ចំពោះការធ្វើអាជីវកម្មនាពេលបច្ចុប្បន្ន យើងសង្កេតឃើញថា ស្ត្រីចាប់ផ្តើមមានភាពក្លាហាន ចេញប្រឡូកក្នុងការដឹកនាំធ្វើជំនួញ មិនចាញ់បុរសប៉ុន្មានទេ ភាគច្រើនជាប្រភេទអាជីវកម្មធុនតូច និងមធ្យម។
លោកជំទាវ ឧកញ៉ា លីម ឈីវហូរ ជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានលើកឡើងថា មនុស្សស្រីត្រូវមានក្តីស្រមៃរបស់ខ្លួន ហើយក្តីស្រមៃនឹងក្លាយជាការពិតនៅពេលដែលយើងបានខិតខំប្រឹងប្រែង និងព្យាយាមឱ្យអស់ពីសមត្ថភាព មិនរួញរា តស៊ូអត់ធ្មត់ និងជម្នះគ្រប់ឧបសគ្គទាំងឡាយ។ ពីមុនលោកជំទាវក៏ជាមនុស្សស្រីដ៏សាមញ្ញម្នាក់ដែរ តែដោយសារក្តីស្រមៃទើបធ្វើឱ្យលោកជំទាវក្លាយជាសហគ្រិនស្ត្រីម្នាក់ និងជាគំរូរបស់ស្ត្រីជាច្រើននៅកម្ពុជាដូចសព្វថ្ងៃនេះ។ ដើម្បីសម្រេចបានជោគជ័យក្នុងជំនួញ លោកជំទាវបានលើកឡើងថាស្ត្រីគ្រប់រូបគួរចាប់ផ្តើមពីការបង្កើតក្តីស្រមៃរបស់ខ្លួនជាមុនសិន ហើយត្រូវរៀនសូត្រ និងកសាងខ្លួននៅក្នុងស្ថាប័នណាមួយឱ្យមានបទពិសោធជាមូលដ្ឋានគ្រឹះ បន្ទាប់មកត្រូវចាប់ផ្តើមបង្កើតមុខរបរដោយខ្លួនឯងពីដើមទុនបន្តិចបន្តួច ប្រកបដោយទំនុកចិត្ត និងការជឿជាក់លើខ្លួនឯងជាមួយភាពអំណត់អត់ធ្មត់ និងការបូជាលះបង់។
លោកជំទាវបានបន្ថែមទៀតថា នៅពេលដំណាក់កាលនីមួយៗត្រូវបានអនុវត្ត នោះអ្នកនឹងយល់ថាជំហានឈានទៅរកភាពជោគជ័យបានខិតចូលមកដល់។ ទោះជាយ៉ាងណាក៏ដោយ លោកជំទាវតែងតែចែករំលែកបទពិសោធនៃភាពជោគជ័យនេះទៅដល់មនុស្សដែលនៅជុំវិញខ្លួន មិនថាសាច់ញាតិ មិត្តភ័ក្តិ ឬក៏បុគ្គលិកដែលធ្វើការជាមួយលោកជំទាវនោះទេ គឺតាមរយៈដំបូន្មាន និងការណែនាំបង្ហាត់បង្រៀនពីវិធីសាស្ត្រក្នុងការធ្វើជំនួញ និងវិធីសាស្ត្រនៃការដោះស្រាយបញ្ហាផ្សេង។
លោកជំទាវ ឧកញ៉ា លីម ឈីវហូរ មានប្រសាសន៍ថា៖ “ពីសម័យមុន ស្ត្រីមិនសូវបានចូលសាលារៀនទេ ស្ត្រីភាគច្រើនគឺជាមេផ្ទះ ហើយពឹងផ្អែកទៅលើរបរចិញ្ចឹមជីវិតដោយសារប្តី ដែលជាហេតុធ្វើឱ្យខ្ញុំចង់បង្ហាញដល់ស្ត្រីគ្រប់គ្នាឱ្យឃើញថា សម័យមុនបានកន្លងហួសទៅហើយ អតីតកាលគឺជាមេរៀនដែលបង្រៀនមនុស្សឱ្យចេះកែលម្អនូវការខ្វះខាត និងស្វែងរកគំនិតថ្មីៗ និងបង្កើតនូវអ្វីដែលថ្មីមានភាពច្នៃប្រឌិត និងរីកចម្រើនល្អប្រសើរជាងមុន។
លោកជំទាវបានបន្ថែមផងដែរថា ការជ្រោមជ្រែងពីស្វាមីជាកត្តាល្អមួយផ្នែក ប៉ុន្តែការបង្អាក់បំភ័យពីស្វាមីគឺជាកត្តាមិនល្អ តែលោកជំទាវយល់ថា ការលើកទឹកចិត្ត ឬការបង្អាក់ទឹកចិត្តគ្រាន់តែជាកត្តាខាងក្រៅប៉ុណ្ណោះ សំខាន់ស្ត្រីខ្លួនឯងផ្ទាល់ដែលគួរគិតថា តើខ្លួនត្រូវទៅទីណា ដើម្បីសម្រេចអ្វី ដើម្បីខ្លួនឯងឬយ៉ាងណា? ស្ត្រីខ្លួនឯងជាអ្នកកំណត់គោលដៅដែលខ្លួនចង់ទៅ មិនថាមានឧបសគ្គ ឬការជំរុញនោះទេ ស្ត្រីគួរផ្តោតទៅរកគោលដៅនោះដោយសារការសម្រេចចិត្តដ៏ត្រឹមត្រូវមួយដែលថ្លឹងថ្លែងរកហេតុ និងផល ដូច្នេះកត្តាដែលជះឥទ្ធិពលពីខាងក្រៅនឹងមិនអាចជាការរាំងស្ទះបានឡើយ។
ចំពោះលក្ខណៈពិសេសរបស់ស្ត្រីក្នុងការធ្វើអាជីវកម្ម លោកជំទាវ បានណែនាំដល់ស្ត្រីកម្ពុជាទូទៅថា សម្រស់ខាងក្រៅពិតជាសំខាន់ ដូច្នេះការធ្វើខ្លួនឱ្យល្អ តុបតែងខ្លួនឱ្យបានស្អាតសមរម្យក៏ជាផ្នែកដែលឆ្លុះបញ្ជាំងពីការចេះរៀបចំទុកដាក់របស់ស្ត្រីពីតម្លៃ និងភាពថ្លៃថ្នូររបស់ស្ត្រីយើងដែរ។
ការចេះប្រើប្រាស់ពាក្យសម្តីផ្អែមល្ហែម ទន់ភ្លន់សមរម្យតាមទីកន្លែង និងពេលវេលាគឺជាចំណុចសំខាន់មួយដែលស្ត្រីគួរចាប់អារម្មណ៍ព្រោះសម្តីដែលនិយាយចេញមកហើយ គឺមិនអាចលេបទុកវិញបានទេ ដូច្នេះសម្តីរបស់អ្នកធ្វើអាជីវកម្មពិតជាមានតម្លៃណាស់។ ការរួសរាយរាក់ទាក់ និងមានទំនាក់ទំនងល្អជាមួយដៃគូសហការការងារ ក៏ជាផ្នែកចាំបាច់មួយដែរព្រោះថា ទំនាក់ទំនងដែលកសាងបានល្អអាចនឹងនាំជាផលប្រយោជន៍ផ្សេងៗនាពេលអនាគត។
ចំណែកភាពប្រឈមរបស់ស្ត្រីក្នុងការធ្វើជំនួញវិញ លោកជំទាវបានបញ្ជាក់ផងដែរថា ពេលចេញធ្វើជំនួញ ស្ត្រីភាគច្រើនតែងជួបប្រទះការលំបាកជាច្រើនដូចជា ការមិនឱ្យតម្លៃពីភាគីបុរស ដែលពួកគាត់ភាគច្រើនគិតថាស្ត្រីជាភេទដែលមានកម្លាំងទន់ខ្សោយ និងមានចិត្តទន់ជ្រាយ មានការលំបាកក្នុងការធ្វើដំណើរ មិនថាពេលថ្ងៃ ឬយប់អាធ្រាត្រ សម្រាប់អ្នកមានគ្រួសារវិញ ពេលខ្លះទទួលរងការប្រចែប្រចណ្ឌពីស្វាមី ព្រមទាំងមានពាក្យមិនល្អពីគ្រួសារខាងស្វាមីទៀតផង ដោយសារតែខ្វះពេលវេលាមើលថែទាំគ្រួសារ។ ជាឧទាហរណ៍មួយដែលជារឿងរបស់នាងខ្ញុំផ្ទាល់ កាលពីបួនដប់ឆ្នាំមុននៅពេលដែលនាងខ្ញុំរៀបចំតំបន់សេដ្ឋកិច្ចពិសេស មតិភាគច្រើនខាងអ្នកជំនួញប្រុសៗបាននិយាយថា “ខ្លួនស្រីសោះមិនដឹងជាធ្វើតំបន់សេដ្ឋកិច្ចអីទេ?” ដែលពាក្យសម្តីនោះធ្វើឱ្យនាងខ្ញុំកាន់តែខិតខំប្រឹងប្រែងបង្ហាញឱ្យពួកគាត់ដែលជាបុរសទាំងនោះមើលឃើញថា ស្ត្រីម្នាក់នេះនឹងសាងតំបន់សេដ្ឋកិច្ចពិសេសឱ្យបាន ហើយបច្ចុប្បន្ននេះតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញរបស់នាងខ្ញុំកំពុងតែមានសក្តានុពលយ៉ាងក្រៃលែង និងមានការគាំទ្រពីបណ្តាប្រទេសជាច្រើនដូចជា ជប៉ុន អាមេរិក ថៃ ម៉ាឡេស៊ី សាំង-ហ្កាពួរ និងបណ្តាប្រទេសជាច្រើនទៀត។ សរុបមក បើទោះជាមានបញ្ហាប្រឈមអ្វីកើតឡើងក៏ដោយ គឺយើងត្រូវដោះស្រាយម្តងមួយៗនឹងនៅតែដើរតម្រង់ទៅរកទិសដៅរបស់យើងដែលបានកំណត់រួចហើយនោះជានិច្ច។
ជាអនុសាសន៍ចំពោះស្ត្រីទូទៅនាថ្ងៃ8 មីនាដែលជា “ទិវាស្ត្រីពិភពលោក” នៅកម្ពុជានោះ លោកជំទាវឧកញ៉ា លីម ឈីវហូរ បានមានប្រសាសន៍លើកទឹកចិត្តដល់ស្ត្រីគ្រប់រូបថា ក្នុងនាមជាស្ត្រី យើងអាចធ្វើការងារបានច្រើនមុខដូចបុរសដែរ ដូច្នេះកម្លាំងចិត្តគឺជារឿងសំខាន់ដែលស្ត្រីគ្រប់រូបត្រូវតែចេះលើកទឹកចិត្តខ្លួនឯង ដោយមិនត្រូវរង់ចាំឱ្យមនុស្សជុំវិញខ្លួនមកលើកទឹកចិត្តយើងនោះទេនៅពេលចាប់ផ្តើមអាជីវកម្ម។ ទោះបីជាមានឧបសគ្គអ្វីក៏ដោយ ត្រូវគិតថា បញ្ហាតែងមានដំណោះស្រាយ ត្រូវធ្វើចិត្តឱ្យត្រជាក់ និងព្យាយាមរកវិធីដោះស្រាយឱ្យបានល្អ៕