ស្ត្រីគឺជាសសរទ្រូងសុភមង្គលដែលគ្រួសារនីមួយៗមិនអាចខ្វះបាន ព្រោះស្ត្រីអាចដើរតួជាម្តាយល្អម្នាក់ទាំងនៅក្នុងសង្គម ក្នុងក្រុមហ៊ុន និងក៏ដូចជានៅក្នុងក្រុមគ្រួសារដែលមានតួនាទីមើលថែក្មេងៗជំនាន់ក្រោយ បុគ្គលិក ក៏ដូចជាកូនៗរបស់ខ្លួនដែរ។
មានពាក្យស្លោកមួយពោលថា “បុរសជាអ្នកដឹក ស្ត្រីជាអ្នកនាំ” ស្ត្រីអាចធ្វើរឿងជាច្រើនក្នុងពេលតែមួយបាន ស្ត្រីមានភាពអត់ធ្មត់ខ្លាំងជាងបុរស ជាហេតុដែលនាំឱ្យស្ត្រីអាចជម្នះឧបសគ្គបានគ្រប់យ៉ាង និងអាចបត់បែនបានគ្រប់កាលៈទេសៈ។
អគ្គនាយិកាក្រុមហ៊ុន D’ Furniture លោកជំទាវ តាំង ហ្គិចលៀង បានលើកឡើងថា ស្ត្រីមានតួនាទីសំខាន់ខ្លាំងណាស់សម្រាប់គ្រួសាររបស់ខ្លួន ស្ត្រីអាចធ្វើឱ្យគ្រួសារមានសុភមង្គល ជួយលើការងារអប់រំ មើលថែទាំបុត្រធីតា និងការតម្រង់ទិសដល់បុត្រធីតាសម្រាប់ថ្ងៃអនាគត ស្ត្រីអាចមានលទ្ធភាពក្នុងការជួយដល់កិច្ចការរបស់ស្វាមី ក្រៅពីនេះស្ត្រីក៏ជាអ្នកដែលអាចធ្វើឱ្យមនុស្សជុំវិញខ្លួនមានភាពរីករាយ និងមានស្នាមញញឹមគ្រប់ពេល។ លោកជំទាវបញ្ជាក់ផងដែរថា ប្រសិនបើយើងចេះបែងចែកពេលវេលាបានច្បាស់លាស់ នោះយើងនឹងក្លាយជាបុគ្គលសំខាន់សម្រាប់មនុស្សគ្រប់គ្នា។
លោកជំទាវ តាំង ហ្គិចលៀង បានមានប្រសាសន៍ថា៖ “ការរក្សាតុល្យភាពរវាងគ្រួសារ និងការធ្វើអាជីវកម្ម ក៏ដូចជាការរក្សាទំនាក់ទំនងល្អជាមួយមិត្តភ័ក្តិគឺជារឿងសំខាន់សម្រាប់ស្ត្រី ហេតុនេះហើយទើបនាងខ្ញុំចំណាយពេលជារៀងរាល់ព្រឹកសម្រាប់ការរៀបចំ និងមើលការខុសត្រូវលើរបបអាហារកូនៗ ហើយជូនពួកគាត់ទៅសាលារៀន បន្ទាប់មកត្រូវទៅក្រុមហ៊ុនរៀបចំចាត់ចែងការងារ ចំណែកពេលបាយថ្ងៃត្រង់ជាពេលវេលាសម្រាប់ជួបជាមួយមិត្តភ័ក្តិ ពេលល្ងាចជាពេលវេលាសម្រាប់ផ្តល់ជូនឪពុកម្តាយ ចំពោះថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ គឺជាពេលវេលាដ៏ល្អសម្រាប់កំដរកូនៗ និងស្វាមី។
លោកជំទាវ បានបញ្ជាក់ផងដែរថា ប្រសិនបើយើងអាចបែងចែកពេលវេលាបានល្អសម្រាប់អ្នកទាំងអស់គ្នា យើងនឹងទទួលបាននូវទំនាក់ទំនងល្អ ភាពស្និទ្ធស្នាល ហើយថែមទាំងអាចធ្វើឱ្យអ្នករាល់គ្នាទទួលបាននូវភាពរីករាយគ្រប់ពេលវេលា។ មានមនុស្សមួយចំនួនទទួលបានជោគជ័យក្នុងអាជីវកម្ម តែមិនទទួលបានជោគជ័យក្នុងជីវិតគ្រួសារនោះទេ ព្រោះពួកគាត់អាចគិតតែមួយផ្នែក ដោយមិនបានធ្វើការបែងចែកពេលវេលាឱ្យបានល្អ។
សម្រាប់លោកជំទាវ គឺប្រើប្រាស់ភាពជាអ្នកដឹកនាំក្នុងភាពជាម្តាយសម្រាប់មនុស្សគ្រប់គ្នា ព្រោះអ្នកនៅជុំវិញខ្លួនយើងសុទ្ធតែជាមនុស្សសំខាន់។ ភាពជាម្តាយគឺត្រូវតែយកចិត្តទុកដាក់ចំពោះកូនៗទាំងអស់គ្នា ហើយព្យាយាមប្រើភាពទន់ភ្លន់ដើម្បីអប់រំ ណែនាំ និងតម្រង់ទិសដល់កូនៗឱ្យបានល្អ។ បុគ្គលិកនៅក្នុងក្រុមហ៊ុនទាំងអស់ក៏ចាត់ទុកថាជាកូន បងប្អូនសាច់ញាតិក៏រាប់ថាជាកូន ហេតុនេះយើងត្រូវដឹងឱ្យច្បាស់ថា វាសនារបស់អ្នកទាំងអស់នោះគឺនៅក្នុងដៃរបស់យើង យើងត្រូវតែខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាពក្នុងការរៀបចំ ចាត់ចែង និងផ្តល់ក្តីស្រឡាញ់ ផ្តល់គំនិតវិជ្ជមានដើម្បីឱ្យអ្នកទាំងអស់គ្នាទទួលបាននូវភាពកក់ក្តៅ។ ការដឹកនាំបែបនេះអាចធ្វើឱ្យស្ត្រីក្លាយជាមនុស្សដ៏គួរឱ្យគោរពស្រឡាញ់ពីក្រុមគ្រួសារផង ពីបុគ្គលិកក្រោមបង្គាប់ផង និងពីមិត្តភ័ក្តិផងដែរ។
លោកជំទាវបានលើកឡើងផងដែរថា នៅក្នុងជីវិតប្តីប្រពន្ធតែងតែមានរឿងឈ្លោះប្រកែកគ្នាខានមិនបាន នៅពេលដែលយើងឈ្លោះគ្នាអត់មានផលចំណេញទេ ផ្ទុយទៅវិញយើងទាំង2នាក់ប្តីប្រពន្ធខាតបង់ច្រើន ខាតទាំងពេលវេលា ខាតទាំងអារម្មណ៍ខឹងមួម៉ៅ ប៉ុន្តែលោកជំទាវបានប្រាប់ថា មានថ្នាំម្យ៉ាងសម្រាប់បន្សាបកំហឹងបាននោះគឺ ក្តីអាណិតក្នុងនាមយើងជាភរិយាល្អត្រូវចេះអត់ឱន អធ្យាស្រ័យដោយប្រើមនោសញ្ចេតនា ក្តីអាណិត និងក្តីស្រឡាញ់ជាធំ គឺប្រើនយោបាយម្តាយស្រឡាញ់កូន ព្រោះជាក់ស្តែងបើយើងខឹងកូនយើង គឺខឹងតែមួយភ្លែតទេ ចុះហេតុអីចំពោះស្វាមីរបស់យើង ជាមនុស្សដែលយើងស្រឡាញ់ខ្លាំងបំផុតនោះ យើងមិនអាចលើកលែងឱ្យគាត់បាន? យើងត្រូវគិតឡើងវិញថា រឿងរ៉ាវអ្វីខ្លះដែលធ្វើឱ្យយើងឈ្លោះគ្នា ជួនកាលរឿងខ្លះវាជារឿងតូចបំផុត ពាក់ព័ន្ធនឹងការទាមទាររបស់យើងខ្ពស់ពីស្វាមីពេកទេដឹង? យើងត្រូវព្យាយាមហាត់ពត់ខ្លួនឯងឡើងវិញ ដោយកាត់បន្ថយការទាមទារ ព្យាយាមសម្របខ្លួនក្នុងការរស់នៅជាមួយគ្នា ហើយត្រូវចេះធ្វើហីខ្លះទើបបាន ទើបមិនធ្វើឱ្យយើងឈ្លោះគ្នាច្រើន ហើយប្រសិនបើកំហុស នោះកើតឡើងដោយសារខ្លួនយើងវិញ កុំខ្លាចពាក្យថាសុំទោស មិនមែនការសុំទោស ធ្វើឱ្យយើងអន់នោះទេ តែផ្ទុយទៅវិញវាបានផ្តល់តម្លៃកាន់តែខ្លាំងដល់ខ្លួនយើងថែមទៀតផង ព្រោះពាក្យសុំទោសចំពោះអ្នកដទៃវាជាការបញ្ជាក់ពីការទទួលខុសត្រូវខ្ពស់របស់យើង។
លោកជំទាវបានមានប្រសាសន៍ថា នៅក្នុងសង្គមយើងបច្ចុប្បន្ន យើងសង្កេតឃើញថាជីវិតគ្រួសារក្មេងៗជំនាន់ក្រោយ ពួកគាត់មិនសូវចេះអត់ធ្មត់ក្នុងការរស់នៅជាមួយគ្នាទេ អត្រានៃការលែងលះមានចំនួនច្រើន ដែលបញ្ហានេះកើតឡើងដោយសារការមិនព្រមព្យាយាមសម្របខ្លួនក្នុងការរស់នៅជាមួយគ្នា ព្រោះតែពួកគាត់ ភាគច្រើនកើតមកមិនបានឆ្លងកាត់ការលំបាក ឪពុកម្តាយគាត់ជាអ្នកធូរធារមានលុយកាក់ផ្គត់ផ្គត់ជួយដល់គាត់គ្រប់រឿង ដូច្នេះពួកគាត់មិនយល់ទេពាក្យថា ទ្រាំ និងទ្រាំដើម្បីអ្វី ជាហេតុធ្វើឱ្យពួកគាត់បែកគ្នា។
លោកជំទាវបញ្ជាក់ថា “មកទល់បច្ចុប្បន្ននេះខ្ញុំបានជួយប្តីប្រពន្ធ4គូដែលប្រុងដឹកដៃគ្នាទៅលែងលះ បន្ទាប់ពីជួបជាមួយខ្ញុំរួចមក ខ្ញុំបានសួរនាំ និងផ្តល់យោបល់ល្អៗ បានធ្វើឱ្យពួកគាត់ភ្ញាក់ខ្លួនពីទង្វើរបស់គាត់កន្លងមក ហើយសម្រេចចិត្តផ្លាស់ប្ដូរចិត្តពីការលែងលះ មករួមរស់នៅជាមួយគ្នាឡើងវិញ។ លោកជំទាវបានបន្តថា “អ្វីដែលខ្ញុំសប្បាយចិត្តជាងគេ គឺខ្ញុំមានមុខរបរមួយ អត់ចំណេញប្រាក់ទេ តែជាមុខរបរដែលខ្ញុំស្រឡាញ់ជាងគេ គឺការលើកទឹកចិត្តអ្នកដទៃ និងបានជួយគេជារៀងរាល់ថ្ងៃ។
ចំពោះការអប់រំដល់បុត្រធីតា លោកជំទាវបានមានប្រសាសន៍ថា យើងត្រូវមានវិធីសាស្ត្រក្នុងការនិយាយជាមួយពួកគាត់ លោកជំទាវបន្តថា “កូនខ្ញុំអាយុ8ឆ្នាំ ខ្ញុំព្យាយាមនិយាយជាមួយគាត់មិនឱ្យលើស10នាទីទេ ព្រោះបើយើងនិយាយយូរជាងនេះគាត់នឹងស្តាប់មិនចូលទេ” យើងត្រូវមានចិត្តសាស្ត្រក្នុងការនិយាយជាមួយពួកគាត់ដោយធ្វើយ៉ាងណាឱ្យគាត់ចាត់ទុកយើងជាមិត្តភ័ក្តិជិតស្និទ្ធ ទើបគាត់អាចប្រាប់យើងនូវរឿងគ្រប់យ៉ាងរបស់គាត់បាន ដូច្នេះបន្ទាប់ពីយើងបានដឹងរឿងរ៉ាវរបស់គាត់ហើយ យើងនឹងរិះរកវិធីដើម្បីជួយដោះស្រាយគាត់មួយជំហានម្តងៗ គឺមិនអាចធ្វើដោយបង្ខំបានទេ។
ជាចំណងដៃសម្រាប់ថ្ងៃ8 មិនានេះ លោកជំទាវក៏បានផ្តល់អនុសាសន៍ដល់ស្ត្រីទាំងឡាយ ឱ្យចេះស្រឡាញ់ខ្លួនឯងឱ្យបានច្រើន កុំធ្វើបាបខ្លួនឯងដោយការខឹង ព្រោះការខឹងធ្វើឱ្យយើងខូចអារម្មណ៍ខូចទាំងសម្រស់ ខូចទាំងសុខភាព ខូចទាំងមនោសញ្ចេតនាដែលយើងខំសាងពីមុនមក។ ត្រូវចាំថាស្ត្រីគឺជាបេះដូងរបស់គ្រួសារ ដូច្នេះយើងត្រូវតែធ្វើជាអ្នកបង្កើតនូវសកម្មភាពល្អៗដើម្បីឱ្យគ្រួសារទទួលបាននូវសេចក្តីសុខសុភមង្គល យើងត្រូវតែមានភាពទន់ភ្លន់ ក្រមិចក្រមើម ញ៉េះញ៉ោះ លួងលោមដើម្បីផ្លាស់ប្តូរបរិយាកាសអាប់អួឱ្យទៅជារីករាយ វាមិនមែនជាភាពអៀនខ្មាស់ដែលយើងត្រូវធ្វើដូច្នេះនោះទេ តែផ្ទុយទៅវិញ វាជាតួនាទីរបស់យើងដែលជាភរិយាក្នុងនាមជាមនុស្សស្រី ព្រោះធម្មជាតិរបស់មនុស្សប្រុសទូទៅមិនអាចធ្វើចំណុចនេះបានល្អដូចយើងជាស្ត្រីឡើយ។ ដូច្នេះស្ត្រីត្រូវដឹងខ្លួនឯងថា តួនាទីរបស់យើង គឺជាអ្នកផ្តល់សេចក្តីសុខសុភមង្គលដល់មនុស្សជុំវិញខ្លួន មិនមែនត្រូវរង់ចាំឱ្យគេជាអ្នកផ្តល់សេចក្តីសុខសុភមង្គលមកឱ្យយើងវិញនោះទេ បើយើងគិតដូច្នេះនោះគ្រួសាររបស់យើងនឹងមិនមានសេចក្តីសុខនោះឡើយ៕