បើយើងនិយាយពីឧកញ៉ាបួនរូប ដែលជើងខ្លាំងក្នុងវិស័យជំនួញច្បាស់ជាប្រិយមិត្តជាច្រើនបានស្គាល់យ៉ាងច្បាស់ថា ពួកគាត់ជានរណា? ប៉ុន្តែបើនិយាយពី មនុស្សពីរនាក់ ក្នុងវិស័យសិល្បៈ ដែលជាសន្លឹកអាត់ដ៏សំខាន់ មានមនុស្សតិចតួចណាស់ ដែលបានស្គាល់ពួកគាត់ ។
ផលិតកម្មពីរដែលបានដើរយ៉ាងរលូនមកដល់បច្ចុប្បន្ននេះ មានអ្នកទស្សនិកជនជាច្រើនបានចាប់អារម្មណ៍ តែទៅលើអ្នកចម្រៀងប្រចាំទ្រនំនោះតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ផលិតករវិញមានអ្នកតាមដានសង្គមសិល្បៈតិចតួច បំផុត ដែលបានស្គាល់ ហើយពួកគាត់ជាមនុស្សយ៉ាងសំខាន់ធ្លាប់ជួយជ្រោមជ្រែង ទាំងផលិតកម្ម និងស្ថានីយ៍ទូរទស្សន៍ឱ្យល្បីល្បាញមកទល់សព្វថ្ងៃនេះ ។
និយាយពី អ្នកគ្រប់គ្រងនៅក្នុងផលិតកម្មហង្សមាស មានទស្សនិកជនខ្លះទើបតែស្គាល់តែប៉ុណ្ណោះ ក្រោយព័ត៌មាន ថាបុគ្គលរូបនេះមានទំនាក់ទំនងស្នេហានិងទន្ទឹងរងចាំតែថ្ងៃចូលរោងការជាមួយតារាចម្រៀង ឱក សុគន្ធកញ្ញា ។
លោក អ៊ឹង សុខលី បច្ចុប្បន្នទៅកាន់កាប់នៅស្ថានីយ៍ទូរទស្សន៍ហង្សមាស លោកជាគ្រប់ពេជ្រនិងជាសន្លឹកអាត់ដ៏សំខាន់ សម្រាប់ទូរទស្សន៍មួយនេះ ។ លោកជាមនុស្សតែម្នាក់គត់ ដែលធ្វើអោយ ផលិតកម្មហង្សមាស ឈរឈ្មោះល្បីល្បាញខ្ទរខ្ទារ តាមរយៈការគ្រប់គ្រងរបស់លោកយ៉ាងសស្រាក់សស្រាំ ។ បុគ្គលល្អជោគជ័យ ទៅណាក៏ជោគជ័យដែរ ទោះបីជាលោកផ្លាស់ទៅកាន់កាប់ស្ថានីយ៍ទូរទស្សន៍ហង្សមាស លោ ក៏នៅតែធ្វើឱ្យផលិតកម្មហង្សមាសល្បីដូចគ្នា ។
ដោយឡែកបុគ្គលមួយរូបទៀត ដែលជាគ្រាប់ពេជ្រ និង សន្លឹកអាត់កើ ដ៏សំខាន់របស់ផលិតកម្មថោនវិញ គឺ លោក ប៊ុន រតនា កាលពីលោក គ្រប់គ្រងការផលិតនិងដឹកនាំ នៅផលិតកម្មថោន លោកបានធ្វើឱ្យផលិតកម្មនេះល្បីឈ្មោះខ្ទរខ្ទារ ដោយមានទស្សនិកជនទទួលស្គាល់តាមរយៈបទចម្រៀងដែលលោកផលិត ក្នុងនោះមានបទ «i Am Sorry» របស់ មាស សុខសោភា និង ករុណា ពេជ្រ ហើយនិងបទ «ឪពុកខ្ញុំជាប៉ូលិសចរាចរណ៍» នេះមិនរាប់ស្នាដៃជាច្រើនទៀតផង ស្ថិតក្រោមការផលិតរបស់លោក។
បុគ្គលរូបនេះ មិនខុសគ្នាប៉ុន្មានពី លោក អ៊ឹង សុខលី ដោយបច្ចុប្បន្នលោកបានផ្លាស់ទៅជានាយកគ្រប់គ្រងការផលិតកម្មវិធី នៅក្នុងស្ថានីយ៍ទូរទស្សន៍ ថោន ដោយបានបង្កើតកម្មវិធីល្បីៗជាច្រើន បង្កឱ្យទស្សនិកជន សើចរឹងថ្គាម ដូចជាកម្មវិធី ដូច្នឹងផង កម្មវិធី កំប្លែងហ្មងនិងកម្មវិធីជាច្រើនទៀតដែលត្រៀមវាយលុកទីផ្សារខាងមុខ។
ភាពដូចគ្នារវាងបុគ្គលរូបនេះ គឺត្រង់ថា ជាអ្នកធ្វើអោយចរន្តផលិតកម្មដើរយ៉ាងរលូនរួចបន្ត ទៅធ្វើការងារក្នុងស្ថានីយ៍ទូរទស្សន៍ ដោយនៅតែជួយអោយទូរទស្សន៍ដែលពួកគាត់កំពុងធ្វើការល្បីល្បាញដូចគ្នា មិនចាញ់កាលនៅផលិតកម្ម ៕