ក្លិប Southampton បានបណ្តេញលោក Mauricio Pellegrino ក្រោយពីការដណ្តើមបានជ័យជម្នះត្រឹមតែ1លើកគត់ក្នុងចំណោមការប្រកួត 17លើកនៃក្របខ័ណ្ឌ Premier League ដែលបានធ្វើឱ្យពួកគេស្ថិតក្នុងភាពជ្រួលច្របល់ក្នុងការប្រជែងគេចឱ្យផុតក្នុងតំបន់កាត់ចោល ខណៈនៅសល់ការប្រកួតត្រឹមតែ 8ប្រកួតទៀតប៉ុណ្ណោះនៅរដូវកាលនេះ។
ក្លិបនេះកំពុងតែស្វែងរកការតែងតាំងគ្រូបង្វឹកថ្មីភ្លាមៗ ជាលើកទិ3 ក្នុងរយៈពេលជិត 2ឆ្នាំ ជាពិសេសឱ្យបានមុនការប្រកួតពាន FA Cup វគ្គ 8ក្រុមចុងក្រោយ នៅលើទឹកដីក្រុម Wigan Athletic កាលពីថ្ងៃអាទិត្យ។ ប៉ុន្តែទោះបីជាយ៉ាងណា ពួកគេនៅតែមានពេលវេលាច្រើនក្នុងការរកគ្រូបង្វឹកជំនួសកន្លែងរបស់លោក Pellegrino សញ្ជាតិអាហ្សង់ទីន ដោយសារតែពួកគេមិនមានការប្រកួតក្នុងក្របខ័ណ្ឌលីក រហូតដល់ចុងខែនេះ ពោលគឺនៅលើទឹកដីក្រុម West Ham ថ្ងៃទី31 ខែមីនា។
Southampton ដែលកំពុងតែនាំមុខត្រឹមតែ 1ពិន្ទុគត់លើក្រុមបាតតារាងទាំង 3ក្នុងខណៈនេះនឹងប្រឈមមុខនឹងការប្រជែងដ៏តានតឹងមួយ ខណៈដែលពួកគេនៅសល់ការប្រកួតលើទឹកដីខ្លួនឯងត្រឹមតែ 3ប្រកួតទៀតប៉ុណ្ណោះ ក្នុងនោះរាប់បញ្ចូលទាំងការធ្វើជាម្ចាស់ផ្ទះទទួលក្រុម Chelsea និង Manchester City ផងដែរ។
លោក Pellegrino បានចូលកាន់តំណែងនាកីឡដ្ឋាន St Mary’s ក្នុងកិច្ចសន្យារយៈពេល 3ឆ្នាំ កាលពីខែមិថុនា ឆ្នាំមុន ប៉ុន្តែ ក្លិប Southampton បានប្រកាសក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេបានចែកផ្លូវគ្នាជាមួយនឹងគ្រូបង្វឹកវ័យ 46ឆ្នាំរុបនេះហើយ ខណៈដែលក្លិបនាំមុខត្រឹមតែ 1ចំណាត់ថ្នាក់ និង 1ពិន្ទុប៉ុណ្ណោះពីលើក្រុមស្ថិតក្នុងតំបន់កាត់ចោល។ សេចក្តីថ្លែងការណ៍នេះបានបន្ថែមទៀតថា៖ «ក្លិបនឹងសម្លឹងរកការតែងតាំងអ្នកចាត់ការទូទៅថ្មីម្នាក់ឱ្យបានឆាប់តាមដែលអាចខណៈដែលការស្វែងរកគ្រូបង្វឹកដែលត្រូវជំនួសដំណើរការរួចជាស្រេច»៕
ប្រភពពី៖ The Guardian