លោក Mauricio Pochettino សង្ឃឹមថា បញ្ហារបួសកជើងរបស់ខ្សែប្រយុទ្ធ Harry Kane មិនមានកម្រិតធ្ងន់ធ្ងរឡើយ ក្រោយពីតារាឆ្នើមរូបនេះត្រូវបានបង្ខំចិត្តប្តូរចេញក្នុងតង់ទី1 ក្នុងពេលក្រុមខ្លួនTottenham ទទួលជ័យជម្នះ ក្នុងលទ្ធផល 4-1 នៅលើទឹកដីក្រុម Bournemouth កាលពីថ្ងៃអាទិត្យ។
ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Kane នឹងត្រូវចូលទទួលការពិនិត្យសុខភាពនៅថ្ងៃចន្ទនេះ ក្រោយពីបានរងរបួសនៅកីឡដ្ឋាន Vitality។
ស្របពេលដែលលោក Gareth Southgate អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិអង់គ្លេសនឹងត្រូវជ្រើសរើសសមាជិកក្រុមរបស់ខ្លួនសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិជាមួយនឹងក្រុមជម្រើសជាតិហូឡង់ និងអ៊ីតាលី នៅមុនពេលក្រុម Spurs ត្រូវធ្វើការប្រកួតពាន FA Cup វគ្គ8ក្រុមចុងក្រោយជាមួយនឹងក្រុម Swansea នាសប្តាហ៍ក្រោយដែរ ដោយ Kane អាចនឹងប្រឈមមុខនឹងការអវត្តមានក្នុងរយៈពេលដ៏យូរមួយសម្រាប់ទាំងក្លិប និងប្រទេសរបស់គេ។ ទោះបីជាយ៉ាងណា លោក Pochettino គ្រូបង្វឹករបស់ក្រុម Spurs បានបញ្ជាក់ថា វាឆាប់ពេកហើយក្នុងការដឹងពីទំហំនៃបញ្ហារបួសនេះ ដែលជាការរងរបួសត្រង់ជង្គង់ដែល Kane ធ្លាប់បានជួបកាលពីលើកមុន។ នៅពេលដែលត្រូវបានចោទសួរអំពីស្ថានភាពរបស់ខ្សែប្រយុទ្ធដែលរកបានគ្រាប់បាល់ច្រើនជាងគេរបស់ក្របខ័ណ្ឌ Premier League រូបនេះ លោក Pochettino បានឆ្លើយថា៖ «យើងត្រូវតែរង់ចាំរហូតដល់ថ្ងៃស្អែកនេះ ពីព្រោះយើងត្រូវតែធ្វើការពិនិត្យមើលជង្គង់របស់គេ»។
គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបានបន្ថែមទៀតថា៖ «ពិតណាស់ រូបគេបានរងរបួសដែលវាជាបញ្ហារបួសនៅត្រង់ជង្គង់ដូចដែលរូបគេធ្លាប់បានជួបប្រទះកាលពីលើកមុនដែរ។ ប៉ុន្តែ យើងសង្ឃឹមថា វាមិនមែនជាបញ្ហាធំឡើយ។ រូបគេមានអារម្មណ៍មិនស្រួលនៅត្រង់របួសនោះ នៅពេលដែលរូបគេរត់ និងឈឺរមួលត្រង់ជង្គង់ ដែលធ្វើឱ្យរូបគេមិនអាចលេងបន្តនៅលើទីលានបាន»៕
ប្រភពពី៖ Talksport