ទោះបីការផ្គត់ផ្គង់សំណង់អគារលំនៅឋាន បានរីកដុះដាលព្រោងព្រាត នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ប៉ុន្តែតម្រូវការនៃការស្នាក់នៅផ្ទះផ្ទាល់ខ្លួន នៅតែមានការកើនឡើង បន្តទៀតទៅថ្ងៃអនាគត ដែលនៅត្រឹមឆ្នាំ2030 យ៉ាងហោចណាស់ក៏ត្រូវការ 80ម៉ឺនខ្នងបន្ថែមទៀតដើម្បីផ្គត់ផ្គង់លើតម្រូវការទីផ្សារលំនៅឋាននៅកម្ពុជា។
ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ជាមួយនឹងកំណើនសេដ្ឋកិច្ចដែលអាចរក្សាបានក្នុងរង្វង់ចន្លោះ7%ជារៀងរាល់ឆ្នាំនោះវិស័យនគរូបនីយកម្មក៏បានកើនឡើងយ៉ាងឆាប់រហ័សផងដែរ ព្រោះថា បើផ្អែកតាមការសិក្សារបស់ក្រសួងអំពីក្របខ័ណ្ឌយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីក្រុងនៅកម្ពុជាបានរកឃើញថា ចំនួនប្រជាជនរស់នៅក្នុងរាជធានីនិងទីប្រជុំជនកាលពីឆ្នាំ 2014 មានចំនួន 4.5លាននាក់ ស្មើនឹង 27.1ភាគរយ នឹងបន្តកើនឡើងដល់ 7.92លាននាក់នៅឆ្នាំ 2030 ស្មើនឹង 44ភាគរយ នៃចំនួនប្រជាជនកម្ពុជាសរុប។
ទិន្នន័យនៃការសិក្សាស្រាវជ្រាវខាងលើ បានរកឃើញថា ក្នុងរយៈពេល 15ឆ្នាំទៀត រាប់គិតចាប់ពីឆ្នាំ 2015 ដល់ 2030 ខាងមុខនេះ តម្រូវការលំនៅឋានសម្រាប់រាជធានី និងទីប្រជុំជនមានប្រមាណ 80ម៉ឺនលំនៅឋាន បន្ថែមទៀត ដែលគិតជាមធ្យមមានតម្រូវការប្រមាណជា 5ម៉ឺនលំនៅឋាន ក្នុងមួយឆ្នាំ។
ឆ្លើយតបនឹងបញ្ហានេះក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បាននិងកំពុងជំរុញការអនុវត្តគោលនយោបាយជាតិស្តីពីការរៀបចំដែនដីក្នុងការកសាងផែនការរៀបចំដែនដីប្លង់គោល និងផែនការប្រើប្រាស់ដីគ្រប់កម្រិត និងគោលនយោបាយជាតិស្តីពីលំនៅឋាន ពិសេសលំនៅឋាន ដែលមានតម្លៃសមរម្យជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យម ប្រាក់ចំណូលទាប និងជនងាយរងគ្រោះ ដើម្បីធានាការអភិវឌ្ឍប្រកបដោយចីរភាព និងសមធម៌ ។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ2017កន្លងទៅ ការវិនិយោគវិស័យសំណង់បានកើនឡើងជាង 22% ដែលមានតម្លៃទឹកប្រាក់ប៉ាន់ស្មានប្រមាណចំនួនជាង6,428 លានដុល្លារ លើគម្រោង 3,052 ខណៈដែលឆ្នាំ2016មានត្រឹម 5,256 លានដុល្លារអាមេរិកតែប៉ុណ្ណោះ៕