ធនាគារជាតិនៃកម្ពុជា បានបង្ហាញឱ្យឃើញនូវវឌ្ឍនភាពនៃវិស័យភតិសន្យាហិរញ្ញវត្ថុក្នុងរយៈពេលចុងក្រោយនេះ ខណៈដែលអ្នកផ្តល់សេវាភតិសន្យា បានកត់សម្គាល់ឃើញថា តម្រូវការកើនឡើងក្នុងបរិបទសេដ្ឋកិច្ចរីកចម្រើន បាននាំទៅដល់តម្រូវការសេវាភតិសន្យានេះ។
ធនាគារជាតិនៃកម្ពុជា បានកត់សម្គាល់ថា វិស័យភតិសន្យាហិរញ្ញវត្ថុជាវិស័យថ្មីមួយនៅក្នុងសេដ្ឋកិច្ចកម្ពុជា ប៉ុន្តែវិស័យនេះមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ រដ្ឋសភាកម្ពុជា បានអនុម័តសេចក្ដីស្នើច្បាប់ស្ដីពីភតិសន្យា កាលពីថ្ងៃទី6 ខែកក្កដា ឆ្នាំ2015។ ច្បាប់ភតិសន្យានេះមាន 4ជំពូក និង11មាត្រា។
យោងតាមរបាយការណ៍ ធនាគារជាតិនៃកម្ពុជា បច្ចុប្បន្នក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុមានចំនួន 11កន្លែងបានផ្តល់សេវាភតិសន្យាលើចលនទ្រព្យ រួមមាន៖ ម៉ូតូ រថយន្ត គ្រឿងយន្តប្រើប្រាស់ក្នុងវិស័យកសិកម្ម គ្រឿងចក្រសាងសង់ គ្រឿងអេឡិចត្រូនិក គ្រឿងសង្ហារិម សម្ភារប្រើប្រាស់ក្នុងគ្រួសារ និង ចលនវត្ថុផ្សេងៗទៀតដល់អតិថិជន។ របាយការណ៍ដដែលបានបង្ហាញថា វិស័យចម្បងៗ ដែលទទួលបានសេវាភតិសន្យា ហិរញ្ញវត្ថុរួមមាន កសិកម្ម25% ក្រុមគ្រួសារ40% ពាណិជ្ជកម្ម10% និងសំណង់10%។ ទ្រព្យសកម្មសរុបក្នុងវិស័យនេះបានកើនឡើង19.5% ដល់0.7ទ្រីលានរៀល (ក្នុងរយៈពេលឆ្នាំលើឆ្នាំ) និង ឥណទានភតិសន្យាហិរញ្ញវត្ថុសរុបបានកើនឡើង1.8% ដល់0.5ទ្រីលានរៀល និងមានអតិថិជនចំនួន 67,791នាក់។
ធនាគារជាតិបានបញ្ជាក់ថា៖ “តម្រូវការប្រើប្រាស់របស់អតិថិជន បានជំរុញឱ្យទីផ្សារភតិសន្យាហិរញ្ញវត្ថុទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនទាំងក្នុង និងក្រៅប្រទេស។ ធនាគារអេស៊ីលីដាដែលបានផ្តល់សេវាភតិសន្យាដល់អតិថិជនរបស់ខ្លួន បានបង្ហាញហេតុផលមួយចំនួនដែលបណ្តាលឱ្យវិស័យនេះទទួលបានការគាំទ្រយ៉ាងឆាប់ពីអ្នកមានតម្រូវការហិរញ្ញវត្ថុ។
លោកស្រីបណ្ឌិត សូ ផនណារី អនុប្រធានប្រតិបតិ្ត និងជាប្រធានមន្ត្រីប្រតិបតិ្តការ នៅធនាគារអេស៊ីលីដា បានអះអាងថា កំណើនក្នុងវិស័យចម្បងៗនៃសេដ្ឋកិច្ចកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ គួបផ្សំនឹងស្ថានភាពល្អប្រសើរនៃសេដ្ឋកិច្ចពិភពលោក និងក្នុងតំបន់ និងការបន្តអនុវត្តជំរុញកំណើនសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលនៅតាមវិស័យនីមួយៗបានធ្វើឱ្យវិស័យភតិសន្យាហិរញ្ញវត្ថុមានការរីកចម្រើនឆាប់រហ័ស និងគួរឱ្យកត់សម្គាល់តាមរយៈការពង្រីកសេវាលើចលនទ្រព្យ ដូចជារថយន្ដ ម៉ូតូ គ្រឿងយន្ដប្រើប្រាស់ក្នុងវិស័យកសិកម្ម គ្រឿងចក្រសំណង់ គ្រឿងអេឡិចត្រូនិក គ្រឿងសង្ហារិម សម្ភារប្រើប្រាស់ក្នុងគ្រួសារ និងសម្ភារផ្សេងៗទៀត តាមតម្រូវការប្រើប្រាស់របស់អតិថិជន។
លោកស្រីបណ្ឌិតបានអះអាងថា ភតិសន្យាហិរញ្ញវត្ថុរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ត្រូវបានផ្តល់ជូនអតិថិជនជាលក្ខណៈឯកត្តជន និងនីតិបុគ្គលដើម្បីផ្តល់ជម្រើសថ្មីដល់អ្នកប្រើប្រាស់ផ្ទាល់ខ្លួន អាជីវករ ពាណិជ្ជករ និងក្រុមហ៊ុនក្នុងប្រទេសកម្ពុជាមានលទ្ធភាពពង្រីកអាជីវកម្ម ឬប្រើប្រាស់ផ្ទាល់ខ្លួន។
លោកស្រីបណ្ឌិតបានបន្ថែមថា ភតិសន្យាហិរញ្ញវត្ថុត្រូវបានផ្តល់ជូនអតិថិជនជាប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក និងថ្លៃដើមចលនវត្ថុជួល ផ្អែកទៅតាមតម្រូវការជាក់ស្តែងរបស់អតិថិជនដែលទំហំអតិបរមាមានរហូតដល់ 250,000ដុល្លារអាមេរិកក្នុងមួយឯកតាចលនវត្ថុ។ រយៈពេលជួលអប្បបរមា 12ខែ និងអតិបរមាមិនលើសពីអាយុកាលនៃចលនវត្ថុដែលត្រូវជួល។
លោកស្រីបណ្ឌិត សូ ផនណារី បានអះអាងថា៖ “ដោយសារកំណើនតម្រូវការប្រើប្រាស់របស់អតិថិជន បានជំរុញឱ្យវិនិយោគិនទាំងក្នុង និងក្រៅប្រទេសមានការចាប់អារម្មណ៍ និងវិនិយោគលើទីផ្សារភតិសន្យាហិរញ្ញវត្ថុនៅកម្ពុជា”៕