ក្រោយពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញសេចក្ដីប្រកាសថ្មីមួយទៀតស្ដីពីការកែសម្រួលការប្រមូលពន្ធប៉ាតង់ ដែលអះអាងពីបំណងកែសម្រួលវិធាន និងនីតិវិធីគ្រប់គ្រងប្រមូលពន្ធប៉ាតង់លើសកម្មភាពអាជីវកម្មរបស់អ្នកជាប់ពន្ធ ដើម្បីគ្រប់គ្រង និងប្រមូលចំណូលពន្ធឱ្យមានប្រសិទ្ធភាពរួចមកនោះ សមាគមអាជីវកម្មក្នុងស្រុកបានសម្ដែងក្តីបារម្ភចំពោះផលលំបាកផ្នែកហិរញ្ញវត្ថុ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសថ្មីមួយ ចុះថ្ងៃទី26 ខែកុម្ភៈ ឆ្នាំ2018 ដោយមានគោលដៅកែសម្រួលវិធាន និងនីតិវិធី គ្រប់គ្រងប្រមូលពន្ធប៉ាតង់ដែលមានចែងក្នុងប្រកាសស្តីពីវិធាន និងនីតិវិធីគ្រប់គ្រងប្រមូលពន្ធប៉ាតង់ ស្របតាមការរីកចម្រើននៃសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា ដែលបានចេញកាលពីថ្ងៃទី25 ខែធ្នូ ឆ្នាំ2015។
ប្រកាសនោះអះអាងថា កម្មវត្ថុនៃពន្ធប៉ាតង់គឺជាពន្ធប្រចាំឆ្នាំ ដែលត្រូវបានកំណត់លើសកម្មភាពអាជីវកម្ម ដោយផ្អែកលើប្រភេទអ្នកជាប់ពន្ធ និងកម្រិតផលរបរ។ តាមខ្លឹមសារនៃប្រកាសនោះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានកំណត់បែបបទនៃការបង់ពន្ធ ជា 4ផ្នែកខុសៗគ្នាដូចខាងក្រោម៖
1) អ្នកជាប់ពន្ធដែលមានសកម្មភាពអាជីវកម្មច្រើន ត្រូវបង់ពន្ធប៉ាតង់ផ្សេងគ្នាទៅតាមសកម្មភាពនៃអាជីវកម្មនីមួយ។ ឧទាហរណ៍៖ អ្នកជាប់ពន្ធម្នាក់ដែលមានសកម្មភាពអាជីវកម្ម នីហរ័ណអាហរ័ណ ដឹកជញ្ជូន និងសណ្ឋាគារត្រូវបង់ពន្ធប៉ាតង់សម្រាប់ 3សកម្មភាពផ្សេងគ្នា។
2) សកម្មភាពជាឧបសម្ព័ន្ធនានានៃសកម្មភាពអាជីវកម្មត្រូវបានចាត់ទុកថាជាសកម្មភាពអាជីវកម្មតែមួយ។ ឧទាហរណ៍ សណ្ឋាគារដទៃដែលជាឧបសម្ព័ន្ធនៃសកម្មភាពសណ្ឋាគារដែលស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់អ្នកជាប់ពន្ធតែមួយ និងស្ថិតក្នុងទីតាំងរួមជាមួយសណ្ឋាគារត្រូវបង់ពន្ធប៉ាតង់តែមួយ។
3) អ្នកជាប់ពន្ធដែលមានសាខា ឃ្លាំង រោងចក្រ រោងជាង សម្រាប់សកម្មភាពអាជីកម្មតែមួយ នៅក្នុងរាជធានី-ខេត្តតែមួយ ត្រូវបង់ពន្ធប៉ាតង់តែមួយ។
និង 4) អ្នកជាប់ពន្ធដែលមានសកម្មភាពអាជីវកម្មនៅក្នុងរាជធានី-ខេត្តផ្សេងគ្នា ត្រូវបង់ពន្ធប៉ាតង់ទៅតាមរាជធានី-ខេត្តដែលអាជីវកម្មនោះស្ថិតនៅ។
ជាមួយគ្នានេះ កម្រិតប្រាក់ពន្ធប៉ាតង់ដែលត្រូវបង់ ត្រូវបានកំណត់ដូចតទៅៈ
1) អ្នកជាប់ពន្ធតូច ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន 40ម៉ឺនរៀល។
2) អ្នកជាប់ពន្ធមធ្យម ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន 1លាន 2សែនរៀល។ និង3) អ្នកជាប់ពន្ធធំដែលមានផលរបរ លើសពី 4,000លានរៀល ដល់ 1ម៉ឺនលានរៀល ត្រូវបង់
ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន 3លានរៀល។ រីឯអ្នកមានផលរបរលើសពី 1ម៉ឺនលានរៀល ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន 5លានរៀល។
អ្នកជាប់ពន្ធដែលមានសាខា ឃ្លាំង រោងចក្រ រោងជាងសម្រាប់សកម្មភាពអាជីវកម្មតែមួយដែលស្ថិតនៅតាមរាជធានី-ខេត្តផ្សេងគ្នា ត្រូវបង់ពន្ធប៉ាតង់ អប្បបរមាសម្រាប់ប្រភេទអ្នកជាប់ពន្ធនីមួយៗ ទៅតាមរាជធានី-ខេត្តដែលអាជីវកម្មនោះស្ថិតនៅ។
សេចក្ដីប្រកាសនោះក៏បានចែងដែរថា ពន្ធប៉ាតង់ត្រូវបង់ក្នុងអំឡុងពេលចាប់ពីថ្ងៃទី1 ខែមករាដល់ថ្ងៃទី31 ខែមីនា ជារៀងរាល់ឆ្នាំ។ ប្រកាសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី 24 ខែមករា ឆ្នាំ2018នេះ បានកំណត់ថា អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសត្រូវបានបែងចែកជា 3ប្រភេទគឺអ្នកជាប់ពន្ធតូច អ្នកជាប់ពន្ធមធ្យម និងអ្នកជាប់ពន្ធធំ ដោយអ្នកជាប់ពន្ធតូច គឺជាសហគ្រាសឯកត្តបុគ្គលឬសហគ្រាសសហកម្មសិទ្ធិ មានផលរបរប្រចាំឆ្នាំចាប់ពី 250លានរៀល ដល់ 700លានរៀល។
ដោយឡែក អ្នកជាប់ពន្ធមធ្យមជាសហគ្រាសដែលមានផលរបរប្រចាំឆ្នាំលើសពី 700លានរៀលដល់ 4,000លានរៀល និងអ្នកជាប់ពន្ធធំជាសហគ្រាសដែលមានផលរបរប្រចាំឆ្នាំ លើសពី 4,000លានរៀល ឬបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនពហុជាតិសាខាក្រុមហ៊ុនបរទេស ឬសហគ្រាសដែលបានចុះបញ្ជីជាគម្រោងវិនិយោគដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់។
លោកឧកញ៉ា តែ តាំងប៉រ ប្រធានសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានឱ្យដឹងថា លោកមិនទាន់បានឃើញ និងដឹងពីខ្លឹមសារនៃសេចក្ដីប្រកាសថ្មីស្តីពីការកែសម្រួលវិធាន និងនីតិវិធីប្រមូលពន្ធប៉ាតង់នោះនៅឡើយទេប៉ុន្តែលោកឧកញ៉ាហាក់បានសម្តែងនូវក្តីបារម្ភរួចទៅហើយចំពោះផលលំបាកដែលនឹងកើតឡើងពីការបន្ថែមវិធានទៀតនេះ។
លោកឧកញ៉ាបានអះអាងថា “បើធ្វើតឹងតែងពេក សហគ្រាសធុនតូច និងមធ្យមក្នុងស្រុកនឹងស្លាប់អស់ហើយ!”៕