អាចារ្យធំ ដែលត្រូវបានមហាជនជាច្រើនស្គាល់រូបលោកថា ជាសិល្បករម្នាក់ដែលស្រឡាញ់ជាតិ និងថែរក្សាវប្បធម៌ខ្មែរ ហើយលោកបានខិតខំប្រឹងប្រែងធ្វើរឿងជាច្រើនដើម្បីឱ្យបងប្អូនងាកមកចូលរួមថែរក្សាកេរដំណែលពីដូនតាបន្សល់ទុកឱ្យទៀតផង។
ដោយឡែកនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនាពេលថ្មីៗនេះ បទចម្រៀង «រាំបិទគូទ» ដែលទើបតែបង្ហោះថ្មីៗរបស់លោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ត្រូវបានលោកអាចារ្យធំរិះគន់យ៉ាងចាស់ដៃ និងបញ្ចេញប្រតិកម្មចំពោះការធ្វើឱ្យប៉ះពាល់តម្លៃវប្បធម៌ជាតិខ្មែរ ខណៈបទនោះ លោកបានដាក់រូបក្របវីដេអូ ( Cover ) មានលាយឡំជាមួយរូបល្ខោនខោល និងល្ខោនស្បែកធំ ដែលចំណងជើងបទចម្រៀង និងរូបភាពអាចបង្កឱ្យមានការភាន់ច្រឡំគ្នាពីទម្រង់នៃសិល្បៈបុរាណខ្មែរ។
នៅក្នុងនោះដែរ លោក អាចារ្យធំ បានបញ្ចេញមតិប្រតិកម្មយ៉ាងចំៗថា «ខ្ញុំអាចារ្យធំ សូមប្រកាសជម្រាបដល់លោក ឡេង ណាវ៉ាត់ត្រា ម្ចាស់បទ “រាំបិទគូទ” (ដែលជាសិល្បករ និងមានគោរមងារជាឧកញ៉ាផងនោះ) សូមលោកមេត្តាជួយបំភ្លឺ រឿងបទថ្មីរបស់លោកមួយបទដែលមានចំណងជើងថា “រាំបិទគូទ” ដែលទើបបានបង្ហោះនៅក្នុង Page របស់លោក LengNavatraឡេង ណាវ៉ាត្រាផ្ទាល់ ជាបទញាក់កន្ត្រាក់សរសៃ (ឬក្មេងៗហៅថាបទបែកស្លុយ)នោះផងថា ហេតុអ្វីទើបមានការយករូបភាពទម្រង់សិល្បៈបុរាណខ្មែរ (ល្ខោនខោល-ល្ខោនស្បែក) មកកាត់តដាក់លាយឡំគ្នាក្នុង Background បទនេះទៅវិញ?! ដែលអាចនាំឱ្យមានការភាន់ច្រឡំដល់មហាជនអំពីទម្រង់សិល្បៈបុរាណដើមរបស់ខ្មែរ និងបទបែបបរទេសមួយនេះ»។
អ្នកគាំទ្រសិល្បៈបុរាណ និងល្ខោនខោលខ្មែររូបនេះក៏បានបញ្ជាក់បន្ថែមដែរថា «ខ្ញុំសង្ឃឹមថា លោកនឹងយល់អំពីប្រតិកម្មរបស់ខ្ញុំ ហើយផ្ដល់ការបកស្រាយតាមការគួរ ដើម្បីរួមថែរក្សា អភិរក្ស ការពារ កេរមរតកជាតិទាំងអស់គ្នា ក្រោមឈ្មោះជាមនុស្សខ្មែរដែលរស់ជ្រកក្រោមដំបូលមេឃនៃវប្បធម៌ដូនតាខ្មែរតែមួយ។ សូមអរគុណ!»៕់