តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី 9 ខែមីនា ឆ្នាំ 2018 នេះ បានឱ្យដឹងថា តារាចម្រៀងប្រុសប្រចាំផលិតកម្ម ថោន គឺលោក ខេម បានចូលរួមជាមួយសមាគមសិល្បៈស័្មគ្រចិត្តជួយសង្គម ក្នុងការស្វែងរកមូលនិធិពីសប្បុរសជនទាំងឡាយ ដើម្បីជួយឧបត្ថម្ភការព្យាបាលជំងឺរបស់លោក យូ ឌីស្កូ ដែលកំពុងតែស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងន់។ លោក ខេម បានរៀបរាប់ពីប្រវត្តិជូជត់កាលពីឆ្នាំ 2007 នៅពេលរូបលោកទើបតែប្រឡងកម្មវិធីចម្រៀង Boy Band ជាប់ថ្មីៗ ហើយនៅពេលនោះផងដែរ ជាអកុសល លោកបានជួបគ្រោះថ្នាក់ចរាចរណ៍នៅម្ដុំស្ពានអាកាសក្បាលថ្នល់ ខណ្ឌ ច្បារអំពៅ។
តារាចម្រៀងស្អករូបនេះ បានពោលពាក្យរៀបរាប់ទាំងអារម្មណ៍ក្ដុកក្តួត ប្រាប់ដល់មហាជន និងអំពាវនាវថា ៖ « កាលជាប់ជ័យលាភីដំបូងៗ ជីវភាពខ្ញុំពិតជាលំបាកណាស់ ខ្ញុំជួបប្រទះគ្រោះថ្នាក់ចរាចរណ៍ តែនៅពេលនោះ មានបងប្រុស យូ ឌីស្កូ បានទិញអាហារ និងមកសួរសុខទុក្ខខ្ញុំ មើលថែខ្ញុំផងដែរ។ ខ្ញុំទំពាអាហារមិនកើតទេ ទើបានជាគាត់បានទិញម៉ាស៊ីនទឹកក្រឡុក ដើម្បីឱ្យកិនក្រឡុកអាហារហូបបាន។ ទៀតសោទ ខណៈនោះ ខ្ញុំមិនទាន់មានកេរ្ដ៍ឈ្មោះល្បីល្បាញអ្វីឡើយ តែខ្ញុំពិតជារំភើប និងដឹងគុណបងប្រុសបំផុត ដែលបានជួយរូបខ្ញុំរហូតមក មិនអាចបំភ្លេចបាន »។
លោកបន្ដថា កន្លងទៅលោកបានចូលរួមចំណែកជួយបងប្រុស យូ ឌីស្កូ ម្ដងរួចមកហើយ នៅពេលនេះ ក៏បានបន្ដជួយទៀត និងបានអំពាវនាវដល់បងប្អូនខ្មែរនៅក្នុងស្រុក និងបរទេស ព្រមទាំងសិល្បករទាំងអស់ សូមឱ្យជួយឧបត្ថម្ភដល់បងប្រុស និងធ្វើបុណ្យដោយការសង្គ្រោះ ព្យាបាលជំងឺរបស់បងប្រុសសិល្បៈកររៀមច្បងរូបនេះផងដែរ៕