តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាស្រីល្បីឈ្មោះ ពេជ្រ សោភា នៅពេលថ្មីនេះ បានបង្ហោះសារចាក់ដោតអារម្មណ៍យ៉ាងខ្លាំង ដែលស្ដែងឱ្យគេឃើញថា អ្នកនាងជាមនុស្សម្នាក់មានទំនួលខុសត្រូវ មិនខ្លាចចំពោះពាក្យរិះគន់ទាំងអស់ ព្រោះអ្នកនាងអះអាងថា « ម៉េចគិតថាមនុស្សម្នាក់ៗធ្វើត្រូវគ្រប់រឿងមែន? »។
យ៉ាងណាមិញ ការបង្ហោះសារមួយនេះបានធ្វើឱ្យមហាជនលោកងឿងឆ្ងល់ថា នេះអាចជាការតបត ឬប្រតិកម្មចំពោះមតិរិះគន់នូវចង្វាក់បែកស្លុយឬយ៉ាងណា? ព្រោះថា អ្នកនាងក៏មានចំណែកមួយនៃការផលិតបទបែបចង្វាក់ស្លុយ ហើយលាយលំចង្វាក់ភ្លេងប្រពៃណីខ្មែរផងដែរ។ ក្នុងសារនោះបានបញ្ជាក់ថា « ធ្វើជាមនុស្សហេតុអីត្រូវខ្លាចពាក្យរិះគន់ ។ ម៉េចគិតថាមនុស្សម្នាក់ៗធ្វើត្រូវគ្រប់រឿងមែន? ខ្ញុំខុសគេ បើគេថាយើងត្រូវមើលខ្លួនឯង កន្លែងណាមិនល្អកែទៅ ត្រូវទេ?»។
គួរបញ្ជាក់ផងដែរថា សារព័ត៌មានឡារ៉ែន នៅពុំអាចទាក់ទងតារាស្រីរូបនេះ សុំការបញ្ជាក់បន្ថែមអំពីសារចាក់ដោតអារម្មណ៍មួយបាននៅឡើយទេ។ យ៉ាងណាមិញ បទចម្រៀង « បីឆ្កែចូលរាំ » របស់អ្នកនាង ពេជ្រ សោភា កំពុងតែទទួលបានប្រជាប្រិយភាពខ្លាំងពិតមែន មកទល់ពេលនេះ មានអ្នកចូលទស្សនារាល់លាននាក់ហើយ៕