សហស្ថាបនិក និងជានាយកប្រតិបត្តិបណ្ដាញទំនាក់ទំនងសង្គមធំជាងគេ លើពិភពលោក Facebook Inc លោក Mark Zuckerberg ត្រូវបានគេដឹងថា ថ្មីៗនេះបានលក់ភាគហ៊ុន Facebook ផ្ទាល់ខ្លួនយ៉ាងច្រើនសន្ធឹកដើម្បីយកលុយទៅទំនុកបម្រុងក្នុងការវិនិយោគលើក្រុមហ៊ុនថ្មីមួយទៀត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters។
តាមការចុះផ្សាយរបស់ Reuters បានឱ្យដឹងថា កាលពីខែកុម្ភៈ កន្លងទៅនេះកំពូលមហាសេដ្ឋីវ័យក្មេង Mark Zuckerberg បានលក់ភាគហ៊ុនរបស់ខ្លួនចំនួន 2ដង ដោយលើកទី1លក់ចំនួន 685,000ហ៊ុន ដោយទទួលបានប្រាក់ចំនួន 125.4លានដុល្លារអាមេរិក និងលើកទី2 លក់ 2.7លានហ៊ុនថែមទៀតដោយសរុបទាំងពីរលើកទទួលបានប្រាក់ 482.2លានដុល្លារអាមេរិក។
លុយដែលបានពីការលក់ភាគហ៊ុនទាំងពីរលើកនេះ មិនត្រូវបានលោក Mark Zuckerberg បញ្ជាក់ថា យកទៅធ្វើអ្វីនោះទេ ប៉ុន្តែខាងក្រុមអ្នកឃ្លាំមើលបានលើកឡើងថា លុយទាំងអស់នោះ គឺ Mark Zuckerberg យកទៅវិនិយោគបន្ថែមទៅលើក្រុមហ៊ុន Chan Zuckerberg Initiative ដែលបង្កើតឡើងដោយលោកជាមួយនឹងភរិយា ហើយក្រុមហ៊ុនមួយនេះ គឺផ្ដោតសំខាន់លើការអភិវឌ្ឍផ្នែកវិទ្យាសាស្ត្រអប់រំ និងវិស្វកម្ម។
កាលពីខែកញ្ញា ឆ្នាំ2017 លោក Mark Zuckerberg បានប្រកាសថា លោកនឹងលក់ភាគហ៊ុនដែលមាននៅក្នុងបណ្ដាញសង្គម Facebook ចន្លោះពី 35 ទៅ 75លានហ៊ុន នៅក្នុងរយៈពេល 18ខែបន្ទាប់ ដែលតាមការប៉ាន់ប្រមាណអាចប្រមូលប្រាក់បានរហូតដល់ 13ពាន់លានដុល្លារអាមេរិក។
គួរបញ្ជាក់ដែរថា លោក Mark Zuckerberg គឺជាបុគ្គលតែម្នាក់គត់ ដែលមានភាគហ៊ុន Facebook ច្រើនជាងគេ ដោយកាលពីឆ្នាំ2016 លោកបានលក់ភាគហ៊ុនដោយទទួលបានលុយ 1.6ពាន់លានដុល្លារអាមេរិកម្ដងរួចមកហើយ៕