ប្រាក់រៀលខ្មែរត្រូវបានដាក់ឱ្យចរាចរឡើងវិញ នៅលើទីផ្សារក្នុងប្រទេសកម្ពុជា ចាប់តាំងពីថ្ងៃទី20 ខែមិនា ឆ្នាំ1980កន្លងមក បន្ទាប់ពីការអាក់ខានចរាចរអស់រយៈពេលជាច្រើនឆ្នាំ ក្រោយពីកើតមានសង្គ្រាមក្នុងប្រទេស។ បច្ចុប្បន្នយើងសង្កេតឃើញថា ការចាយប្រាក់រៀលរបស់ប្រជាជនខ្មែរនៅមិនទាន់មានភាពទូលំទូលាយគ្រប់ទីកន្លែងនោះទេ ភាពច្រើនជាប្រជាជនសាមញ្ញដែលមានជីវភាពមធ្យម និងក្រោមមធ្យមអាចចាយប្រាក់រៀលលើស50%បើធៀបនឹងប្រាក់ដុល្លារ។
តើការចាយប្រាក់រៀលមានសារៈសំខាន់ដល់ប្រទេសជាតិយើងដូចម្តេចខ្លះ?
លោកបណ្ឌិត ឃូ វុឍ្ឍី អគ្គនាយករងបច្ចេកទេស និងជាប្រធាននាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ច និងសហប្រតិបត្តិការអន្តរជាតិ នៃធនាគារជាតិនៃកម្ពុជាមានប្រសាសន៍ថា ដើម្បីជំរុញឱ្យមានការប្រើប្រាស់ប្រាក់រៀលកាន់តែទូលំទូលាយ ធនាគារជាតិតែង រៀបចំកម្មវិធីទិវាប្រាករៀល ដើម្បីអបអរសាទរការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញរៀងរាល់ថ្ងៃទី20 ខែមីនា ជារៀងរាល់ឆ្នាំ ដែលការធ្វើឡើងនេះដើម្បីឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងភាគីរដ្ឋាភិបាលនិងវិស័យឯកជន ព្រមទាំងសាធារណជនអាចបានចូលរួមក្នុងកម្មវិធីខាងលើ ដើម្បីយល់ដឹងពីវឌ្ឍនភាពថ្មីៗ ដែលរាជរដ្ឋាភិបាល និងធនាគារជាតិកំពុងយកចិត្តទុកដាក់ខិតខំប្រឹងប្រែងធ្វើកន្លងមក សម្រាប់លើកកម្ពស់ប្រាក់រៀលខ្មែរ បង្កើនការយល់ដឹងទៅដល់សាធារណជនក្នុងការប្រើប្រាស់ប្រាក់រៀលឱ្យបានកាន់តែទូលំទូលាយ។
ធនាគារជាតិនៃកម្ពុជាក៏បានបង្កើតជាសៀវភៅអប់រំ និងចំណេះដឹងអំពីសារៈសំខាន់នៃការប្រើប្រាស់ប្រាក់រៀល (Booklet) ដែលមានអត្ថប្រយោជន៍ជាច្រើន ដូចជាការរក្សាស្ថិរភាពតម្លៃ កាត់បន្ថយថ្លៃដើមលើការចំណាយប្រតិបតិ្តការ ជំរុញពាណិជ្ជកម្មនិងការវិនិយោគ លើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធសុខមាលពសង្គម ជំរុញបរិយាប័ន្នហិរញ្ញវត្ថុ គរពូនប្រាក់បម្រុងអន្តរជាតិ ចំណូលបោះពុម្ពក្រដាសប្រាក់ បង្ការការក្លែងក្រដាសប្រាក់ជាដើម។ល។
លោកបណ្ឌិត មានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្មក៏បានជំរុញទៅដល់ហាងលក់ទំនិញគ្រប់ប្រភេទឱ្យបិទតម្លៃទំនិញជាប្រាក់រៀល ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរងាយស្រួលទិញទំនិញជាប្រាក់រៀល។ លើសពីនេះកាលពីឆ្នាំ2017 ធនាគារជាតិក៏បានចេញសេចក្តីប្រកាសដល់គ្រប់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឱ្យផ្តល់កម្ចីជាប្រាក់រៀលយ៉ាងហោចឱ្យបាន10%នៃប្រាក់កម្ចីសរុប ដែលសេចក្តីប្រកាសនេះត្រូវកំណត់ពេលអនុវត្តឱ្យបានត្រឹមចុងឆ្នាំ2019ខាងមុខ។ ធនាគារជាតិក៏បានលើកទឹកចិត្តក្នុងការកាត់បន្ថយថ្លៃដើមក្នុងការផ្ទេរប្រាកផ្សេងៗ “យើងបានជួយសម្រួលច្រើនមែនទែន ពេលណាឆ្លងកាត់ធនាគារជាតិ យើងជួយឱ្យការចំណាយថ្លៃដើមប្រតិបត្តិការទាបជាងប្រាក់ដុល្លារ។
មួយវិញទៀតធនាគារជាតិ ក៏បានផ្តល់ប្រតិបត្តិការផ្តល់សន្ទនីយភាពជាប្រាក់រៀល ដោយមានការធានាក្នុងការដាក់ឱ្យធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដាក់ដេញថ្លៃប្រាក់រៀលជារៀងរាល់ខែ ដោយកំណត់អត្រាការប្រាក់ទាបសមស្រប ដើម្បីយកប្រាក់រៀលទៅធ្វើប្រតិបត្តិការផ្សេង។ តាមរយៈប្រតិបត្តិការនេះ ធនាគារជាតិបានលើកទឹកចិត្តឱ្យគ្រឹះស្ថានទាំងអស់អាចយកប្រាក់ដុល្លារមកតម្កល់ដើម្បីយកប្រាក់រៀលទៅប្រើប្រាស់នៅក្នុងប្រតិបត្តិការរបស់ខ្លួន។
ធនាគារជាតិនៃកម្ពុជាបានលើកទឹកចិត្តដល់អ្នកប្រើប្រាស់ទាំងឡាយ ដោយលោកបានបញ្ជាក់ដូច្នេះថា “អ៊ីចឹងកន្លងមកយើងបានបោះពុម្ពក្រដាសប្រាក់ថ្មីៗដើម្បីជំនួសក្រដាសប្រាក់ចាស់ៗ ដើម្បីបង្កើនសុវត្ថិភាព បង្កើនសោភ័ណភាព និងមានគុណភាពល្អជាងមុន” ហើយធនាគារជាតិក៏មានបើកឱ្យប្រជាពលរដ្ឋអាចយកក្រដាសប្រាក់ចាស់ៗមកដូរយកក្រដាស់ប្រាក់ថ្មីដោយឥតគិតថ្លៃនៅរៀងរាល់ម៉ោងធ្វើការផងដែរ។
ក្រៅពីការលើកទឹកចិត្តឱ្យមានការចាយប្រាក់រៀលនៅក្នុងប្រទេសឱ្យបានកាន់តែច្រើនធនាគារជាតិ ក៏បានសហការជាមួយធនាគារកណ្តាលចិននៅខេត្តគ័ងស៊ី ក្នុងការផ្លាស់ប្តូរប្រាក់រៀល និងប្រាក់យន់ចិន ហើយកំពុងសិក្សាជាមួយធនាគារកណ្តាលថៃនៅពេលខាងមុខ។ លោកថា ការធ្វើដូច្នេះ គឺជាយុទ្ឋសាស្ត្រមួយក្នុងការពង្រីកវិសាលភាពនៃចរាចរណ៍ប្រាក់រៀល របស់អ្នកនាំចេញ និងអ្នកនាំចូល និងជួយសម្រួលដល់អ្នកវិនិយោគបរទេស កុំឱ្យមានការខាតបង់ចំពោះអត្រាប្តូរប្រាក់ ដោយអ្នកវិនិយោគចិន ឬថៃ មិនចាំបាច់យកប្រាក់យន់ឬប្រាក់បាតថៃ ទៅប្តូរយកដុល្លារជាមុននោះទេ តែអាចប្តូរជាមួយប្រាក់រៀលបានតែម្តង។
ក្រោយពីការប្រកាស និងដាក់វិធានការឱ្យចរាចរប្រាក់រៀលនេះ នៅតាមបណ្តាហាងលក់ទំនិញផ្សេងៗ គេសង្កេតឃើញថា ម្ចាស់ហាងបានអនុវត្តដោយបានបិទថ្លៃទំនិញជាប្រាក់រៀលកាន់តែច្រើនឡើងៗដូចជានៅហាងលក់នំបុ័ង Tous Les Jours និងផ្សារទំនើប អ៊ីអន(AEON) ក៏ដូចជាផ្សារទំនើបឡាក់គី (Lucky Super Market) ជាដើម។ល។ មកទល់បច្ចុប្បន្នការចាយប្រាក់រៀល មានកំណើនកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងនោះភាគច្រើនចាយដោយប្រជាពលរដ្ឋជនបទ និងពលរដ្ឋមានចំណូលមធ្យម និងសហគ្រាសខ្នាតតូច និងមធ្យមផងដែរ។
ដោយឡែកសម្រាប់អ្នកវិនិយោគធំៗដូចជា អ្នកជំនួញផ្នែកពាណិជ្ជកម្ម និងអចលនទ្រព្យជាដើមគឺពួកគាត់ភាគច្រើនចាយជាប្រាក់ដុល្លារ ប៉ុន្តែទោះយ៉ាងនោះក្តីការចាយប្រាក់រៀលក្នុងជីវភាពប្រចាំថ្ងៃនៅតែមានចំនួនច្រើនជាង 50% បើធៀបជាមួយប្រាក់ដុល្លារ ដែលកំពុងចរាចរនៅលើទីផ្សារក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។
លោកបណ្ឌិត មានប្រសាសន៍ថាប្រសិនបើប្រជាពលរដ្ឋយើងផ្លាស់ប្តូរទម្លាប់ពីការចាយប្រាក់ដុល្លារមកចាយប្រាក់រៀលសុទ្ធ៖ ទី1ធ្វើឱ្យយើងចំណេញលើ (Seigniorage) គឺចំណេញ លើតម្លៃនៃការបោះពុម្ព ឧទាហរណ៍តម្លៃចារិកលើក្រដាសប្រាក់ 10,000 រៀល យើងចំណាយ ថ្លៃដើមនៃការបោះពុម្ពអស់ 10 រៀល ចឹងនៅសល់ 9,990 រៀលគឺជាការចំណេញ (Seigniorage) ដូច្នេះបើយើងបោះពុម្ពប្រាក់រៀល ហើយយើងចាយប្រាក់រៀលកាន់តែច្រើនធ្វើឱ្យរដ្ឋាភិបាលយើងចំណេញកាន់តែច្រើន ដែលយើងត្រូវយកប្រាក់ចំណេញនេះទៅជួយលើការចំណាយលើវិស័យអាទិភាពនានា ដូចជាវិស័យសុខាភិបាល វិស័យអប់រំ និងហេដ្ឋារចនាសម្ព័ន្ធផ្សេង។
ទី2 គឺគោលការណ៍ជាលក្ខណៈម៉ាក្រូ មានន័យថាប្រសិនបើយើងចាយប្រាក់រៀល ធនាគារជាតិអាចពង្រឹងការអនុវត្តគោលនយោបាយរូបិយវត្ថុឧទាហរណ៍ប្រសិនបើមាន អតិផរណាប្រែប្រួលខ្លាំងធនាគារជាតិអាចបញ្ចុះបានដោយមានប្រសិទ្ធភាព ឬបើសិនជាស្ថានភាពសេដ្ឋកិច្ចយើងជាប់គាំងហើយថវិការដ្ឋាភិបាលមានកំណត់ ហើយបើយើងចាយលុយរៀល ធនាគារជាតិអាចជួយស្ថានភាពហ្នឹងបាន ដូចជាអ្វីដែលកើតឡើងនៅសហរដ្ឋអាមេរិក និងអឺរ៉ុបក្នុងអំឡុងពេល និងក្រោយពេលមានវិបត្តិហិរញ្ញវត្ថុសកល។
ទី3 បើយើងចាយប្រាក់រៀលសុទ្ធ ធនាគារជាតិអាចបញ្ចុះអត្រាការប្រាក់លើប្រាក់កម្ចីបាន ព្រោះពេលនោះធនាគារពាណិជ្ជ និងមីក្រូហិរញ្ញវត្ថុទាំងអស់នឹងផ្តល់កម្ចីជាប្រាក់រៀល ដែលធនាគារជាតិជាអ្នកបោះពុម្ពប្រាក់រៀល អ៊ីចឹងធនាគារជាតិ មានឥទ្ធិពលធ្វើឱ្យអត្រាការប្រាក់របស់ធនាគារពាណិជ្ជ និងមីក្រូហិរញ្ញវត្ថុទាំងអស់ថយចុះបាន។
ទី4 ការចាយប្រាក់រៀលគឺបង្ហាញពីអធិបតេយ្យភាពជាតិ ព្រោះបើយើងចាយប្រាក់ដុល្លារ ហើយបើប្រាក់ដុល្លារមានបញ្ហា ឫបាត់បង់តម្លៃ វានឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងប្រទេសជាតិរបស់យើង ឧទាហរណ៍ បើយើងនាំចេញទំនិញជាប្រាក់ដុល្លារ ហើយប្រាក់ដុល្លារឡើងថ្លៃដូច្នេះវានឹងធ្វើឱ្យទំនិញរបស់យើងឡើងថ្លៃ ជាក់ស្តែងសេដ្ឋកិច្ចយើងល្អ តែដោយសារយើងចាយលុយគេ ធ្វើឱ្យយើងអាចរងឥទ្ធិពលពីគេទោះបីស្ថានភាពសេដ្ឋកិច្ចក្នុងស្រុកល្អប្រសើរក៏ដោយ។
ដើម្បីលើកកម្ពស់ និងជំរុញឱ្យមានការចាយប្រាក់រៀលកាន់តែច្រើនឡើង ឆ្នាំនេះធនាគារជាតិនៃកម្ពុជា ក៏នឹងរៀបចំប្រារព្ធទិវាប្រាក់រៀលចាប់ផ្តើមពីម៉ោង8ព្រឹក ដល់ម៉ោង 10 ថ្ងៃទី20 ខែមិនា ឆ្នាំ2018 នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ(CKCC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា។
ពិធីនេះនឹងមានការចូលរួមពីតំណាងមជ្ឈមណ្ឌលពាណិជ្ជកម្មគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងវិទ្យាស្ថាស្រាវជ្រាវ នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA Research Institute) ដែលកម្មវិធីនេះនឹងបង្ហាញពីវឌ្ឍនភាពនៃការប្រើប្រាស់ប្រាក់រៀលបញ្ហាប្រឈម និងទស្សនវិស័យនាពេលអនាគត។
តំណាងស្ថាប័នសាធារណៈ និងវិស័យឯកជន ក៏នឹងអញ្ជើញចូលរួមក្នុងកម្មវិធីនេះ ហើយនឹងបើកឱ្យសាធារណជនចូលរួមដោយសេរីផងដែរ៕