Skip to content

ម៉េចបាន ឱក សុគន្ធកញ្ញា ចង់រៀនហែលទឹកជាមួយអ្នកគ្រូរូបស្អាត វិទិនី?

ភ្នំពេញៈ មហាជនមានការងឿងឆ្ងល់ខ្លាំងទៅនឹងសាររបស់កំពូលតារាចម្រៀងស្រីនៅផលិតកម្មហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា ដែលបានបង្ហោះប្រាប់ថា ចង់រៀនហែលទឹកជាមួយគ្រូស្រីវ័យក្មេងរូបស្អាតកញ្ញា ហែម ថុនវិទិនី។ ជាមួយសារដែលកញ្ញា ឱក សុគន្ធកញ្ញា បង្ហោះនោះមានរូបនាងឈរជាមួយនឹងកញ្ញា ហែម ថុនវិទិនី ដែលបានជួបគ្នាក្នុងឱកាសទៅចូលរួមក្នុងពិធីសង្គមមួយ និងបានសរសេរថា៖ «ថតរូបជាមួយគ្រូបង្វឹកហែលទឹក។ មើលទៅបែបមិនហ៊ានអវត្តមានទេ បើអ្នកគ្រូស្អាតហើយ គួរឲ្យស្រឡាញ់អ៊ីចឹងៗនោះ។ រាត្រីសួស្តីចាស!»។

ចំណែកកីឡាការិនីហែលទឹកជម្រើសជាតិរូបស្រស់ស្អាត សម្លេងពីរោះ សម្តីស្រទន់កញ្ញា ហែម ថុនវិទិនី វិញបានបញ្ចេញអារម្មណ៍របស់ខ្លួនថា៖ «គិតម៉េចទៅបើខ្ញុំត្រូវបង្ហាត់គាត់ហែលទឹក? អ៊ីចឹងមានតែគាត់ត្រូវបង្ហាត់ខ្ញុំច្រៀងវិញ ទើបស្មើភាពគ្នា កុំឲ្យលំអៀងត្រូវអត់? Idol is love!» និងសារខ្លីមួយទៀតថា៖ «សំខាន់មានកូនសិស្សជាស្រីស្អាត ហើយល្បីទៀត»។

យ៉ាងណាមិញមហាជននៅតែចង់ដឹងថា តើហេតុអ្វីបានតារាចម្រៀងស្រីកំពូល និងជាគ្រូបង្វឹកនៃកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia និងកម្មវិធី Cambodian Idol និងតំណែងថ្មីនៃកម្មវិធី The Voice Kids Cambodia កញ្ញា ឱក សុគន្ធកញ្ញា មានបំណងចង់រៀនហែលទឹកអ៊ីចឹង?

ឡារ៉ែន មិនអាចទទួលបានការបកស្រាយពីតារាចម្រៀងស្រីល្បីក្នុងបទថ្មីជាមួយលោក ព្រាប សុវត្ថិ គឺបទ «រាំអ៊ីចេះ» របស់ផលិតកម្មហង្សមាសឡើយ។ តែគេបានគ្រាន់តែដឹងថាព័ត៌មានខ្លះពីអ្នកគ្រូបង្វឹកហែលទឹកកញ្ញា ហែម ថុនវិទិនី ថា៖ «ខ្ញុំមិនច្បាស់ពីគោលបំណងគាត់ទេ តែគ្រាន់តែឮថា គាត់ចង់ចេះហែលទឹកព្រោះជាកីឡាគាត់ចូលចិត្ត។ ចំណែកពេលវេលាចាប់ផ្តើមរៀន ក៏នៅពុំទាន់ច្បាស់ដែរដោយសារគាត់ជាប់រវល់ខ្លាំងនឹងការងារសិល្បៈពេក»៕

Leave a Reply

Your email address will not be published. Required fields are marked *