កាលពីពេលថ្មីៗនេះ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ស្ថាបនិកក្រុមភ្លើងគប់ ដែលអ្នកផងស្គាល់ថា ជាអ្នករៀបចំបុណ្យភូមិនោះមានឈ្មោះថា រិទ្ធី លំអរពេជ្រ បានចេញសារប្រតិកម្មចំពោះការចម្លងវីដេអូក្នុង MV បទចម្រៀងថ្មីរបស់តារាស្រី យូរី ដែលមានចំណងជើងថា “រាំស្កុប”។
កញ្ញា លំអរពេជ្រ បានរៀបរាប់នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ខ្លួនថា «ខ្ញុំទើបតែដឹងថាផលិតកម្មសាន់ដេ បានយកវីដេអូឯកសារស្បែកធំរបស់ខ្ញុំទៅប្រើប្រាស់នៅក្នុង MV ថ្មីរបស់ពួកគេដោយគ្មានសុំការអនុញ្ញាតអំពីខ្ញុំ។ នាងខ្ញុំគ្មានអ្វីទៅប្រឆាំងនឹងបទភ្លេងរបស់អ្នកទេ ព្រោះវាជាជំនួញរបស់អ្នក តែនេះជាវីដេអូឯកសាររបស់ខ្ញុំ អ្នកគួរតែធ្វើវាឱ្យស្របច្បាប់ទៅ។ អ្នកមិនអាចប្រើប្រាស់កម្មសិទ្ធិបញ្ញារបស់អ្នកដទៃ ដើម្បីជំនួញរបស់ខ្លួនឯងនោះទេ វាគួរឱ្យខ្មាស់គេណាស់។ បញ្ហាកម្មសិទ្ធិបញ្ញានេះវាកើតឡើង ហើយគួរតែមានចំណាត់ការណាមួយឱ្យបានត្រឹមត្រូវ ហើយក៏សង្ឃឹមថា ក្រសួងនានាដែលពាក់ព័ន្ធ ត្រូវតែមើលលើបញ្ហានេះឱ្យបានលឿនបំផុតដែរ។ មានគំនិតអី បានយករបស់គេមកប្រើធ្វើដូចរបស់ខ្លួនឯងអ៊ីចឹង?»។
ទន្ទឹមនឹងការបញ្ចេញប្រតិកម្មរបស់កញ្ញា លំអរពេជ្រ នេះ ភា្លមៗនោះអ្នកដឹកនាំចម្រៀងនៅក្នុងផលិតកម្មសាន់ដេ និងជាអ្នកដឹកនាំបទ “រាំស្កុប” ដែលច្រៀងដោយកញ្ញា យ៉ូរី និង Bmo បានចេញមុខបកស្រាយ និងធ្វើការសុំអភ័យទោសដោយស្មោះអស់ពីដួងចិត្តចំពោះបញ្ហានេះ ដែលលោកអះអាងថា លោកជាអ្នកប្រព្រឹត្ត ហើយខាងផលិតកម្មគឺពុំបានដឹងរឿងអ្វីឡើយ។ ដើម្បីឱ្យកាន់តែជាក់ច្បាស់បន្ថែម សូមទស្សនាវីដេអូបកស្រាយពី លោក លឹម ប៉េងឈីវ ដែលបានធ្វើការសុំទោសដូចខាងក្រោមនេះ៖