មិនថាលោកអ្នកអាយុប៉ុន្មាន? ប្រុស ឬស្រី? មានអាជីពអ្វី? និងមានបែបបទជីវិតបែបណានោះទេ? តែ ឡារ៉ែន ជឿថា ត្រូវតែធ្លាប់គេងលក់ហើយហៀរទឹកមាត់កក្លាក់ រហូតទទឹកដៃអាវ សើមខ្នើយកើយមកខ្លះហើយជាមិនខាន។ តើហេតុអីបានជាអ្នកហៀរទឹកមាត់ពេលគេងលក់ ទាំងពេលគេងក៏បិទមាត់ជិតឈឹងល្អហើយនោះ តែហេតុអីក៏នៅតែហៀរចេញមកបានទៀត? តើត្រូវកែបញ្ហានេះយ៉ាងណា? ទំព័រសុខភាព ឡារ៉ែន មានចម្លើយមកជម្រាបជូន។
ហេតុអីបានអ្នកគេងលក់ហើយហៀរទឹកមាត់?
ជាប្រក្រតី រាងកាយរបស់មនុស្សយើងនឹងផលិតទឹកមាត់ចេញមកគ្រប់ពេលវេលាស្រាប់ទៅហើយ ក្នុងសភាវប្រក្រតីក្រពេញទឹកមាត់នឹងផលិតទឹកមាត់ចេញមកប្រមាណ1-2លីត្រក្នុងមួយថ្ងៃ។ នៅពេលដែលអ្នកកំពុងភ្ញាក់ (មិនបានគេង) ទឹកមាត់នឹងផលិតចេញមកច្រើនជាងពេលអ្នកគេងលក់ ឯពេលគេងលក់វិញ រាងកាយរបស់អ្នកនឹងផលិតទឹកមាត់ចេញមកតិចបំផុតស្ទើរតែសូន្យតែម្ដង។ តែទោះជាយ៉ាងនេះមែននៅពេលភ្ញាក់ អ្នកអាចគ្រប់គ្រងរាងកាយ គ្រប់គ្រងបរិមាណទឹកមាត់ក្នុងមាត់របស់អ្នកបានដោយការលេប តែនៅពេលអ្នកគេងលក់ រាងកាយចូលឆ្ពោះទៅរកសភាវសម្រាក សាច់ដុំទូទាំងរាងកាយ និងលើផ្ទៃមុខក៏សម្រាកដែរ ធ្វើឱ្យមាត់របស់អ្នកហាឡើងដោយសារគ្មានសាច់ដុំបញ្ជាឱ្យបិទ ទើបទឹកមាត់ដែលប្រមូលសន្សំនៅក្នុងមាត់នោះហូរចេញមកក្រៅមាត់ ព្រោះអ្នកមិនបានលេបចូលពោះដូចពេលភ្ញាក់ហ្នឹងឯង។
គេងលក់ហៀរទឹកមាត់ ជាអាការដែលខុសប្រក្រតីឬទេ?
ការពិតទៅ ការគេងលក់ហើយទឹកមាត់ហៀរមិនមែនជាអាការដែលខុសប្រក្រតីនោះទេ។ វាច្រើនតែកើតឡើងនៅពេលដែលអ្នកគេងលក់ខ្លាំង លក់ស្កប់ មិនកម្រើកខ្លួន អាចសង្កេតបានតាមរយៈថ្ងៃណាដែលអ្នកហត់នឿយខ្លាំង ឬនៅលើអ្នកដែលចូលចិត្តគេងផ្អៀង ក៏នឹងមានសញ្ញាក្នុងការគេងហៀរទឹកមាត់ច្រើនជាងអ្នកដទៃដែរ។ តែក្រៅពីនេះ នៅអាចមានមូលហេតុផ្សេងទៀតរួមជាមួយដែរ ដូចជា អ្នកជំងឺគ្រុនផ្ដាសាយដែលមានអាការតឹងច្រមុះ ហើយគេងហាមាត់ ឬនៅលើអ្នកជំងឺដែលមានបញ្ហាពាក់ព័ន្ធនឹងប្រព័ន្ធប្រសាទ ឬសាច់ដុំគ្មានកម្លាំង ក៏អាចមានបញ្ហាគេងលក់ហៀរទឹកមាត់បានដូចគ្នាដែរ។
វិធីកាត់បន្ថយអាការហៀរទឹកមាត់ពេលគេងលក់ដោយសារតែអាការគេងលក់ហើយហៀរទឹកមាត់ជារឿងប្រក្រតីតាមធម្មជាតិនោះ ទើបគ្មានវិធីណាបំបាត់អាការនេះជាពិសេសនោះទេ តែអ្នកអាចកាត់បន្ថយឱកាសដែលទឹកមាត់នឹងហូរហៀរចេញមកបានដោយការគេងផ្ងារ ឬគេងដាក់ក្បាលឱ្យខ្ពស់ឡើងបន្តិច ដើម្បីឱ្យមាត់របស់អ្នកបិទជិតខណៈគេងលក់៕