ការសាងអត្តសញ្ញាណផ្ទាល់ខ្លួន ឬសាងម៉ាកសញ្ញាផ្ទាល់ខ្លួន (personal branding) ជារឿងសំខាន់មួយសម្រាប់ម្ចាស់អាជីវកម្មសម័យថ្មី ជាពិសេសអាជីវកម្មដែលរកស៊ីតាមប្រព័ន្ធអេឡិចត្រូនិក (e-commerce) ដែលទាមទារឱ្យមានចំណាប់អារម្មណ៍ខ្លាំងពីអតិថិជន។
លោក ហាក់ គីមថុង ស្ថាបនិក និងជានាយក Kumnit Creative បានលើកឡើងថា សម្រាប់អ្នកធ្វើអាជីវកម្មចាំបាច់ត្រូវតែមានកេរ្តិ៍ឈ្មោះល្អ និងមានអត្តសញ្ញាណច្បាស់លាស់សម្រាប់ឱ្យអតិថិជនបានស្គាល់ពីភាពខ្លាំងរបស់ខ្លួន។ អ្នករកស៊ីត្រូវចេះវិនិយោគខ្លួនឯងក្នុងរយៈពេលយូរ ជាមួយនឹងការសាងកេរ្តិ៍ឈ្មោះឱ្យបានល្អ រួមទាំងទំនាក់ទំនងទូលំទូលាយមុនពេលបង្ហាញផលិតផលរបស់ខ្លួនទៅកាន់អតិថិជន ព្រោះថា នៅពេលដែលអតិថិជនបានស្គាល់ពីភាពខ្លាំងរបស់យើងច្បាស់លាស់ យើងនឹងទទួលបានការជឿទុកចិត្តលើផលិតផលរបស់យើងកាន់តែខ្លាំងឡើងដូចគ្នា។
លោក ហាក់ គីមថុង បាននិយាយថា ៖ “អ្នកដែលចង់ធ្វើអាជីវកម្ម គួរមានគោលដៅច្បាស់លាស់ក្នុងការផ្សព្វផ្សាយឱ្យសាធារណជនមើលឃើញពីចំណុចពិសេសរបស់ខ្លួនយូរអង្វែង ហើយត្រូវដាក់ផែនការក្នុងការធ្វើវា រហូតទទួលបានចំណាប់អារម្មណ៍ច្រើនពីអតិថិជនគោលដៅរបស់ខ្លួន។
លោក ហាក់ គីមថុង បានលើកឡើងផងដែរថា មានមនុស្សជាច្រើន ជាពិសេសអ្នករកស៊ីតាមបណ្តាញអនឡាញដែលគាត់ផ្សព្វផ្សាយតែពីផលិតផលខ្លាំងពេក បែរជាធ្វើឱ្យគាត់ក្លាយជាមនុស្សគួរឱ្យរំខាន ឬមិនសូវមានអ្នកចាប់អារម្មណ៍ទៅវិញ។ បញ្ហានេះ មកពីអតិថិជនរបស់គាត់មិនទាន់ស្គាល់ និងទុកចិត្តគាត់នៅឡើយ ហើយពេលខ្លះថែមទាំងបង្ហាញនូវការមិនចូលចិត្តទៀតផង។ ជាជម្រើសល្អសម្រាប់ពួកគាត់ គឺគាត់អាចសាកល្បងបង្ហាញអំពីខ្លួនគាត់ជាមុនសិន បន្ទាប់មកតាមរយៈកេរ្តិ៍ឈ្មោះល្អរបស់គាត់ គាត់អាចនឹងមានឥទ្ធិពលសម្រាប់ការណែនាំដល់អតិថិជនឱ្យប្រើប្រាស់ផលិតផល ឬសេវាដែលគាត់កំពុងធ្វើអាជីវកម្មនោះបានយ៉ាងមានប្រសិទ្ធភាព។
បង្ហាញលើចំណុចនេះដែរ លោក ម៉ៅ វិបុលអគ្គនាយកហាងកាហ្វេ Brewhouse បានលើកឡើងថា កេរ្តិ៍ឈ្មោះផ្ទាល់ខ្លួនពិតជាសំខាន់ណាស់សម្រាប់អ្នកធ្វើអាជីវកម្ម ព្រោះថា នៅពេលដែលយើងមានឈ្មោះល្អ អតិថិជននឹងទុកចិត្ត និងគាំទ្រយើងច្រើន ប្រសិនបើសេវាកម្ម ឬផលិតផលរបស់យើងមានគុណភាពល្អ។ ម្យ៉ាងវិញទៀត ក្រៅពីទទួលបានចំណាប់អារម្មណ៍ពីអតិថិជនហើយ ការមានកេរ្តិ៍ឈ្មោះល្អ បូករួមទាំងមានគម្រោងអាជីវកម្មល្អផង អាចធ្វើឱ្យយើងមានភាពងាយស្រួលក្នុងការស្វែងរកដៃគូអាជីវកម្ម ឬប្រភពទុនបន្ថែមទៀតផង។
លោក ម៉ៅ វិបុល បាននិយាយថា ៖ “នៅពេលដែលយើងចាប់ផ្តើមអាជីវកម្មដំបូង យើងចាំបាច់ត្រូវធ្វើការប្រមូលទុនជាមុនសិន ប្រសិនបើយើងមានឈ្មោះមិនសូវល្អ យើងក៏មិនអាចប្រមូលទុន ឬស្វែងរកដៃគូបានល្អដែរ ផ្ទុយមកវិញប្រសិនបើយើងមានភាពច្បាស់លាស់ យើងនឹងក្លាយជាមនុស្សដែលអាចដោះស្រាយបញ្ហាអាជីវកម្មបានយ៉ាងងាយស្រួល។
សហគ្រិនខាងលើបានលើកឡើងផងដែរថា បើនិយាយពីការដោះស្រាយបញ្ហាទុនធ្វើអាជីវកម្ម គឺគេគិតពីទុនដែលមាននៅក្នុងដៃ និងទុនដែលមិនទាន់មាននៅក្នុងដៃ។ ទុនដែលមិនទាន់មាននៅក្នុងដៃ គឺជាទុនបង្វិលដែលយើងទទួលបានពីសាច់ញាតិដែលស្និទ្ធស្នាលបំផុត ឬប្រភពមួយចំនួនទៀតដែលចុងក្រោយអាចជាកម្ចីធនាគារ ប្រសិនបើយើងមានឈ្មោះល្អ និងគម្រោងអាជីវកម្មល្អយើងនឹងអាចទទួលបានការទុកចិត្ត ហើយទទួលបានទុននោះយ៉ាងងាយ។ ហេតុនេះហើយ ទើបអ្នកធ្វើអាជីវកម្មចាំបាច់ត្រូវតែរក្សាឱ្យបាននូវភាពស្មោះត្រង់ និងភាពច្បាស់លាស់ស្របពេលដែលយើង មានគំនិតអាជីវកម្មល្អហើយដែរ៕