លោក Arsene Wenger បានអះអាងថា ស្មារតីរបស់ក្រុម Arsenal បានជួយឱ្យពួកគេឆ្លងផុតដំណាក់កាលដ៏ជ្រួលច្របល់មួយ ក្រោយពីដណ្តើមបានជ័យជម្នះក្នុងលទ្ធផល 3-០ លើក្រុម Watford កាលពីថ្ងៃអាទិត្យ ដើម្បីកាត់បន្ថយសម្ពាធពីលោកគ្រូបង្វឹកដែលស្ថិតក្រោមការរិះគន់រូបនេះ។
លោក Wenger កំពុងតែប្រយុទ្ធដើម្បីសង្គ្រោះការងាររបស់លោក ហើយការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល 2-០ នៅលើទឹកដីក្រុម AC Milan ក្នុងការប្រកួតក្របខ័ណ្ឌ Europa League កាលពីថ្ងៃព្រហស្បតិ៍ បានជួយឱ្យគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ មានការធូរស្រាលពីការរិះគន់ឥតឈប់ឈរដែលលោកបានជួបប្រទះនៅក្នុងរដូវកាលនេះ។
ដើម្បីរក្សាភាពខ្លាំងរបស់ខ្លួនពីការដណ្តើមបានជ័យជម្នះក្នុងការប្រកួតវគ្គ 16ក្រុមចុងក្រោយ នាកីឡដ្ឋាន San Siro ក្រុមរបស់លោក Wenger បានបញ្ចប់ការរងបរាជ័យជាប់ៗគ្នាក្នុងការប្រកួតក្របខ័ណ្ឌ Premier League ត្រឹម 3ប្រកួត ក្រោយពីបានបង្ហាញពីទម្រង់លេងដ៏រឹងមាំនៅកីឡដ្ឋាន Emirates រួចមក។ គ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់កីឡាករ ShkodranMustafi, Pierre-EmerickAubameyang និង HenrikhMkhitaryan បានជួយឱ្យក្រុមរបស់លោក Wenger ដណ្តើមបានជ័យជម្នះក្នុងក្របខ័ណ្ឌលីកជាលើកទី1 ចាប់តាំងពីផ្តួលក្រុម Everton ក្នុងលទ្ធផល 5-1 កាលពីខែកុម្ភៈ។
លោក Wenger បានឱ្យដឹងថា៖ «យើងមានពេលវេលាដ៏ខកចិត្តមួយ ហើយអ្នកគាំទ្ររបស់យើងក៏បានរងគ្រោះដូចយើងផងដែរ។ ប៉ុន្តែ ការងាររបស់យើងគឺការបង្ហាញពីទម្រង់លេងឱ្យបានល្អ និងលេងប្រកបដោយភាពស៊ីចង្វាក់គ្នា ក៏ដូចជាធ្វើឱ្យអ្នកគាំទ្រជឿជាក់លើក្រុមរបស់យើងម្តងទៀតដែរ»៕
ប្រភពពី៖ Channel News Asia