បន្ទាប់ពីមានព័ត៌មានចេញផ្សាយពី ព្រះតេជគុណ ឡុង ចិន្ថា បានបង្ហាញប្រតិកម្មហួសចិត្តចំពោះរាជនីសំឡេងមាស ម៉េង កែវពេជ្ជតា រួចមកនោះ ភ្លាមតារាស្រីជើងចាស់រូបនេះ បានទម្លាយសារយ៉ាងវែងអន្លាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក ពន្លះព្រះតេជគុណវិញតាមការគួរ។
អ្នកនាង ម៉េង កែវពេជ្ជតា បានរៀបរ៉ាប់ថា « ង់មិនមែនជាកំហុស តែដែលខុសគឺត្រង់ច្រលំថាខ្លួនឯងចេះ !
សង្ឃអង្គនេះខុសជ្រងោ តែលោកគិតថាលោកត្រូវ និងបានផ្ញើពាក្យគំរាមមកថែមទៀត ..ប្រសើរណាស់គុណម្ចាស់អឺយ តបឆ្លើយបានល្អបំផុត ស័ក្តិសមជាសង្ឃកាន់សីល១០ឥតខ្ចោះ ! ! មិនបាច់ឆ្ងល់ទេថាសំដៅលើសង្ឃណា ? គឺគុណម្ចាស់ ឡុង ចន្ថា ហ្នឹងហើយ ! គុណម្ចាស់កំពុងប្រព្រិត្តប្រាសចាកវិន័យធម៌នៃព្រះសម្មាសម្ពទ្ធ ភ្លេចថាខ្លួនជាសង្ឃ ក្បត់ទឹកចិត្តគោរពដ៏ជ្រះថ្លាពីសំណាក់ពុទ្ធសាសនិក យកលុយជាធំ ក្អេងក្អាង និងតែងតែយកវេលាទេសនាមករិះគន់ពេបជ្រាយតែរឿងបច្ច័យច្រើនជាងការផ្សព្វផ្សាយធម៌អប់រំល្អ ។ ណ្ហើយកុំវែងឆ្ងាយ គុណម្ចាស់ចង់ព្រលះអោយជ្រះក្អែលពីរឿងអី សូមនិមន្តតាមសប្បាយចុះ ព្រោះមើលទៅគុណម្ចាស់ចូលចិត្តសប្បាយក្នុងហឹង្សាការឈ្លោះបញ្ចេញចង្កូមបែបអ្នកលេងខ្លាំងណាស់ ។
ឆាប់ព្រលះទៅដើម្បីគុណម្ចាស់ឆាប់បានដល់បរិនិពាន្តលឿនដែរ តែគុណម្ចាស់កុំភ្លេចប្រើនេត្រាមើលមក Comment របស់ប្រជាពលរដ្ឋទាំងនេះផង គុណម្ចាស់នឹងជ្រាបថាគុណម្ចាស់កំពុងមានមោទនៈភាពយ៉ាងក្រៃលែងដែលបានធ្វើអោយវិស័យព្រះពុទ្ធសាសនាត្រូវល្អក់កករ រងក្តីអាម៉ាស់ និងអាចហិនហោចបាន ឯព្រះសង្ឃល្អជាច្រើនត្រូវប្រជាពលរដ្ឋបាត់បង់ជំនឿ និងអាចឈានទៅរកការដាច់ចង្ហាន់ជាបណ្តើរៗ ! បើដូច្នេះគុណម្ចាស់កុំភ្លេចឆៀងចូលទៅយកពានពីក្រសួងធម្មការផង ព្រោះខាងក្រសួងអាចកំពុងត្រៀមប្រគេនពានបំផ្លាញវិស័យព្រះពុទ្ធសាសនាដែលជាសាសនារដ្ឋនេះដល់គុណម្ចាស់ហើយ ។ សូមអស់យោបល់សិន ។ សារនេះមិនបានចង់តតាំងជាមួយលោកទេ ព្រោះយ៉ាងណាលោកជាព្រះសង្ឃដែលមានចំណុចខ្សោយច្រើនណាស់ តែចរិតខ្ញុំមិនចូលចិត្តធ្វើបាបអ្នកទន់ខ្សោយ ដូច្នេះខ្ញុំគ្រាន់តែមានបំណងត្រឹម ទីមួយចង់ជម្រាបជូនពុកម៉ែយាយតាបងប្អូនជាទីស្រលាញ់ទាំងឡាយថា អ្នកណាក៍ចង់ធ្វើបុណ្យដែរ ឯផលតបស្នងនឹងទទួលបានវិញដោយប្រសើរប្រសិនបើសង្ឃដែលយើងធ្វើបុណ្យជាមួយនោះបរិសុទ្ធ តែបើធ្វើប៉ះចំសង្ឃទ្រុស្តសីលបែបនេះដូចយកលុយទៅជះចោល ។
ស្តាយកម្លាំងណាស់បងប្អូន ម្នាក់ៗខំធ្វើការយ៉ាងលំបាកបានប្រាក់បន្តិចបន្តួចថាយកទៅធ្វើបុណ្យបែជាប៉ះសង្ឃចិត្តពាលមិនស្គាល់គុណតម្លៃនៃសទ្ធាហើយចំអកថែមទៀតដូច្នេះគួរអោយឈឺចាប់ណាស់ ។ ទីពីរ ៖ សូមអោយបងប្អូនប្រជាពលរដ្ឋខ្មែរខមិន បញ្ចេញមតិទាំងអស់គ្នាព្រោះទាំងនេះជាការបំភ្លឺទៅកាន់ក្រសួងធម្មការ និងក្រសួងពាក់ព័ន្ធ អោយចុះធ្វើចំណាត់ការលើសង្ឃប្រភេទនេះបានឆាប់ផង ដើម្បីរក្សាភាពស្អាតស្អំនៃសាសនា ក៍ដូចជារក្សាតម្លៃដល់ព្រះសង្ឃត្រឹមត្រូវដទៃទៀតអោយស្ថិតក្នុងសេចក្តីគោរពអំពីគ្រប់មជ្ឍដ្ឋាន ។ សង្ឃឹមថាខាងក្រសួងលោកនឹងមិនទុករឿងដ៏ក្តៅក្រហាយនេះចោលទេ ។ ព្រះរាជាណាចក្រកម្ពុជាគឺជាប្រទេសឯករាជ្យអព្យាក្រិត្យ និងមានការដឹកនាំអភិវឌ្ឍន៍ក្រោមបាវច្ចនា ជាតិ សាសនា ព្រះមហាក្ស័ត្រ ! សូមកុំភ្លេចចូលរួមថែរក្សាវប្បធម៌ អរិយធម៌ និងសាសនារបស់យើងអោយបានគង់វង្ស ព្រោះទាំងអស់នេះជាអត្តសញ្ញាណរបស់យើងដែរ ។
សេចក្តីគួរពុំគួរសូមអធ្យាស្រ័យ សូមអរគុណ។ រាជធានីភ្នំពេញ ថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែ មិនា ឆ្នាំ ២០១៨»៕