នៅពេលថ្មីនេះ នៅលើគណនីយូធូបរបស់ផលិតកម្មរស្មីហង្សមាស បានបង្ហោះបទចម្រៀងថ្មីរបស់អ្នកនាង ពេជ្រ សោភា ដែលមានចំណងជើងថា « កង្កែបពាក់មួក » ដែលស្ដែងឱ្យគេបានដឹងថា បទចម្រៀងថ្មីសម្រាប់អបអរសាទរបុណ្យចូលឆ្នាំប្រពៃណីខ្មែរមួយបទនេះ មានការច្នៃប្រឌិតបទភ្លេងពីរបញ្ចូលគ្នារវាងបទយីកេ និងបទចម្រៀងកុមារ។ បទមានលំនាំយីកេខ្មែរគឺមានចំណងជើងថា « បទ កាទ្រឹមបហេរ » និងបទកុមារមានចំណងជើងថា « អក្សរ ក កុក » ដែលបទទាំងពីរនេះមានដាក់បញ្ចូលនៅក្នុងកម្មវិធីសិក្សាថ្នាក់បឋមសិក្សា ហើយអ្នកនាងក៏បានយកមកច្នៃបញ្ជូលគ្នា បង្កើតបានជាបទថ្មីនោះឡើង។
សូមជម្រាបបន្ថែមថា កាលពីឆ្នាំមុនៗកន្លងទៅ តារាចម្រៀងស្រី ពេជ្រ សោភា ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដាក់បម្រាមមិនឱ្យចាក់បទចម្រៀងរបស់អ្នកនាងជាច្រើនបទ ដែលសុទ្ធសឹងជាបទមានជាប់កម្មសិទ្ធបញ្ញា ដែលនៅក្នុងនោះរួមមានបទ « ស្អាតជានិច្ច » និងបទ « កាច់ចង្កេះ » ដែលមានជាប់កម្មសិទ្ធបញ្ញាបទដើម « តាក់ទីងណឹងៗ » ។ តែយ៉ាងណាមិញ បទថ្មី « កង្កែបពាក់មួក » ក៏កំពុងតែទទួលបានការគាំទ្រខ្លាំងដែរ រហូតមកទល់ពេលនេះ មានអ្នកគាំទ្រចូលទស្សនាជាច្រើនពាន់នាក់ហើយ។ ដើម្បីឱ្យដឹងកាន់តែច្បាស់ថា « កង្កែបពាក់មួក » មានភាពកំប្លុកកំប្លែងសើចសប្បាយ និងរួមបញ្ជូលភ្លេងខ្មែរពីរោះរណ្ដំយ៉ាងណានោះ សូមស្ដាប់ និងទស្សនាវីដេអូខាងក្រោមនេះ៖