គួរឱ្យសង្រែងបំផុតដែល តារាប្រុស យក់ ដួងតារា ជាតារាចម្រៀងបែបចម្រៀងប្រពៃណី កន្រ្តឹម មនោសញ្ចេតនា ប្រចាំផលិតកម្មរស្មីហង្សមាស ត្រូវបានគេសង្កេតឃើញថា លោកពុំសូវជាមានទីផ្សារសិល្បៈដូចជាតារាចម្រៀងសម័យ ឬតារាជំនាន់ថ្មីនោះទេ ពោលគឺ លោកមិនសូវមានវត្តមានអញ្ចើញឱ្យច្រៀងតាមរយៈការប្រគំតន្រ្តីធំៗឡើយ។ បទចម្រៀងរបស់លោកទៀតសោទ ក៏មានសូវជាមានចេញគគ្រឹកគគ្រែងភ្លូកទឹកភ្លូកដីផងដែរ គេរមែងឃើញមានតែនៅក្នុងអំឡុងពេលចូលឆ្នាំតែប៉ុណ្ណោះ ឬរដូវបុណ្យធំៗជាដើម ។ ថ្មីៗនេះ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក បានបង្ហោះសាររៀបរាប់ពីអារម្មណ៍ពិត និងជីវិតនៃការតស៊ូនៅក្នុងវីថីសិល្បៈដ៏ជូរចត់នេះ ។
អតីតបេក្ខភាពប្រឡងកម្មវិធីកំពូលតារាចម្រៀង I am a singer Cambodia រូបនេះ បានរៀបរាប់ថា « ជីវិតពិតជាប្រែប្រួលទៅតាមពេលវេលាមែន! ពេលនេះខ្ញុំធ្នាក់ខ្លួនដើរលេងល្ខោនមួយយប់ដប់ពីរមុឺនរៀល ព្រោះតែមិនសូវមានឱកាសដូចក្មេងៗដែលទើបនឹងឡើងមកក្រោយៗ ម្យា៉ងឯងចាស់ហើយ ក្មេងៗគេឡើងមកជាន់ឯងលិចបាត់ងើបលែងរួច ព្រោះក្មេងៗគេចេះច្រើនជំនាញ ដូចជាខាងយុវវ័យក៏គេចេះច្រៀង ខាងបុរាណក៏គេចេះច្រៀង ខាងកន្ទ្រឹមក៏គេចេះច្រៀង ដូច្នេះសេដ្ឋកិច្ចទីផ្សារផ្នែកវិស័យលើសិល្បះចំរៀងមួយនេះត្រូវបានក្មេងៗទាញស្រូបយកស្ទើរតែទាំងស្រុង »។
លោកបានបញ្ជាក់ទាំងអារម្មណ៍ក្ដុកក្ដួលទៀតថា « រីឯអ្នកចំរៀងចាស់ៗវិញ ខ្លះនៅមានមុខ ខ្លះក៏បាត់មុខ ខ្លះក៏ទៅដាំជី ដាំស្លឹកគ្រៃ ចិញ្ចឹមមាន់ចិញ្ចឹមទា ព្រោះតែបាត់បង់ឱកាស ចំណេះដឹងនឹងទេពកោសល្យដែលមាន តិទៀតនឹងត្រូវស្លាប់ទៅតាមម្ចាស់ដែរហើយ ព្រោះតែមិនសូវមានអ្នកអើពើនិងផ្តល់តម្លៃអោយ។ (បើដើរទៅមុខ ក៏គួរតែងាកមើលក្រោយខ្លះផង) »៕