រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានសម្ដែងក្តីបារម្ភចំពោះគុណភាពសំណង់ដែលបាន និងកំពុងសាងសង់ដែលមិនទាន់អាចគ្រប់គ្រងបានទាំងស្រុងនៅឡើយ និងបានអំពាវនាវដល់អ្នកអភិវឌ្ឍន៍វិស័យសំណង់ទាំងអស់ឱ្យរួមគ្នាផ្តោតការយកចិត្តទុកដាក់លើគុណភាពសំណង់នៅកម្ពុជាផង។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអះអាងថា រឿងរ៉ាវក្នុងវិស័យសំណង់ត្រូវបានធ្វើយ៉ាងល្អប្រសើរច្រើនមកហើយ ប៉ុន្តែរឿងដែលនៅសេសសល់តិចតួចទាក់ទងនឹងការគ្រប់គ្រងគុណភាព នៅតែជាបញ្ហាចោទនៅឡើយ។
ឯកឧត្តម ជា សុផារ៉ា បញ្ជាក់ថា៖ “នៅសេសសល់បញ្ហាដែលយើងត្រូវរួមគ្នាធ្វើគឺ បង្កើនគុណភាពដែលចាត់ទុកថា វានៅតែជាបញ្ហានៅឡើយ។ ការបង្កើនគុណភាពនេះ កន្លងមកយើងឃើញថា លក្ខណៈ និងសោភ័ណភាពយើងមានហើយ ប៉ុន្តែនៅខ្វះចន្លោះខ្លះត្រង់ការត្រួតពិនិត្យគុណភាព។
ឯកឧត្តម ទេសរដ្ឋមន្ត្រីក៏បានសំណូមពរឱ្យក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានទាំងអស់បង្កើនការត្រួតពិនិត្យគុណភាពសំណង់ឱ្យបានច្បាស់លាស់ដើម្បីផ្តល់នូវសុវត្ថិភាព និងផាសុកភាពដល់ពលរដ្ឋដែលជាអតិថិជនទិញនូវសំណង់សម្រាប់ស្នាក់នៅ។ ឯកឧត្តម បញ្ជាក់ថា៖ “សំណូមពររបស់ខ្ញុំនៅពេលនេះ គឺសុំឱ្យជួយពិនិត្យបង្កើនគុណភាពសំដៅផាសុកភាព។ វាជាការអៀនខ្មាស់ណាស់ឧទាហរណ៍ថាពេលយើងធ្វើរួច វាបាក់ ឬស្រុត ដែលអាចប៉ះពាល់ដល់សេចក្តីសុខ សុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
របាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញឱ្យឃើញថា គិតត្រឹម 7ឆ្នាំចុងក្រោយនេះ ចាប់ពីឆ្នាំ2010 រហូតមកដល់ខែកញ្ញា ឆ្នាំ2017 ក្រសួងសេដ្ឋកិច្ច បានផ្តល់អាជ្ញាប័ណ្ណជូនក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន សរុបចំនួន 213គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ 3,375លានដុល្លារអាមេរិក។ ក្នុងចំណោមគម្រោងដែលទទួលបានអាជ្ញាប័ណ្ណទាំងអស់ ក្នុងនោះគម្រោងបុរីមានចំនួន 132គម្រោង ស្មើនឹង 31,997ខ្នងផ្ទះ និងអគារសហកម្មសិទ្ធិមានចំនួន 81គម្រោង ស្មើនឹង 29,612 យូនីត។
វិស័យសំណង់ គឺជាវិស័យស្នូលដ៏សំខាន់មួយនៃការផ្លាស់ប្តូរនៅក្នុងប្រទេសកម្ពុជា ហើយមកទល់បច្ចុប្បន្ននេះ ឧស្សាហកម្មសំណង់នៅប្រទេសកម្ពុជាបានបង្កើតរហូតដល់ប្រមាណ 1ភាគ10 នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស និងបានបង្កើតការងារដោយផ្ទាល់ និងមិនផ្ទាល់សម្រាប់ប្រជាពលរដ្ឋជាច្រើន។ នេះបើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ នៅក្នុងពិធីសន្និបាតបូកសរុបការងារប្រចាំឆ្នាំ 2017 និងលើកទិសដៅផែនការការងារសម្រាប់ឆ្នាំ2018 លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានលើកឡើងថា បន្ទាប់ពីបានបង្កើតឡើងកាលពីចុងឆ្នាំ2015 សមាគមនេះបានសម្រេចជោគជ័យលើកិច្ចការជាច្រើន ដូចជា ជួយដោះស្រាយបញ្ហាពន្ធដារជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជួយសម្របសម្រួលទាក់ទងនឹងបណ្តាញអគ្គិសនីជាមួយអាជ្ញាធរអគ្គិសនីកម្ពុជា បណ្តាញទឹកស្អាត និងបណ្តាញហេដ្ឋារចនាសម្ព័ន្ធជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងការងារពាក់ព័ន្ធការអភិវឌ្ឍលំនៅឋានជាច្រើនទៀត៕