វិស័យទេសចរណ៍គឺជាឧស្សាហកម្មគ្មានផ្សែង ឬមានផ្សែងតិចតួចដែលអាចរកចំណូលចូលជាតិបានរាប់លានដុល្លារក្នុងមួយឆ្នាំៗ ជាក់ស្តែងនៅរយៈពេលពេញមួយឆ្នាំ2017កន្លងទៅនោះ គ្រឹះស្ថានអង្គររកចំណូលបានចំនួនជាង 100លានដុល្លារ អាមេរិកពីការលក់សំបុត្រជូនភ្ញៀវទេសចរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរកាលពីសប្តាហ៍មុននេះបានឱ្យដឹងថា ក្នុងឆ្នាំ2017កន្លងទៅ គ្រឹះស្ថានអង្គរលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិបានចំនួន 2.45លាននាក់មានកំណើន11.8% ធៀបនឹងឆ្នាំ2016 និងទទួលបានចំណូលសរុបចំនួន 108លានដុល្លារអាមេរិក មានកំណើន72.5% ធៀបនឹងពេលដូចគ្នាក្នុងឆ្នាំ2016។
ដើម្បីទាក់ទាញភ្ញៀវទេសចរ គ្រឹះស្ថានអង្គរបានដាក់ឱ្យដំណើរការនូវប្រព័ន្ធព័ត៌មានវិទ្យាថ្មី ដែលសម្រួលដល់ការផ្តល់សេវាលក់ប័ណ្ណជូនភ្ញៀវទេសចរអន្តរជាតិឱ្យកាន់តែមានភាពងាយស្រួលឡើង ក៏ដូចជាការបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងការលក់ប័ណ្ណឱ្យកាន់តែប្រសើរឡើងថែមទៀតដែរ។ គ្រឹះស្ថានអង្គរបានដាក់ឱ្យដំណើរការនូវការទូទាត់ការទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរតាមរយៈប្រព័ន្ធអេឡិចត្រូនិកពីខែសីហា ឆ្នាំ2017មក ដោយភ្ញៀវទេសចរអន្តរជាតិអាចប្រើប្រាស់ប័ណ្ណឥណទាន (Credit Card) ឬប័ណ្ណឥណពន្ធ(Debit Card) ដូចជា Visa Card, Master Card, Union Pay JCB និងDiners Club ជាដើម។
ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិទី1 លើកទី7 របស់គ្រឹះស្ថានអង្គរក្រោមអធិបតីភាពឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានដាក់គោលការណ៍បន្ថែមមួយចំនួនទៀតក្នុងការបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាការលក់ប័ណ្ណឱ្យកាន់តែប្រសើរឡើងថែមទៀត ក្នុងនោះគ្រឹះស្ថានអង្គរបាននិងកំពុងធ្វើទំនើបកម្មប្រព័ន្ធលក់ប័ណ្ណរបស់ខ្លួនឱ្យកាន់តែទំនើបថែមឡើងទៀតឱ្យស្របតាមស្តង់ដារអន្តរជាតិ ដែលនឹងអាចផ្តល់នូវតួលេខនៃការលក់ប័ណ្ណបានភ្លាមៗ (Real Time) សម្រាប់ជាការបង្ហាញនូវភាពច្បាស់លាស់ក្នុងការគ្រប់គ្រងទិន្នន័យ ធានាបាននូវតម្លាភាព និងគណនេយ្យភាពផងដែរ។
គួរបញ្ជាក់ថា នៅត្រីមាសទី2 ឆ្នាំ2018ខាងមុខ គ្រឹះស្ថានអង្គរក៏គ្រោងនឹងដាក់ឱ្យដំណើរការការលក់សំបុត្រតាមអនឡាញ(Online)ផងដែរ ដោយការលក់សំបុត្រតាមអនឡាញនេះនឹងធ្វើឱ្យភ្ញៀវទេសចរមានភាពងាយស្រួលអាចទិញសំបុត្របាននៅពេលណា និងនៅទីកន្លែងណាក៏បាន។
ពាក់ព័ន្ធនឹងករណីនេះ លោក ហូ វណ្ឌី ប្រធានក្រុមហ៊ុនទេសចរណ៍ World Express Co.,Ltd បានថ្លែងគាំទ្រចំពោះចំណាត់ការរដ្ឋាភិបាលក្នុងការដាក់ឱ្យដំណើការលក់សំបុត្រតាមប្រព័ន្ធអនឡាញនេះ ព្រោះវាបានផ្តល់នូវភាពងាយស្រួលទៅដល់អ្នកទេសចរដែលពួកគេអាចទិញសំបុត្របានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងដែលជាគោលនយោបាយមួយទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យចូលមកទស្សនាកម្ពុជាយើងកាន់តែច្រើនឡើង។
លោកមានប្រសាសន៍ថា កន្លងមកភ្ញៀវទេសចរដែលចង់ចូលមកកម្ពុជា លុះត្រាតែមកទិញសំបុត្រនៅទីនោះផ្ទាល់ ឬទិញតាមរយៈភ្នាក់ងារទេសចរណ៍ តែនៅពេលដាក់ដំណើរការលក់សំបុត្រតាមអនឡាញនេះ ភាពស្មុគស្មាញទាំងឡាយនឹងត្រូវលុបបំបាត់អស់ជាមិនខាន។
ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ និងការគិតគូរបន្ថែមទៀតរបស់រាជរដ្ឋាភិបាល ក្នុងការជួយដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់មន្ទីរពេទ្យគន្ធបុប្ផា រាជរដ្ឋាភិបាលបានសម្រេចផ្តល់ថវិកាឧបត្ថម្ភបន្ថែមជូនដល់មូលនិធិគន្ធបុប្ផា ដោយប្រើប្រាស់ចំណូលដែលទទួលបានពីការដំឡើងថ្លៃប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរចំពោះភ្ញៀវទេសចរបរទេសក្នុងមួយនាក់ 2ដុល្លារ ជូនដល់មូលនិធិគន្ធបុប្ផាដែលក្នុងឆ្នាំ2017កន្លងទៅ ឧបត្ថម្ភបានចំនួន 4.34លានដុល្លារអាមេរិក។
សូមបញ្ជាក់ថា ក្នុងឆ្នាំ2017កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួនជាង 5.6 លាននាក់ កើនឡើង11.8% និងភ្ញៀវទេសចរក្នុងស្រុកមានចំនួន11លាននាក់បានរួមចំណែកប្រមាណ 14ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជា៕