លោក Antonio Conte គ្រូបង្វឹករបស់ Chelsea បានច្រានចោលពាក្យចចាមអារ៉ាមផ្សេងៗដែលថា លោកត្រូវបានគេទាក់ទងឲ្យផ្ទេរទៅដឹកនាំក្លិប Inter Milan ខណៈដែលក្រុមរបស់លោកកំពុងតែត្រៀមសម្រាប់ការប្រកួតនៅលើទឹកដីក្រុម West Bromwich Albion នៅរាត្រីនេះ និងបើសិនដណ្តើមបានជ័យជម្នះ នឹងធ្វើឲ្យក្រុមតោខៀវ ឈ្នះពានក្របខ័ណ្ឌ Premier League តែម្តង។ ការដណ្តើមបានជ័យជម្នះនៅកីឡដ្ឋាន The Hawthorns នឹងធ្វើឲ្យក្រុម Chelsea ក្លាយជាម្ចាស់ជើងឯកក្នុងរដូវកាលជាលើកទី១របស់លោក Conte ក្នុងនាមជាគ្រូបង្វឹករបស់ក្លិបស្ថិតក្នុងទីក្រុងឡុងដ៍មួយនេះ ក៏ដូចជាធ្វើឲ្យពួកគេស្ថិតលើផ្លូវឆ្ពោះទៅកាន់ការឈ្នះពានពីរក្នុងរដូវកាលតែមួយ ខណៈដែល Chelsea ក៏ត្រូវប៉ះជាមួយនឹងក្រុម Arsenal ក្នុងពាន FA Cup វគ្គផ្តាច់ព្រ័ត្រ ផងដែរ។
Chelsea កំពុងនាំមុខ៧ពិន្ទុដាច់លើក្រុមឈរលេខ២ Tottenham Hotspurs និងត្រូវការត្រឹមតែ៣ពិន្ទុទៀតប៉ុណ្ណោះពីការប្រកួតក្នុងលីក៣ប្រកួតចុងក្រោយរបស់ពួកគេ នៅរដូវកាលនេះ ដើម្បីឈ្នះពាន Premier League។ ប៉ុន្តែបើទោះបីលោក Conte បានជួបលទ្ធផលយ៉ាងល្អឥតខ្ចោះនៅឯកីឡដ្ឋាន Stamford Bridge ក៏ដោយ ក៏វានៅតែមាននូវពាក្យចចាមអារ៉ាមផ្សេងៗថា លោក អាចនឹងវិលទៅកាន់ប្រទេសអ៊ីតាលីរបស់លោកវិញ។ គ្រូបង្វឹករូបនេះត្រូវបានគេទាក់ទងឲ្យទៅដឹកនាំក្លិប Inter ចាប់តាំងពីក្លិបយក្សរបស់អ៊ីតាលីមួយនេះបានបណ្តេញលោក Stefano Pioli ចេញពីតំណែងកាលពីដើមរដូវកាលនេះ។ លោក Conte បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា៖ «ខ្ញុំនៅសល់រយៈពេល២ឆ្នាំទៀតក្នុងកិច្ចសន្យារបស់ខ្ញុំជាមួយនឹង Chelsea។ វាពិតជារឿងដ៏ត្រឹមត្រូវណាស់ នៅពេលដែលអ្នកចាប់ផ្តើមធ្វើការជាមួយនឹងក្លិបថ្មីមួយ ហើយឆន្ទៈរបស់អ្នកគឺការបន្តធ្វើការងារនេះ និងបង្កើនការងាររបស់ពួកគេឲ្យបានច្រើនឆ្នាំ។ ពិតណាស់ នេះគឺជាឆន្ទៈរបស់ខ្ញុំ»។ គោលដៅជាអាទិភាពនៅពេលនេះ គឺការឈ្នះពាន Premier League ហើយការរងបរាជ័យរបស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur នៅលើទឹកដីក្រុម West Ham United កាលពីសប្តាហ៍មុន ស្របពេលដែលក្រុម Chelsea បានយកឈ្នះលើក្រុម Middlesbrough កាលពីថ្ងៃចន្ទ បានកាត់បន្ថយសម្ពាធក្នុងការប្រជែងពានតែម្តង។
Chelsea នឹងឈានទៅកាន់ការប្រកួតនេះ ក្រោយពីឈ្នះដល់ទៅ៤លើកជាប់ៗគ្នា និងចាញ់តែមួយលើកគត់ពីការប្រកួត៥លើកចុងក្រោយរបស់ពួកគេ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង២ទៀបភ្លឺ៕
ប្រភពពី៖ Sports.yahoo