តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់កញ្ញា រ៉ា ប៊ី តារាចម្រៀងប្រចាំផលិតកម្មថោនដែលបានសរសេរសារប្រកាសកាលពីថ្ងៃទី12 ខែមីនា ឆ្នាំ2018នោះ បានឱ្យដឹងថា គណនីហ្វេសប៊ុករបស់នាងត្រូវបានជនអនាមិកធ្វើការ Hack យកប្រើប្រាស់ ដែលជាការបង្កនូវភាពអសីលធម៌ ឬក្នុងគោលបំណងមិនល្អណាមួយ ដូច្នោះហើយទើបតារាស្រីរូបនេះបានអំពាវនាវឱ្យបងប្អូនអ្នកគាំទ្រមានការប្រុងប្រយ័ត្ន។
តារាស្រីវ័យក្មេងរូបនេះបានរៀបរាប់ថា « Facebook ខ្ញុំត្រូវបានពួកបាតសង្គម hack ចូលហើយ ខ្ញុំចូលpost បាន តែតាម safari ទេ អ៊ីចឹងសូមបងប្អូនប្រយ័ត្នក្នុងការ chat មកខ្ញុំផង ព្រោះបើមានបញ្ហាអី ខ្ញុំអត់ទទួលខុសត្រូវទេ»។ សូមជម្រាបបន្ថែមថា កញ្ញា រ៉ា ប៊ី ថ្មីៗនេះ កំពុងតែមានប្រជាប្រិយភាពខ្លាំងតាមរយៈបទចម្រៀងដែលរៀបរាប់ពីមាន់ស្រែ ដែលមនុស្សទូទៅទទួលស្គាល់ថា មានឱជារសឆ្ងាញ់។
គួរបញ្ជាក់ដែរថាមិនត្រឹមតែល្បីនៅក្នុងប្រទេសប៉ុណ្ណោះទេ តែបទមាន់ស្រែនេះក៏ត្រូវបានគេហទំព័របរទេសមួយចំនួនយកទៅបង្ហោះបន្ត ហើយមានចូលអ្នកទស្សនាដល់រាប់លាននាក់ ដែលអាចនិយាយបានថា បទនេះក៏កំពុងស្ថិតនៅក្នុងតារាងលំដាប់បទដែលកំពុងពេញនិយមនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះផងដែរ៕