នៅពេលដែលសង្កេតឃើញថា ស្បែកក្បាលកំពុងតែទម្លាក់ចុះនូវកម្ទេចសៗ ឬដែលភាសាងាយៗហៅថា អង្កែ នោះ ឡារ៉ែន ជឿជាក់ថារឿងដំបូងបំផុតដែលលោកអ្នកតែងតែគិតឃើញនោះគឺ ការស្វែងរកសាប៊ូកក់សក់ណាដែលមានប្រសិទ្ធភាពក្នុងការកម្ចាត់អង្កែ។ វាជារឿងល្អណាស់បើអ្នកអាចរកឃើញសាប៊ូកក់សក់ណាដែលអាចកម្ចាត់អង្កែលើស្បែកក្បាលរបស់អ្នកបាន ប៉ុន្តែបើសំណាងមិនល្អរកមិនបានវិញនោះ ឡារ៉ែន ចង់ស្នើឱ្យអ្នកងាកមកសាកល្បងវិធីព្យាបាលបែបបុរាណវិញម្តង។
វិធីកម្ចាត់អង្គែ ដោយប្រេងអូលីវ
ក្រៅពីប្រើដើម្បីជាប្រយោជន៍ចំពោះរាងកាយហើយនោះ ប្រេងអូលីវក៏អាចយកមកម៉ាស្សាលើស្បែកក្បាលដើម្បីកម្ចាត់អង្កែផងដែរ។ ការម៉ាស្សាក្បាលជាមួយនឹងប្រេងអូលីវ អាចជួយបន្ថូរអារម្មណ៍តានតឹង បន្ថែមការសម្រាកដល់ខួរក្បាល ហើយក៏ជាវិធីធម្មជាតិដ៏មានប្រសិទ្ធភាពក្នុងការបំបាត់អង្កែ និងបញ្ហារបកស្បែកក្បាលផងដែរ។ ភាពសម្បូរបែបនៃវីតាមីន E សារធាតុចិញ្ចឹម និង antioxidants ដែលមាននៅក្នុងប្រេងអូលីវ នឹងចូលទៅជួយកម្ចាត់អាការរលាកស្បែកក្បាល រមាស់ និងបន្ថែមសំណើមដល់ស្បែកក្បាល ព្រមទាំងបន្ថយសភាពស្បែកស្ងួតផងដែរ។ យកប្រេងអូលីវក្តៅៗបន្តិចមកដាក់លើស្បែកក្បាល ហើយម៉ាស្សាថ្នមៗលើស្បែកក្បាលប្រហែល20នាទី។ ទុកចោលរយៈពេលមួយម៉ោង រួចសឹមកក់សម្អាតសក់ចេញជាការស្រេច។
វិធីកម្ចាត់អង្គែ ដោយទឹកក្រូចឆ្មារ
ប្រសិនបើប្រេងអូលីវធ្វើឱ្យអ្នកមានការបារម្ភថានឹងពិបាកស្វែងរកនោះ សូមសាកល្បងវិធីងាយបំផុតមួយទៀតគឺ ទឹកក្រូចឆ្មារ។ ទឹកក្រូចឆ្មារដែលទើបតែច្របាច់ចេញពីផ្លែថ្មីៗមានប្រសិទ្ធភាពណាស់ក្នុងការកម្ចាត់អង្កែ។ យកទឹកក្រូចឆ្មារមកចាក់លើស្បែកក្បាល ហើយប្រើម្រាមដៃអេះម៉ាស្សាតិចៗ រួចទុកចោលមួយសន្ទុះសឹមលាងសម្អាតចេញ។
វិធីកម្ចាត់អង្គែ ដោយស្លឹកស្តៅ
នៅមានវិធីមួយទៀតដែលអ្នកគួរតែដឹងនោះគឺការព្យាបាលស្បែកក្បាលពីការកើតអង្កែដោយស្លឹកស្តៅ។ ដោយគ្រាន់តែយកស្លឹកស្តៅប្រមាណ 2ក្បង់ដៃទៅដាក់ក្នុងទឹកក្តៅ4-5ពែង រួចត្រាំទុកចោលពេញមួយយប់។ លុះព្រឹកឡើង យកទឹកដែលត្រាំស្លឹកស្តៅនោះមកកក់សក់ រួចទុកចោល 1ម៉ោង មុនពេលសម្អាតចេញដោយទឹកស្អាត។
ឡារ៉ែន បានត្រឹមតែធ្វើជាអ្នកណែនាំ ចំណែកការអនុវត្តគឺជាទង្វើរបស់អ្នក! ដូច្នេះសូមសាកល្បងវិធីងាយៗ ចំណាយប្រាក់តិច មិនប៉ះពាល់ដល់សុខភាពស្បែក ហើយបើវាមានប្រសិទ្ធភាពចំពោះស្បែកក្បាលរបស់អ្នកនោះ ទុកថាជារឿងដែលប្រសើរបំផុតហើយ៕