
បើគិតចាប់តាំងពីថ្ងៃប្រកាសបង្ហាញខ្លួនរហូតមកដល់ពេលនេះ គឺមានរយៈពេលច្រើនថ្ងៃមកហើយ ប៉ុន្តែក្រុមហ៊ុន Samsung នៅមិនទាន់បានបង្ហាញពីតួលេខនៃការបញ្ជាទិញទុកមុន (Pre-orders) របស់ស្មាតហ្វូន Galaxy S9 នៅឡើយទេ។
ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំជាងគេរបស់កូរ៉េខាងត្បូងមួយនេះបានប្រាប់ទីភ្នាក់ងារព័ត៌មាន Yonhap News ថា ការបញ្ជាទិញទុកមុននូវម៉ូដែលSamsung Galaxy S9 ទទួលបានទាបជាងការរំពឹងទុក ប៉ុន្តែបើធៀបនឹងម៉ូដែលមុនៗវិញឃើញថា ទទួលបានខ្ពស់ជាង។ “យើង (Samsung) ជឿជាក់ថា ការបញ្ជាទិញទុកមុនរបស់ Galaxy S9 ទំនងជាទទួលបានទាបជាងការរំពឹងទុក ប៉ុន្តែអ្វីដែលមិនធ្វើឱ្យយើងអស់សង្ឃឹមនោះគឺ តួលេខនៃការបញ្ជាទិញគឺ ច្រើនជាងម៉ូដែល Galaxy S8”។ នេះជាសម្ដីរបស់អ្នកនាំពាក្យក្រុមហ៊ុន Samsung ដែលបានថ្លែងប្រាប់ Yonhap News។
គួរបញ្ជាក់ផងដែរថា កាលពីក្រុមហ៊ុន Samsung បានប្រកាសដាក់ឱ្យបញ្ជាទិញទុកមុននូវម៉ូដែល Galaxy S8 គឺអតិថិជន Samsung បាននាំគ្នាសម្រុកទិញយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតបំបែកកំណត់ត្រា ដែលទទួលបានរហូតដល់ 550,000 គ្រឿងក្នុងរយៈពេលតែ 2ថ្ងៃប៉ុណ្ណោះ ដែលបើប្រៀបធៀបនឹងម៉ូដែល Galaxy S7 វិញ គឺទទួលបានត្រឹមតែ 200,000គ្រឿងប៉ុណ្ណោះក្នុងរយៈពេលដល់ទៅ 1សប្ដាហ៍ឯណោះ៕

