្បែកតឹងណែនល្អនោះគឺ ម៉ាសត្រសក់ និងផ្លែប៊័រ។ សារធាតុផ្សំដែលគេយកមកប្រើមានដូចជា ស៊ុតស ម្សៅទឹកដោះគោ ផ្លែប៊័រ និងផ្លែត្រសក់។
យកគ្រឿងផ្សំទាំងអស់ដាក់ចូលគ្នាកិនឱ្យម៉ដ្ឋរួចយកទៅទុកក្នុងទូទឹកកកឱ្យត្រជាក់រយៈពេលប្រមាណជា1ម៉ោង បន្ទាប់មកសឹមលាបល្បាយនោះនៅលើផ្ទៃមុខ និងក។ រួចទុកចោល30នាទី ហើយសឹមលាងវាចេញដោយទឹកក្តៅឧណ្ហៗ បន្ទាប់មកសម្អាតវាឱ្យស្អាតម្តងទៀតជាមួយទឹកត្រជាក់។
ស្បែកសស្អាត
ដោយសារតែក្រូចឆ្មារត្រូវបានប្រើប្រាស់ជាច្រើនឆ្នាំមកហើយក្នុងការជួយឱ្យស្បែក-សភ្លឺថ្លា ព្រោះវាមានជាតិអាស៊ីតដែលអាចជួយប្រែពណ៌ស្បែកពីខ្មៅមកជាសបាន។ ប៉ុន្តែដោយសារថាក្រូចឆ្មារតែម្យ៉ាងអាចបណ្តាលឱ្យស្បែករមាស់ ហេតុនេះហើយបានជាគេត្រូវការជំនួយពីទឹក ដើម្បីកាត់បន្ថយភាពកាត់របស់វា។ ទឹក និងទឹកក្រូចឆ្មារត្រូវប្រើក្នុងល្បាយស្មើគ្នា រួចយកអេប៉ុងទន់ៗមកជ្រលក់ក្នុងទឹកល្បាយនោះ ហើយលាបនៅលើស្បែករបស់អ្នក។
ទុកចោល15នាទី រួចសឹមលាងសម្អាតចេញដោយទឹកក្តៅឧណ្ហ។ ចំណែកអ្នកខ្លះ បានជ្រើសរើសម៉ាសប៉េងប៉ោះ ព្រោះគេជឿថាវាមានប្រសិទ្ធភាពក្នុងការបន្ថែមភាពសស្អាតដល់ស្បែក និងជួយការពារស្បែកពីកាំរស្មីព្រះអាទិត្យផងដែរ។ មិនមានអ្វីច្រើននោះទេ គេគ្រាន់តែយកប៉េងប៉ោះទុំកិនលាយជាមួយម្សៅ Baking Soda ទឹកឃ្មុំ រួចលាប និងត្រដុសវាថ្នមៗនៅលើផ្ទៃមុខ និងនៅបរិវេណករបស់អ្នកប្រហែល5នាទី រួចលាងសម្អាតចេញជាការស្រេច។
បើទោះជាមនុស្សមួយភាគនិយមថែរក្សាស្បែកតាមបែបធម្មជាតិក៏ដោយ ប៉ុន្តែពួកគេក៏មិនដែលបោះបង់ចោលផលិតផលថែរក្សាស្បែកទាំងស្រុងនោះដែរ។ ឡេការពារស្បែកពីកម្តៅថ្ងៃ និងក្រែមបន្ថែមសំណើមជាដើម នៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសម្រស់ស្បែករបស់ពួកគេ។ ក្រៅពីនេះពួកគេក៏នៅតែរក្សាទម្លាប់ល្អៗមួយចំនួនឱ្យបានយ៉ាងខ្ជាប់ខ្ជួនដូចជា ទទួលទានទឹក បន្លែឆៅ ផ្លែឈើស្រស់ហាត់ប្រាណ ហាត់យ៉ូហ្គា រក្សាទម្ងន់ ម៉ាស្សា ចំហុយស្បែក ការពារស្បែកពីការបំផ្លាញផ្សេងៗជាប់ជានិច្ច ដើម្បីឱ្យស្បែកនៅតែមានសភាពសស្អាតរលោងភ្លឺថ្លា៕