“8មីនា ទិវា​ស្ត្រី​ពិភពលោក” ឧត្តមភាព​នៃ​ស្ត្រី​កម្ពុជា​ទាក់ទង​នឹង​ការអប់រំ

ស្ត្រី ត្រូវបាន​គេ​តំណាងឱ្យ​មាតា​នៃ​ពិភពលោក ហើយ​នៅក្នុង​យុគសម័យ​បច្ចុប្បន្ននេះ ស្ត្រី​បាន​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​សង្គម ទាំង​ផ្នែក​អភិវឌ្ឍន៍​ចំណេះដឹង ការអប់រំ ការគ្រប់គ្រង​អាជីវកម្ម និង​តួនាទី​ជា​អ្នកបង្កើត​នូវ​សុភមង្គល​ជូន​ដល់​ក្រុមគ្រួសារ។

មាន​ពាក្យស្លោក​មួយ​ពោលថា “ស្ត្រី​គឺជា​កូនសោ​គន្លឹះ​ឆ្ពោះទៅ​ការអភិវឌ្ឍ​សង្គមជាតិ​ប្រកបដោយ​និរន្តរភាព” លោកជំទាវ គឹម សេដ្ឋា​នី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើងថា “ការអប់រំ​គឺជា​ជម្រើស​មួយ​ដ៏​ប្រសើរ​ជាងគេ​បំផុត​សម្រាប់​ជួយ​ដល់​ស្ត្រី” យើង​មើលឃើញថា ប្រសិនបើ​ក្មេងស្រី​ទទួលបាន​ការអប់រំ គាត់​នឹងមាន​ចំណេះដឹង​យ៉ាងហោចណាស់​ក៏​គាត់​ចេះ​ការពារ​សុខភាព​របស់​គាត់​ទាំង​សុខភាព​ផ្លូវកាយ សុខភាព​ផ្លូវចិត្ត និង​សុខភាព​ផ្លូវភេទ គាត់​អាច​ចៀស​ផុតពី​ការ​ពពោះ​ទាំង​ក្មេង​វ័យ និង​ថ្ងៃ​អនាគត​នៅពេល​គាត់​មានកូនគាត់​អាចមាន​ចំណេះដឹង​ក្នុងការ​ចិញ្ចឹម​បីបាច់ ផ្តល់​អាហារ​រូប​ត្ថ​ម្ភ​ដល់​កូន កាត់បន្ថយ​អត្រា​មរណភាព​របស់​កុមារ​បាន។ ប្រសិនបើ​ស្ត្រី​ជា​ម្តាយ​មានការ​អប់រំ មានចំណេះដឹង គាត់​តែងតែមាន​ការតស៊ូ​មតិ ធ្វើយ៉ាងណា​ឱ្យ​កូនស្រី​របស់គាត់​មានឱកាស​ក្នុង​ការបន្ត​ការសិក្សា ផ្ទុយទៅវិញ​ប្រសិនបើ​ស្ត្រី​ជា​ម្តាយ​មិនមាន​ការអប់រំ ឬ​មិនសូវមាន​ចំណេះដឹង​ទេនោះ គាត់​នឹងមាន​ផ្នត់គំនិត​ចាស់គំរឹល​ដែលថា ស្ត្រី​បង្វិល​ចង្ក្រាន​មិន​ជុំ ធ្វើឱ្យ​កូនស្រី​បាត់បង់​ឱកាស​នៅក្នុង​ការបន្ត​ការសិក្សា គឺ​គាត់​តែង​ឱ្យ​កូនស្រី​ឈប់រៀន​ដើម្បី​ជួយ​គាត់​ក្នុងការ​រកលុយ ហើយ​ឱ្យ​កូនប្រុស​ទៅ​រៀន​បន្ត។

លោកជំទាវ​ក៏បាន​រៀបរាប់​ពី​ប្រវត្តិ​នៃ​ការតស៊ូ​ក្នុងការ​សិក្សា​កន្លងមក​យ៉ាង​ដូច្នេះ​ថា “ទម្រាំ​ខ្ញុំ​មាន​ថ្ងៃនេះ ខ្ញុំ​បាន​តស៊ូ​ប្រឹងប្រែង​រៀនសូត្រ​មិន​ថា​ស្ថិតក្នុង​ស្ថានភាព​លំបាក​យ៉ាងណាក៏ដោយ ខ្ញុំ​ជា​កូន​អ្នក​ខេត្ត គ្រួសារ​ឪពុកម្តាយ​របស់ខ្ញុំ​រស់​នៅ​ខេត្តក្រចេះ នៅពេល​បញ្ចប់​ការសិក្សា​ថ្នាក់​ទី12 នៅ​ឆ្នាំ1995 ខ្ញុំ​មាន​ក្តី​ស្រមៃ​ចង់​ក្លាយជា​មន្ត្រីរាជការ​ដ៏​ល្អ​ម្នាក់ ព្រោះ​មាន​អ្នក​ម្តាយ​ដែលជា​គំរូ​វីរភាព​សម្រាប់​ខ្ញុំ គាត់​ជា​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​នៅក្នុង​ខេត្ត។ ដោយសារតែ​ចង់​សម្រេច​ក្តី​ស្រមៃ និង​មានការ​លើកទឹកចិត្ត​គាំទ្រ​ពី​អ្នក​ម្ដាយ ខ្ញុំ​ក៏បាន​មក​ភ្នំពេញ រស់នៅ​ជាមួយ​ម្តាយមីង​ដើម្បី​រៀន​ត្រៀមប្រឡង​ចូល​មហាវិទ្យាល័យ ស្ថានភាព​ពេលនោះ​គឺ​ពិតជា​លំបាក​គ្រប់យ៉ាង​ទាំង​ការរស់នៅ និង​ការសិក្សា មិន​ត្រឹមតែ​ប៉ុណ្ណោះ ខ្ញុំ​បាន​ជួប​នូវ​បញ្ហា​អសន្តិសុខ​ដោយ​ត្រូវ​ចោរប្លន់​យក​ម៉ូតូ​ទៀតផង ធ្វើឱ្យ​ខ្ញុំ​ចាប់ផ្តើម​មាន​អារម្មណ៍​ពិបាកចិត្ត​មិនដឹងថា ត្រូវ​តស៊ូ​បាន​តទៅទៀត​ឬ​យ៉ាងណា​នោះទេ។

លោកជំទាវ​បន្តថា “ដោយសារ​មានការ​លើកទឹកចិត្ត​ពី​អ្នក​ម្តាយ និង​ការប្តេជ្ញាចិត្ត ខ្ញុំ​បាន​ប្រឡង​ជាប់ 3មហាវិទ្យាល័យ មាន​មហាវិទ្យាល័យ​អក្ស​សាស្ត្រ មហាវិទ្យាល័យ​ជាតិ​គ្រប់គ្រង និង​មហាវិទ្យាល័យ​និតិ​សាស្ត្រ ពិតជា​មោទនភាព​មួយ​ដែល​ខ្ញុំ​ស្មាន​មិន​ដល់។ ដោយសារ​ខ្ញុំ​មាន​ក្តី​ស្រមៃ​ចង់​ក្លាយជា​មន្ត្រីរាជការ ខ្ញុំ​ក៏បាន​សម្រេចចិត្ត​ជ្រើស​យក​មហាវិទ្យាល័យ​និតិ​សាស្ត្រ ព្រោះ​ការរៀន​ច្បាប់​គឺជា​មូលដ្ឋានគ្រឹះ​សម្រាប់​ក្លាយជា​មន្ត្រីរាជការ​សាធារណៈ​មួយ​ដ៏​ល្អ ហើយ​ម្យ៉ាងទៀត​ការរៀន​ច្បាប់ គឺមាន​ឱកាស​ក្នុង​ការប្រឡង​ចូល​សាលា​ភូមិន្ទ​រដ្ឋបាល។ នៅពេល​ចាប់ផ្តើម​ចូលរៀន​មហាវិទ្យាល័យ​ខ្ញុំ​បាន​ជួបនឹង​បញ្ហា​អសន្តិសុខ ដោយ​ត្រូវ​ចោរប្លន់​យក​ម៉ូតូ​អស់1គ្រឿង​ទៀត។ ដោយមាន​ការភ័យខ្លាច​ខ្លាំងពេក ខ្ញុំ​ក៏​សម្រេចចិត្ត​បោះបង់​ការតាំង​ចិត្ត​ចោល​ខ្លះ ដោយ​ខំរៀន​តែ​មុខវិជ្ជា​ខ្មែរ​ដើម្បី​បំ​ប៉ង​ប្រឡង​ចូល​សាលា​ភូមិន្ទ​រដ្ឋបាល​ឱ្យ​ជាប់។ នៅពេល​ចែក​មុខវិជ្ជា ខ្ញុំ​បានជ្រើសរើស​យក​នីតិសាធារណៈ ខណៈ​មិត្ត​ភ័ក្តិ​ខ្ញុំ​ជាច្រើន​ជ្រើស​រើសយក​នីតិឯកជន​ដើម្បី​ធ្វើ​មេធាវី។

នៅពេល​ខ្ញុំ​ចប់​បរិញ្ញាបត្រ​ច្បាប់​នៅក្នុង​ឆ្នាំ2000 សាលា​ភូមិន្ទ​រដ្ឋបាល​ប្រឡង​ជ្រើសរើស សិស្ស​មន្ត្រីជាន់ខ្ពស់​ជំនា​ន់ទី2 ខ្ញុំ​ក៏បាន​ប្រឡង​ជាប់​ទៀត ដែល​នោះ​គឺជា​ការសម្រេច​ក្តី​សុបិន​បានពាក់កណ្តាល​របស់ខ្ញុំ ព្រោះ​រៀន​តែ2ឆ្នាំ​ទៀត​ចប់​យើង​នឹង​ក្លាយជា​មន្ត្រីរាជការ​ជាន់​ខ្ពស់​តែម្តង ប៉ុន្តែ​រឿង​ដែល​នឹកស្មាន​មិន​ដល់​នោះ គឺ​អំឡុងពេល 2ឆ្នាំ​ដែល​ខ្ញុំ​រៀន​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល​នោះ ខ្ញុំ​ត្រូវបាន​ចោរប្លន់​យក​អស់​ម៉ូតូ1គ្រឿង​ទៀត។ បើ​និយាយ​ពី​ការតស៊ូ​តាំងពី​ចាប់ផ្តើម​ផ្លាស់​មក​រៀន​ត្រៀម​មហាវិទ្យាល័យ​នៅ​ភ្នំពេញ ខ្ញុំ​បាន​ជួប​ផល​លំបាក​ជាច្រើន​ទម្រាំ​រៀន​ចប់​ក្លាយជា​មន្ត្រីរាជការហើយ​ត្រូវ​ចោរប្លន់​យក​ម៉ូតូ​សរុប​អស់ 3គ្រឿង។ នៅ​ឆ្នាំ​ប្រឡង​ចេញ ខ្ញុំ​បានជា​ប់​លេខ2 នៅក្នុង​ជំនាន់ ដូច្នេះ​ខ្ញុំ​មាន​សិទ្ធិ​រើស​ប៉ុស្តិ៍​អាទិភាព អ៊ីចឹង​ខ្ញុំ​ក៏​សម្រេច​ជ្រើស​រើសយក​សាលា​រាជធានី​ភ្នំពេញ ដោយសារ​ខ្ញុំ​ស្រឡាញ់​ការងារ​ជា​អាជ្ញាធរ ព្រោះ​អ្នក​ម្តាយ​ខ្ញុំ​ធ្លាប់​ធ្វើជា​នាយក​ខុទ្ទកាល័យ​សាលាខេត្ត​ជិត 10ឆ្នាំ។

នៅ​ថ្ងៃ​ដំបូង​ដែល​ខ្ញុំ​បានចាប់ផ្តើម​ចូលធ្វើការ​នៅ​សាលា​រាជធានី ខ្ញុំ​ក្រឡេកឃើញ​ការិយាល័យ​អភិបាលរង​ជា​ស្ត្រី ខ្ញុំ​មានបំណង​ប្រាថ្នា​ចង់ទៅ​អង្គុយ​ធ្វើការ​នៅ​ទីនោះ ខ្ញុំ​គិតថា​ថ្ងៃ​ណា​មូ​យ​ខ្ញុំ​ត្រូវតែ​ក្លាយជា​មនុស្ស​ស្រី​ដែល​ធំជាងគេ​នៅក្នុង​សាលា​រាជធានី​គឺ​ក្លាយជា​អភិបាលរង​នៅក្នុង​សាលា​រាជធានី។ ខ្ញុំ​បានធ្វើការ​នៅ​សាលា​រាជធានី​ភ្នំពេញ​អស់​រយៈ 11ឆ្នាំ​ដោយ​ចាប់ផ្តើម​ពី​ការខិតខំ​ប្រឹងប្រែង​ធ្វើការ​ទាំងយប់​ទាំង​ថ្ងៃ​មិន​ខ្លាច​នឿយហត់ ធ្វើការ​ដោយ​ការទទួលខុសត្រូវ ធ្វើការ​ទាំង​ថ្ងៃ​សៅរ៍ ថ្ងៃអាទិត្យ រហូតដល់​មានការ​ទុកចិត្ត​ពី​ថ្នាក់ដឹកនាំ ដោយមាន​ការដំឡើង​តំណែង​ជា​បន្តបន្ទាប់ រហូត​ក្លាយជា​នាយិកា​ទីចាត់ការ​កិច្ចការ​ច្បាប់ និង​សិទ្ធិមនុស្ស របស់​សាលា​រាជធានី​ភ្នំពេញ។

នៅ​ឆ្នាំ2012 អភិបាលរង​ជានា​រី​គាត់​ចូលនិវត្តន៍ ពេលនោះ​តាម​ការវាយតម្លៃ​របស់​ថ្នាក់ដឹកនាំ គាត់​បាន​ស្នើឱ្យ​ខ្ញុំ​ជំនួស​អភិបាលរង​រាជធានី​ភ្នំពេញ ដោយបាន​ស្នើ​ទៅ​ក្រសួងមហាផ្ទៃ ប៉ុន្តែ​ជា​អកុសល​អី ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី-ខេត្ត-ក្រុង ឋានៈ​អភិបាល​ត្រូវមាន​អាយុ​តិច​បំផុត 35ឆ្នាំ អាយុ​របស់ខ្ញុំ​ខ្វះ 7ខែ​ទៀត​ទើប​គ្រប់ 35ឆ្នាំ ដូច្នេះ​ខ្ញុំ​ត្រូវ​ខកខាន​ដោយ​ត្រូវ​រង់ចាំ​ឱកាស​លើក​ក្រោយ​ទៀត។ ទោះយ៉ាងណា​ការខិតខំ​ប្រឹងប្រែង​រប​ស់​ខ្ញុំ​កន្លងមក​ក៏​មិនបាន​ធ្វើឱ្យ​ខ្ញុំ​អស់សង្ឃឹម​ចំពោះ​រឿងនេះ​ដែរ ផ្ទុយទៅវិញ ខ្ញុំ​បាន​ប្រឹងប្រែង​ធ្វើ​ការងារ​កាន់តែ​សកម្មជាង​មុន ចំណែក​ថ្នាក់ដឹកនាំ​ក៏បាន​លើកទឹកចិត្ត​ខ្ញុំ​ដោយ​សន្យាថា ឱកាស​ក្រោយ បើ​មាន​អភិបាលរង​ណា​ម្នាក់​ចូលនិវត្តន៍​គាត់​នឹង​ស្នើសុំ​តែងតាំង​ខ្ញុំ​ម្តងទៀត​សម្រាប់​ជំនួស​កន្លែង​នោះ។

ក្រោយមក​នៅ​ឆ្នាំ2013 បន្ទាប់ពី​មានការ​បោះឆ្នោត និង​ត្រូវ​រៀបចំ​រាជរដ្ឋាភិបាល​ថ្មី ខ្ញុំ​ត្រូវ​បានស្នើ​ដោយមាន​ការប្រគល់​ភារកិច្ច​ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា រហូតមកដល់​សព្វថ្ងៃ។

លោកជំទាវ​បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​ស្ត្រី​ទាំងអស់​ដែលជា​ម្តាយ​នៅក្នុង​ឱកាស “ទិវា​ស្ត្រី​ពិភពលោក” នៅ​ថ្ងៃទី8 មីនា​ខាងមុខនេះ គឺត្រូវធ្វើ​យ៉ាងណា​តស៊ូ​មតិ គាំទ្រ និង​ជំរុញ​ឱ្យ​កូនស្រី​របស់ខ្លួន​មានឱកាស​ក្នុង​ការបន្ត​ការសិក្សា​ឱ្យបាន​ខ្ពង់ខ្ពស់ ពីព្រោះ​មានតែ​ការសិក្សាអប់រំ​មួយ​ទេ​ដែល​អាចជួយ​ឱ្យ​ក្មេងស្រី​មាន​ភាពក្លាហាន មាន​ភាពជឿជាក់​អាច​មានឱកាស​ទទួលបាន​ការងារ និង​ឱកាស​ក្នុងការ​ចូលរួម​គ្រ​ប់ស​កម្ម​ភាព សេដ្ឋកិច្ច នយោបាយ ក៏ដូចជា​កិច្ចការងារ​សង្គម​នានា។ លោកជំទាវ​ក៏បាន​ស្នើ​សុំឱ្យ​ស្ត្រី​ដែលជា​ម្តាយ​ទាំងអស់ ជាពិសេសប្អូនៗដែលជា​យុវតី​ត្រូវខិតខំ​ប្រឹងប្រែង​នៅក្នុង​ការសិក្សា បង្កើត​នូវ​អ្វី​ដែលជា​ក្តី​ស្រមៃ​របស់ខ្លួន​ឱ្យបាន ព្រោះ​បើសិនជា​ប្អូន​គ្រាន់តែរៀនៗទៅ ហើយ​មិនដឹងថា ចង់​ធ្វើ​អ្វី​ឱ្យ​ប្រាកដ​នៅ​ថ្ងៃ​អនាគត​នោះ វា​នឹង​ធ្វើឱ្យ​យើង​ខាត​ពេលវេលា បាត់បង់​ឱកាស​ក្នុងការ​ប្រកួតប្រជែង។ អ្វី​ក៏ដោយ​អាច​សម្រេច​ជោគជ័យ​បាន គឺ​ទាមទារ​ឱ្យមាន​ការរៀបចំ​ផែនការ​ជាក់លាក់​មួយ​ចំពោះ​ជីវិត​ដូចគ្នា​ដែរ បើ​យើង​ចង់បាន​ជោគជ័យ​ក្នុង​ជីវិត​ត្រូវមាន​ផែនការ​ច្បាស់លាស់ ត្រូវបង្កើត​នូវ​អ្វី​ដែលជា​ក្តី​ស្រមៃ និង​ក្តី​សុបិន​របស់ខ្លួន ហើយ​ប្រឹងប្រែង​តស៊ូ​ជម្នះ​ឧបសគ្គ​ទាំងឡាយ​ដើម្បី​សម្រេច​វា​ឱ្យបាន។ មួយទៀត សុំឱ្យប្អូនៗដែលជា​យុវ​សិស្ស ជាពិសេស​និស្សិត​ជានា​រី ត្រូវខិតខំ​ប្រឹងប្រែង​រៀនសូត្រ​នូវ​អ្វី​ដែលជា​មុខវិជ្ជា​ដែលមាន​តម្រូវការ​ក្នុង​ទីផ្សារ​នៅក្នុង​សង្គម​នាពេល​បច្ចុប្បន្ន និង​អនាគត ឧទាហរណ៍​ដូចជា​មុខវិជ្ជា STEM ដោយសារ​យើង​មើលឃើញថា តម្រូវការ​សម្រាប់​សត​វត្សរ៍​ទី21នេះ​ទាមទារ​នូវ​បំ​ណិ​នខា​ង​ផ្នែក STEM បច្ចេកវិទ្យា ព័ត៌មាន វិទ្យាសាស្ត្រ វិស្វកម្ម គណិតវិទ្យាផ្សេងៗ ទោះបីជា​មុខវិជ្ជា​នេះ​ពិបាក​ក៏ដោយ តែ​យើង​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​ព្រោះ​ត្រូវ​គិតថា​អ្វីដែល​បុរស​ធ្វើបាន យើង​ជា​ស្ត្រី​ក៏​អាច​ធ្វើបាន​ដូចគ្នា​ដែរ ដោយសារ​លក្ខណៈ​ធម្មជាតិ​របស់​ស្ត្រី គឺមាន​ភាព​ហ្មត់ចត់ និង​ល្អិតល្អន់​ជាង​បុរស ជួនកាល​យើង​អាចធ្វើ​ការងារ​នោះបាន​ល្អ​ជាង​បុរស​ផង​ក៏​ថា​បានដែរ ដូច្នេះ​ចូរ​កុំ​រួញរា ចូរ​កុំ​មាន​ការមិនទុកចិត្ត​ខ្លួនឯង តែ​ត្រូវមាន​ការជឿជាក់ និង​លើកទឹកចិត្ត​ខ្លួនឯង ដើម្បី​សម្រេច​ជោគជ័យ​លើ​គោលដៅ​នៃ​ជីវិត​របស់ខ្លួន៕

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា...

កម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រគល់ពាន​រង្វាន់​​អាស៊ានសម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ឆ្នាំ២០២៤

ភ្នំពេញ ៖​  ពាន​រង្វាន់​​អាស៊ាន ​សម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ដែល​បានជួយ​កិច្ច​ការ​សង្គម​ប្រចាំឆ្នាំ ២០២៤ ​ត្រូវ​បានរៀបចំឡើង​នៅរាជធានីភ្នំពេញ​ប្រទេស​កម្ពុជា កាលពីរាត្រីថ្ងៃទី...

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះហើយ

ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាមួយទៀត ដែលជាឱកាសដ៏ល្អសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដើម្បីមកជួបជុំគ្នា មានទំនាក់ទំនងជាមួយគ្នាជាលក្ខណៈផ្លូវការ...

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ វិថីតេជោសន្តិភាពឆ្នេរអង្កោល ជាសរសៃឈាមមួយដ៏សំខាន់ សម្រាប់ការតភ្ជាប់សហគមន៍ទេសចរណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវវិថីតេជោសន្តិភាពឆ្នេរអង្កោល នៅខេត្តកែប...

អត្ថបទស្រដៀងគ្នា