ព័ត៌មានមិនពិតជាច្រើនត្រូវបានផ្សព្វផ្សាយ និងចែករំលែកយ៉ាងរហ័ស និងច្រើនសន្ធឹកតាមរយៈបណ្ដាញសង្គម Twitter ទៅកាន់ពិភពលោក។ នេះបើយោងតាមការសិក្សាស្រាវជ្រាវថ្មីមួយដែលបានបង្ហាញនាពេលថ្មីៗនេះ និងត្រូវបានចុះផ្សាយដោយភ្នាក់ងារព័ត៌មាន Reuters។
វិទ្យាស្ថានស្រាវជ្រាវ Massachusetts Institute of Technology’s Media Lab បានបង្ហាញរបាយការណ៍ស្រាវជ្រាវរបស់ខ្លួន ដោយនៅក្នុងនោះបានឱ្យដឹងថា នៅចន្លោះឆ្នាំ2006 ដល់ 2017 មានព័ត៌មានមិនពិតជាច្រើនត្រូវបានបង្ហោះនៅលើ Twitter ហើយបើគិតទៅ គឺស្មើនឹង 70% នៃព័ត៌មានទាំងអស់ដែលបានបង្ហាញនៅលើប្រព័ន្ធទំនាក់ទំនងមួយនោះ។
ប្រភពដដែលបានបញ្ជាក់បន្ថែមទៀតថា ព័ត៌មានមិនពិតទាំងនោះ ភាគច្រើនត្រូវបានបង្ហោះដោយជនអនាមិក និងជាព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ហើយជាពិសេស គឺអ្នកប្រើប្រាស់ Twitter បាននាំគ្នាចែករំលែកនូវព័ត៌មានទាំងនោះថែមទៀតផង ដោយមិនបានគិតពិចារណាឱ្យបានល្អិតល្អន់ថា វាជារឿងពិត ឬក្លែងក្លាយនោះឡើយ។
ពាក់ព័ន្ធនឹងបញ្ហានេះ ខាង Twitter ក៏ធ្លាប់បានចេញមុខបញ្ជាក់ជាច្រើនលើកច្រើនសាមកហើយដែរ ជាពិសេសថែមទាំងបានចាប់ផ្ដើមរឹតបន្តឹងលើការត្រួតពិនិត្យសកម្មភាពនៃការបង្ហោះសាររបស់អ្នកប្រើប្រាស់ទៀតផង ខណៈដែលពេលនេះ Facebook និង YouTube ក៏បានបន្ថែមកម្លាំងមនុស្សដើម្បីត្រួតពិនិត្យលើបញ្ហានេះដែរ៕