Skip to content

ក្រុមហ៊ុន 5 បោះទុន​វិនិយោគ​ដំបូង​គេ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ប៉ោយប៉ែត

បន្ទាប់ពី​រដ្ឋាភិបាល​ប្រកាស​បើក​តំបន់​សេដ្ឋកិច្ច​ពិសេស អូរ​នាង ក្រុង​ប៉ោយប៉ែត​រួចមក គេ​សង្កេតឃើញ​មាន​ក្រុមហ៊ុន​ចំនួន 5 បានចាប់ផ្តើម​បោះទុន​វិនិយោគ​ជា​ផ្លូវការ​ហើយ ដោយសារតែ​ទីតាំង​នោះ​ត្រូវបាន​គេ​មើលឃើញថា មាន​ភាពងាយស្រួល​ក្នុងការ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន។

លោក ឡុង សុ​ភ័​ណ្ឌ មន្ត្រី​តំណាង​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ប្រចាំ​រដ្ឋបាល​តំបន់​សេដ្ឋកិច្ច​ពិសេស អូរ​នាង​ប៉ោយប៉ែត បាន​បញ្ជាក់ថា បច្ចុប្បន្ន​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​អូរ​នាង ប៉ោយប៉ែត មាន​ក្រុមហ៊ុន​រោងចក្រ​ចំនួន 5 ហើយ​ដែល​បាន​ចុះបញ្ជី​ពាណិជ្ជកម្ម និង​ទទួលបាន​គោលការណ៍​អនុញ្ញាត​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា(CDC) ដើម្បី​វិនិយោគ និង​ដំណើរការ​ផលិតកម្ម។

ក្រុមហ៊ុន​ទាំងនោះ​រួមមាន៖
1.រោងចក្រ Hi -Tech Apparel (Cambodia) Co,Ltd ផលិត​សម្លៀកបំពាក់ ម៉ាក NIKE មាន​កម្មករ​សរុប​ចំនួន 2,175នាក់។
2.រោងចក្រ ML Intimate (Cambodia) Co,Ltd ផលិត​សម្លៀកបំពាក់​ក្នុង(ឈុត​ក្នុង)របស់​ស្ត្រី​មាន​កម្មករ​សរុប​ចំនួន 931នាក់ ស្រី 800នាក់។
3.រោងចក្រ CAMPACK (Cambodia) Co,
Ltd ផលិត​ប្រអប់​ដាក់​គ្រឿងអលង្ការ មាន​កម្មករ​សរុប 164នាក់ ស្រី 128នាក់។
4.រោងចក្រ Simmer Inter Co,Ltd ជា​រោងចក្រ​ផលិត​គ្រឿងអលង្ការ(បាន​ចុះកិច្ចសន្យា​សាងសង់​រួចហើយ )
5.រោងចក្រ Wire Form Precision Part Co,Ltd កំពុងដំណើរការ​សាងសង់ និង​ផលិត​ផលិតផល​អេឡិចត្រូនិក​ដែលមាន​ទិសដៅ​នាំចេញ ទៅកាន់​ទីផ្សារ​សហគម​ន៍​អឺរ៉ុប សហរដ្ឋអាមេរិក ចិន កូរ៉េ ឥណ្ឌា អូស្ត្រាលី ញី​វ​ហ្ស៊ី​លែ​ន និង​ទីផ្សារ​អាស៊ាន​មួយចំនួន។

លោក ឡុង សុ​ភ័​ណ្ឌ បានបញ្ជាក់​បន្ថែមថា ដោយមាន​ការបញ្ជាទិញ​មាន​ចំនួន​ខ្ពស់ រោងចក្រ Hi-Tech Apparel (Cambodia) បាន និង​កំពុង​សាងសង់ និង​បំពាក់​ខ្សែចង្វាក់​ផលិតកម្ម​ថែម​មួយ​អគារ​ដូចគ្នា​ទៀត ហើយ​នៅពេល​ខាងមុខឆាប់ៗនេះ យើង​នឹង​បានទទួល​រោងចក្រ​វិនិយោគ​របស់​ជប៉ុន​មួយ​បន្ថែមទៀត​ឈ្មោះ Hiro-Tech Product Cambodia ផ្នែក​ផលិត​គ្រឿង​ផ្គុំ​ខ្សែភ្លើង​រថយន្ត។

ថ្លែង​ក្នុង​ពិធី​ចុះ​ពិនិត្យ​ស្វែងយល់​ជាក់ស្តែង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​អូរ​នាង ឯកឧត្តម ហេង សុខ​គង់រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្ប​កម្មបាន​មានប្រសាសន៍ថា ការ​មក​ទស្សនកិច្ច​ផ្ទាល់​ដល់ទី​តាំង​តំបន់​សេដ្ឋកិច្ច​ពិសេស អូរ​នាង​ប៉ោយប៉ែតនេះ ដោយសារតែ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ព្រំដែន​ប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​នេះ​កំពុងមាន​សក្តានុពល​ខ្លាំង​ក្នុងការ​ទាក់ទាញ​ការវិនិយោគ​បន្ថែម​ពី​វិនិយោគិន​បរទេស ដូចជា​ថៃ ចិន និង​ជប៉ុន ជាដើម។ ពីព្រោះ​ការផលិត​នៅ​កម្ពុជាត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារធំៗលើ​ពិភពលោក​ដោយ​មិន​ជាប់ពន្ធ និង​កូតា ហើយក៏​ជាការ​ជំរុញ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម 2015-2025 របស់​កម្ពុជា​ឱ្យសម្រេចបាន​លទ្ធផល​ល្អប្រសើរ​ដែរ។

ក្នុង​គោលដៅ​លើកកម្ពស់​ជីវភាព​កម្ម​ករ ឯកឧត្តមហេង សុខ​គង់ បាន​ណែនាំ​ដល់​ម្ចាស់​រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ សូម​បន្ត​យកចិត្តទុកដាក់​ការពារ​សិទ្ធិ​ការងារ និង​សិទ្ធិ​របស់​កម្មករ លើកកម្ពស់​បរិយាកាស​ល្អប្រសើរ​ក្នុង​រោងចក្រ ធ្វើ​អាង​ប្រព្រឹត្តិកម្ម​បង្ហូរ​កាកសំណល់ ឱ្យស្រប​តាម​បទដ្ឋាន​បច្ចេកទេស និង​បង្កើត​សហជីព​ស្របតាម​គោលការណ៍​ច្បាប់​ជាដើម​ផង៕

Leave a Reply

Your email address will not be published. Required fields are marked *