ក្រុមតោខៀវ Chelsea ត្រូវតែត្រៀមទទួលឱ្យបាននូវរាល់ការ «ឈឺចាប់» ទាំងឡាយនៅលើទឹកដីក្រុម Barcelona នៅរាត្រីថ្ងៃពុធស្អែកនេះ ប្រសិនបើពួកគេចង់ទទួលបានឱកាសមួយក្នុងការឈានទៅដល់វគ្គ 8ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League។ នេះបើយោងទៅតាមការបញ្ជាក់របស់លោក Antonio Conte ដែលជាគ្រូបង្វឹក។
ក្រុម Barcelona បានរកគ្រាប់បាល់តាមស្មើនៅនាទីទី75 តាមរយៈគ្រាប់បាល់របស់ខ្សែប្រយុទ្ធ Lionel Messi ដើម្បីលុបចោលគ្រាប់បាល់បើកឆាករបស់ Willian នៅដើមតង់ទី2 ក្នុងការប្រកួតជើងទី1 នៃវគ្គ 16ក្រុមចុងក្រោយ រវាងក្រុមទាំងពីរនៅឯកីឡដ្ឋាន Stamford Bridge កាលពីខែមុន។
លោក Conte បានបញ្ជាក់ថា ក្រុមរបស់លោកអាចនឹងប្រឈមមុខនឹងការងារដ៏ធំមួយនៅពេលប្រកួតជាមួយនឹងក្រុមម្ចាស់ជើងឯកទ្វីប 5សម័យកាល Barcelona នាកីឡដ្ឋាន Nou Camp។ លោក Conte បានប្រាប់គេហទំព័ររបស់ក្លិប Chelsea ថា៖ យើងត្រូវតែលេងឱ្យបានល្អ ប៉ុន្តែនៅពេលដែលអ្នកត្រូវប្រកួតជាមួយនឹងក្រុមខ្លាំង ដែលខ្ញុំគិតថា ជាក្រុមមួយក្នុងចំណោមក្រុមដ៏ខ្លាំងបំផុតរបស់ពិភពលោកនោះ អ្នកត្រូវតែត្រៀមឱ្យបានរួចរាល់ក្នុងការទទួលយកការឈឺចាប់។
ក្នុងពេលជាមួយគ្នានេះ យើងធ្លាប់ធ្វើបានរួចទៅហើយនៅក្នុងជើងទី1 ដោយកាលណោះយើងបានលេងយ៉ាងល្អឥតខ្ចោះ។
គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបានបន្ថែមទៀតថា៖ «នេះមិនមែនជាក្រុម Chelsea ដែលមានបទពិសោធច្រើនឡើយ យើងមានកីឡាករជាច្រើនដែលកំពុងតែលេងក្នុងរដូវកាលទី1 និងទី2 របស់ពួកគេក្នុងក្របខ័ណ្ឌ Champions League»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង2:45ទៀបភ្លឺ៕
ប្រភពពី៖ Reuters