តម្លៃអង្ករដែលចរាចរលក់នៅលើទីផ្សារកំពុងឡើងថ្លៃក្នុងរយៈពេលថ្មីៗនេះ ដែលអ្នកប្រកបអាជីវកម្មក្នុងវិស័យនេះបានមើលឃើញថា មានកត្តាជាច្រើនកំពុងជះឥទ្ធិពលដល់តម្លៃអង្ករនៅប្រទេសកម្ពុជា ខណៈដែលការនាំចេញអង្ករជាផ្លូវការពីប្រទេសកម្ពុជា មានកំណើនតិចតួចក្នុងរយៈពេលពីរខែដើមឆ្នាំនេះ។
អ្នកប្រកបអាជីវកម្មលក់អង្ករទាំងទីផ្សារក្នុងស្រុក និងនាំចេញដែលស្នើសុំមិនបញ្ចេញឈ្មោះ ម្នាក់បានឱ្យដឹងថា តម្លៃអង្ករបានហក់ឡើងទាំងទីផ្សារក្នុងស្រុក និងនាំចេញ។ ម្ចាស់ក្រុមហ៊ុនរូបនោះបានអះអាងថា តម្លៃអង្ករនាងខុនដែលពេញនិយមប្រើប្រាស់ក្នុងស្រុកបានហក់ឡើងជិត 100ដុល្លារក្នុងមួយតោន រហូតដល់ជាង 500ដុល្លារក្នុងមួយតោន ខណៈតម្លៃពីមុនគឺត្រឹមតែជាង 400ដុល្លារប៉ុណ្ណោះក្នុងបរិមាណដូចគ្នា។ ជាមួយគ្នានេះ តម្លៃអង្ករសែនក្រអូប វិញបានហក់ឡើងជិត 200ដុល្លារក្នុងមួយតោន។
ម្ចាស់អាជីវកម្មរូបនោះបានអះអាងថា តម្លៃនេះត្រូវបានម្ចាស់រោងម៉ាស៊ីនកិនស្រូវដំឡើងថ្លៃ ហើយ អះអាងថា ទីផ្សារខាងក្រៅកំពុងមានតម្រូវការ។ លោក ហេង ផេង ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ ថ្មគោលរ៉ាយស៍ បានកត់សម្គាល់ថា នាពេលបច្ចុប្បន្ននេះ អង្ករគ្រប់ប្រភេទដូចជា អង្ករផ្កាម្លិះ រំដួល និងសែនក្រអូបព្រមទាំងអង្ករនាងខុនបានហក់ឡើងខ្លាំង ដោយសារកត្តាជាច្រើន។
លោកបានអះអាងថា ឆ្នាំនេះអង្ករនាងខុនមានបរិមាណតិចជាងឆ្នាំកន្លងទៅ ដោយសារឈ្មួញប្រមូលទិញស្រូវនាងខុនយកទៅទីផ្សារវៀតណាម។ បន្ថែមពីលើនេះ ម្ចាស់រោងម៉ាស៊ីនដែលធ្លាប់ទិញស្រូវនាងខុនទុកក្នុងស្តុក បានបោះបង់ការស្តុកស្រូវនាងខុន ដោយប្តូរទៅស្តុកស្រូវប្រភេទផ្សេងដែលចំណេញ និងបង្វិលលុយបានលឿនជាងវិញ។
បច្ចុប្បន្ននេះ អង្ករសែនក្រអូបមានតម្លៃលក់នៅមុខរោងម៉ាស៊ីន បានកើនឡើងពី 600ដុល្លារ ដល់ជាង 700ដុល្លារក្នុងមួយតោន រីឯអង្ករផ្កាម្លិះវិញ កើនពី 650ដុល្លារក្នុង1តោន ដល់ 770ដុល្លារក្នុងបរិមាណ 1តោនដូចគ្នា។
លោកបញ្ជាក់ថា៖ “រោងម៉ាស៊ីនបានស្តុកទុកនាងខុននៅប៉ុន្មានឆ្នាំចុងក្រោយនេះ តែគាត់មិនចំណេញដោយសារតម្លៃអង្ករនាងខុនមិនឡើងថ្លៃ ហើយគាត់ខាតបង់ការប្រាក់។ រោងម៉ាស៊ីនដែលធ្លាប់ទុកនាងខុន បានកាត់បន្ថយស្តុករហូតដល់ 50% ធៀបនឹងឆ្នាំមុន។ រោងម៉ាស៊ីនមានស្តុកតិច ដល់កិនស្តុកស្រូវចាស់អស់ រកទិញស្រូវថ្មីក៏មិនទាន់ មិនគ្រប់កិន ទើបបណ្តាលឱ្យតម្លៃកើនឡើង។
លោកបន្ថែមថា៖ “ឆ្នាំនេះខ្ញុំទិញនាងខុនបានតិចដូចកាលពីឆ្នាំកន្លងទៅដែរ ហេតុផលមិនមែនអត់ស្រូវទេនៅរដូវប្រមូលផល តែខ្ញុំគឹតថា តម្លៃនឹងបន្តឡើងដោយសារការប្រើប្រាស់អង្ករនាងខុនក្នុងស្រុកច្រើន។
លោកបានបន្ថែមថា សម្រាប់ប្រភេទអង្ករស (White rice)តម្លៃមិនប្រែប្រួលច្រើនដូចនាងខុនទេ ដោយសារតែរដូវនេះប្រមូលផលបានច្រើន ហើយវៀតណាមក៏ប្រមូលយកច្រើនដែរ ដូច្នេះតម្លៃប្រភេទស្រូវអង្ករស ឬស្រូវអ៊ីអ៊ែរ គឺមានស្ថេរភាព ប៉ុន្តែបើសិនខាងវៀតណាមនៅតែបន្តចូលមកទិញពីប្រទេសកម្ពុជានោះ តម្លៃក៏នឹងប្រែប្រួលទៅតាមហេងឆេង និងតម្រូវការពីប្រទេសវៀតណាមដែរ។
គួររំឭកផងដែរថាកាលពីចុងខែមករា ឆ្នាំ2018 កន្លងទៅកម្ពុជាបានសម្ពោធម៉ាកវិញ្ញាតកម្មអង្ករថ្មីមួយ ឈ្មោះថា “ម្លិះអង្គរ MALYS ANGKOR” ដើម្បីជំរុញទីផ្សារលក់នៅក្រៅប្រទេសឱ្យកាន់តែមានប្រសិទ្ធភាពខ្លាំងឡើងទៀត ខណៈដែលថ្នាក់ដឹកនាំក្រសួងនានាបានរំពឹងទុកថា ផលិតកម្មស្រូវបន្តរីកចម្រើន និង មានលទ្ធភាពពង្រីកផលិតកម្មបន្ថែមទៀតក្នុងពេលអនាគត។
ម៉ាកវិញ្ញាតកម្ម “ម្លិះអង្គរ” ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាម៉ាកសញ្ញាពាណិជ្ជកម្មរួមថ្មីមួយរបស់កម្ពុជា ដែលមានសហព័ន្ធស្រូវអង្ករជាកម្មសិទ្ធិករ ដែលនឹងផ្តល់ការបញ្ជាក់ទៅលើសម្បកវេចខ្ចប់នៃផលិតផលអង្ករនាំចេញ។ ទោះបីជាបែបនេះក្តី ការប្រើប្រាស់ម៉ាកវិញ្ញាតកម្មនេះនឹងត្រូវការពេលយូរបន្ថែមទៀត សម្រាប់ឱ្យអ្នកនាំចេញ និងទីផ្សារខាងក្រៅទទួលស្គាល់។
ឯកឧត្តម សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងក្នុងពិធីសម្ពោធម៉ាកអង្ករនោះថា នេះគ្រាន់តែជាចំណុចចាប់ផ្តើមប៉ុណ្ណោះសម្រាប់ម៉ាករួមមួយនេះ ដោយសហព័ន្ធត្រូវធ្វើការងារជាច្រើនទៀតជាមួយអ្នកនាំចេញ។
រហូតមកដល់ពេលនេះ នីតិវិធីប្រើប្រាស់ម៉ាកវិញ្ញាតកម្ម ម្លិះអង្គរ មិនទាន់ត្រូវបានប្រកាស និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅឡើយទេ ប៉ុន្តែតម្រូវការអង្ករអាចមានច្រើនសម្រាប់ធានាសន្តិសុខស្បៀង ខណៈដែលតំបន់ខ្លះអាចទទួលរងនូវផលប៉ះពាល់ដោយសារផលិតកម្មថយចុះឬខូចខាត ដោយសារការប្រែប្រួលអាកាសធាតុ៕