Skip to content

ឯកឧត្តម ស៊ូ សុជាតិ៖ ផ្សា​រមូល​ប​ត្រ គឺជា​សរសៃឈាម​សេដ្ឋកិច្ចជាតិ

ផ្សារភាគហ៊ុន​ត្រូវបាន​បង្កើតឡើង​តាំងពី​ខែកក្កដា ឆ្នាំ2011 ហើយ​រហូតមកទល់​ពេលបច្ចុប្បន្ន​មាន​ក្រុមហ៊ុនធំៗចំនួន5 បាន​ចុះបញ្ជី​សហការ​ចូលរួម​គាំទ្រ​ជា​ផ្លូវការ​ដែលជា​ចលករ​ជំរុញ​ឱ្យ​ផ្សារភាគហ៊ុន​នៅ​កម្ពុជា​កាន់តែ​រីកចម្រើន​ទៅមុខ។

ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយក​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​មានប្រសាសន៍​ក្នុង​ពិធី​ពិព័រណ៍​ផ្សារភាគហ៊ុន “My First Stock” កាលពី​ចុង​សប្តាហ៍​មុន​បានឱ្យដឹងថា ការចូលរួម​ក្នុង​ផ្សា​រមូល​ប​ត្រ​មិន​ត្រឹមតែ​ជា​ជម្រើស​វិនិយោគ​ដ៏​មាន​សក្តានុពល​ក្នុង​ផែនការ​ហិរញ្ញវត្ថុ​គ្រួសារ និង​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​ទេ​តែ​ថែមទាំង​ជាការ​ចូលរួម​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ដោយហេតុថា ទីផ្សារ​មូល​ប​ត្រ គឺជា​សរសៃឈាម​សេដ្ឋកិច្ច​ដែលមាន​ភាពរស់រវើក​តាមរយៈ​ការ​ចល័ត​នូវ​មូលធន​ទំហំ​តូច និង​ធំ​នៅក្នុង​សេដ្ឋកិច្ច​ទៅដល់​បុគ្គល​ដែលមាន​តម្រូវការ​សាច់ប្រាក់។

ឯកឧត្តម​បន្តថា ព្រម​ជាមួយនឹង​ការចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ សាធារណជន ឬ​វិនិយោគិន​ក៏​ទទួលបាន​នូវ​អត្ថប្រយោជន៍​ជាច្រើន​ផ្សេងទៀត​ដែរ ដូចជា​ជម្រើស​ក្នុងការ​វិនិយោគ ការកាត់បន្ថយ​ហានិភ័យ​នៅក្នុង​ការវិនិយោគ ទទួលបាន​ចំណេញ​មូលធន​តាមរយៈ​ការទិញ-លក់​មូល​ប​ត្រ មាន​សិទ្ធិ​ក្នុងការ​បំប្លែង​ជា​សាច់ប្រាក់ ព្រមទាំង​បង្កើន​ឱកាស​ការងារ​ក្នុងស្រុក​នៅពេលដែល​ក្រុមហ៊ុន​ទទួលបាន​ដើមទុន​រយៈពេល​វែង​ដើម្បី​ពង្រីក​នូវ​ប្រតិបត្តិការ​អាជីវកម្ម​ផ្ទាល់ខ្លួន​ទៀតផង។

ដោយឡែក ឯកឧត្តម ហុង សុ​ហួរ អគ្គនាយក​នៃ​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា​ក៏បាន​លើកឡើង​ដែរ​ថា នៅ​ដើមឆ្នាំ2018នេះ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​បានរៀបចំ​ដាក់ឱ្យ​ដំណើរការ​នូវ​វិធីសាស្ត្រ​ជួញដូរ​តាមរយៈ​ការចរចា​ទីផ្សារ និង​ការដំឡើង​ដែន​កំណត់ 5% ទៅ10% និង​ការដាក់ឱ្យ​អនុវត្ត​វិធាន​ប្រតិបត្តិការ​របស់ ផ.ម.ក ពាក់ព័ន្ធ​មូល​ប​ត្រ​បំណុល។ ស្របតាម​កំណើន​នៃ​ការប្រើប្រាស់​ទូរស័ព្ទ​ចល័ត​ទំនើប និង​អ៊ី​ន​ធើ​ណិ​ត ក្រុមហ៊ុន​នឹង​រៀបចំ​ឱ្យមាន​ការជួញដូរ​តាម​អន​ឡាញ​នៅពេលឆាប់ៗខាងមុខនេះ។

ឯកឧត្តម​បានបញ្ជាក់​ដូច្នេះ​ថា “ការទិញ​លក់​តាម​ប្រព័ន្ធ​អន​ឡាញ​នឹង​ផ្តល់​ភាពងាយស្រួល និង​សេរីភាព​ដល់​វិនិយោគិន​ក្នុងការ​ជួញដូរ​ដោយផ្ទាល់​នៅលើ​ទីផ្សារ និង​វិសាលភាព​នៃ​ការផ្សព្វផ្សាយ​ព័ត៌មាន​ទាន់ពេលវេលា។ ហើយ​ដើម្បីឱ្យ​សាធារណជន​ក៏ដូចជា​វិនិយោគិន​អាច​ទទួលបាន​ព័ត៌មាន​ដោយ​ងាយស្រួល អំពី​ផ្សារភាគហ៊ុន ផ្សា​រមូល​ប​ត្រ​កម្ពុជា​បាន​បង្កើត​គេហទំព័រ PhsarHun.com និង​កម្មវិធី​ឈ្មោះថា “ផ្សារ​ហ៊ុន App” ដែល​អនុញ្ញាតឱ្យ​សាធារណជន​យល់ដឹង​ពី​ការវិនិយោគ​ភាគហ៊ុន​ដែលមាន​ភាពងាយស្រួល​ជាង​មុន។

កម្មវិធី​ផ្សារភាគហ៊ុន​បានដាក់​បញ្ចូល​ព័ត៌មាន​ចាំបាច់​អំពី​ក្រុមហ៊ុន​ចុះបញ្ជី​ថ្លៃ​ភាគហ៊ុន និង​ទិន្នន័យទីផ្សារ​ជាក់ស្តែងភ្លាមៗ សៀវភៅ​អេឡិចត្រូនិក និង​ឯកសារផ្សេងៗសម្រាប់​ដោ​ន​ឡូត​ដោយ​មិន​គិតថ្លៃ។ ព័ត៌មាន​ទាន់​ហេតុការណ៍ និង​អត្ថបទល្អៗរួមទាំង​ការវិភាគ Chat room សម្រាប់​សាធារណជន​ពិភាក្សាគ្នា​អំពី​បញ្ហា​នានា។ល។

ឯកឧត្តម​បណ្ឌិត ហ៊ាន សា​ហ៊ី​ប រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​បាន​លើកឡើងថា បទពិសោធ​នៃ​ការចាប់ផ្តើម​ទីផ្សារ​ភាគហ៊ុន​នៅ​បរទេស​ក្នុងដំណាក់កាល​ដំបូង​គឺជា​ការលំបាក​ដែល​តម្រូវឱ្យមាន​ការខិតខំ ធ្វើយ៉ាងណា​ឱ្យ​ផ្សារ​មួយ​នេះ​បាន​ដំណើការ​នូវ​តួនាទី​ដ៏​សំខាន់​មួយ​ក្នុងការ​កៀងគរ​មូលធន​ការជំរុញ​ការវិនិយោគ​រីកលូតលាស់​របស់​វិស័យ​ឯកជន​ដោយ​ពិតប្រាកដ។

ទន្ទឹមនឹង​ការរីកចម្រើន ផ្សារភាគហ៊ុន​ក៏​កើតឡើង​នូវ​សញ្ញាប័ណ្ណ​សាជីវកម្ម និង​ទីផ្សារ​សញ្ញាប័ណ្ណ​រដ្ឋ​ដែល​នឹង​លេចចេញ​ជា​រូបរាង​ឡើង​នៅ​ឆ្នាំ2019 ខាងមុខ ស្របតាម​ទិសដៅ​នៃ​ការអភិវឌ្ឍ​ទីផ្សារ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា។

ជារួម ការផ្សព្វផ្សាយ​សញ្ញាប័ណ្ណ​រដ្ឋ និង​ជួយ​ដល់​ការរីកចម្រើន​មួយកម្រិត​ទៀត​នៃ​វិស័យ​មូល​ប​ត្រ​ក៏ដូចជា​វិស័យ​ហិរញ្ញវត្ថុ​ទាំងមូល​ផងដែរ។ ក្រៅពីនេះ​ផ្សារ​មូល​ប​ត្រ​កម្ពុជា​ក៏បាន​ខិតខំ​អភិវឌ្ឍ​កម្មវិធី​ជាច្រើន​ទៀត​ដើម្បី​ជួយ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម បង្កើន​សកម្មភាព​ជួញដូរ​តាម​ប្រព័ន្ធ​ទូរស័ព្ទដៃ ទីផ្សារ និង​ការរៀបចំ​ផ្សា​រមូល​ប​ត្រ​ក្នុង​កិច្ចប្រឹងប្រែង​យ៉ាងសកម្ម​ធ្វើឱ្យ​ផ្សា​រមូល​ប​ត្រ​កាន់តែ​រីក​ធំធាត់​វិ​វ​ឌ្ឍ​ទៅមុខ​យ៉ាង​លឿន និង​កាន់​តែមាន​សក្តានុពល​ទៅមុខ។

នៅក្នុង​ពិព័រណ៍​កាលពី​សប្តាហ៍​មុននេះ គេ​ឃើញ​មាន​ក្រុមហ៊ុន​ចំនួន5 បាន​ចូលរួម​សហការ​ជាមួយ​ផ្សារភាគហ៊ុន​ដែល​ក្រុមហ៊ុន​ទាំងនោះ​រួមមាន រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ក្រុមហ៊ុន ហ្គ្រេ​ន ធ្វី​ន អ៊ី​ន​ធឺ​ណេ​សូណ​ល (ខេ​ម​បូ​ឌា) ភីអិលស៊ី កំពង់ផែ​ស្វយ័ត​ភ្នំពេញ ក្រុមហ៊ុន​ភ្នំពេញ អេស​អ៊ី​ហ្សិត ភីអិលស៊ី និង​កំពង់ផែ​ស្វយ័ត​ព្រះសីហនុ ដោយមាន​ការសហការ​ពី Park Café និង​កាសែត​ឡា​រ៉ែ​ន​ពាណិជ្ជ​ផងដែរ។

ចំណែក​ក្រុមហ៊ុន​មូល​ប​ត្រ​មាន4 គឺ​ក្រុមហ៊ុន​មូល​ប​ត្រ អេស​ប៊ី​អាយ រ៉ូយ៉ាល់ ស៊ី​ឃ្យូ​រី​ធី ក្រុមហ៊ុន​មូល​ប​ត្រ យាន់​តា ស៊ី​ឃ្យូ​រី​ធី (ខេ​ម​បូ​ឌា) ក្រុមហ៊ុន​មូល​ប​ត្រ​កម្ពុជា ស៊ី​ឃ្យូ​រី​ធី និង​ក្រុមហ៊ុន​មូល​ប​ត្រ ហ្គោល​ឌិន​ហ្វ័​រ​ឈូ​ន(ខេ​ម​បូ​ឌា) ស៊ី​ឃ្យូ​រី​ធី៕

Leave a Reply

Your email address will not be published. Required fields are marked *