ពិតជាគួរឱ្យភ្ញាក់ផ្អើលបំផុតដែលបទចម្រៀងថ្មីរបស់តារាចម្រៀងប្រុសនៅក្នុងផលិតកម្ម BN លោកចេន រូហ្វើ គឺបទ ”រាំជាន់អាចម៍ឆ្កែ” ត្រូវបានមហាជនសង្កេតឃើញថា ជាការច្រៀងបែបឌឺដងរកមុខអ្នកបីឆ្កែចូលរាំវិញ។ ក្រោយពីធ្វើឱ្យកក្រើកតាមរយៈបទចម្រៀងញាក់បែកស្លុយពីរឆ្នាំជាប់ៗគ្នារួចមក ពេជ្រ សោភាទើបនឹងបញ្ចេញចម្រៀងថ្មីមួយបទ គឺបទ ”បីឆ្កែចូលរាំ” ដែលទទួលបានការគាំទ្រជាច្រើនពីទស្សនិកជនពិសេសក្រុមយុវវ័យ ដោយមានអ្នកចូលទស្សនារាប់សែនដង។
តែ ចំណែកឯអតីតបេក្ខភាពប្រឡងកម្មវិធីចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី1 លោកចេន រូហ្វើ វិញបានបញ្ជាក់ពីការនិពន្ធបទចម្រៀង “រាំជាន់អាចម៍ឆ្កែ” របស់ខ្លួនថា លោកមិនមានបំណងច្រៀងឌឺដងគ្នាជាមួយតារាចម្រៀងរៀមច្បង ពេជ្រ សោភា ទេ។ លោកថា បទចម្រៀងនេះនិពន្ធយូរមកហើយ ហើយលោកក៏មានការភ្ញាក់ផ្អើលដែរដែលបទចម្រៀងនេះបែរជាធ្វើឱ្យអ្នកគាំទ្រយល់ច្រឡំថា ជាបទច្រៀងឌឺគ្នាទៅវិញនោះ។ លោកថា បទចម្រៀងថ្មីរបស់លោកទទួលបានការគាំទ្រគួរសម តែមិនមែនដោយសារតែការច្រៀងឌឺដងគ្នានោះទេ។ លោករំពឹងថាបទចម្រៀងថ្មីរបស់លោកនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។
គួរបញ្ជាក់ផងដែរថា បទ ”បីឆ្កែចូលរាំ” របស់ពេជ្រ សោភា ប៉ះបទ ”រាំជាន់អាចម៍ឆ្កែ” របស់ចេន រូហ្វើ សុទ្ធសឹងជាបទចម្រៀងស្នាដៃនិពន្ធថ្មី ដែលមានចង្វាក់រាំបែបស្ទីលយុវវ័យ អាចនិយាយបានថា សុទ្ធតែស្ថិតនៅក្នុងកំពូលបទចម្រៀងដែលទាក់ទាញចិត្តយុវវ័យនាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះទាំងអស់៕