បន្ទាប់ពីបានបង្កើតព្រឹត្តិការណ៍ដ៏កក្រើក និងជោគជ័យ នៃកម្មវិធី « រាំ-ច្រៀង និងដើរលើកម្រាលព្រំ» នៅសាកលវិទ្យា ន័រតុន កាលពីឆ្នាំមុន ដើម្បីស្វែងរកមូលនីធីមនុស្សធម៌ជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា និងឧបត្ថម្ភកុមារកំព្រា រួមជាមួយនឹងជនចាស់ជរាគ្មានទីពឹងផងដែរនោះ នៅល្ងាចថ្ងៃទី09 ខែមេសា ឆ្នាំ2017 ម្សិលមិញនេះ គ្រួសារតារាកម្ពុជា បានរៀបចំមហាព្រឹត្តិការណ៍លើកទី 2 របស់ខ្លួន នៅក្នុងបរិវេណវិទ្យាល័យ ហ៊ុនសែន សេរីភាព ក្រុងតាខ្មៅ ក្រោមការចូលរួមពីសំណាក់តារាដែលជាសមាជិកគ្រួសារតារាកម្ពុជាប្រមាណជាង40នាក់ ព្រមទាំងសិស្ស -និស្សិត យ៉ាងច្រើនណែនណាន់តាន់តាប់ សរុបរហូតប្រមាណជាង1000នាក់ ។
ស្ថាបនិកគ្រួសារតារាកម្ពុជា លោក ផាត់ តារារដ្ឋ បានឱ្យថា ចំពោះកម្មវិធីមួយនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងចម្បងបំផុតគឺអាចស្វែងរកថវិកាដើម្បីជួយឧបត្ថម្ភ និងចូលរួមទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ផា ក៏ដូចជាជួយដល់សកម្មភាពសង្គម និងមនុស្សធម៌ផងដែរ ។ លោកថា ចំពោះថវិកាដែលចំណាយទៅលើការរ៉ាប់រងចំពោះអ្នកសិល្បៈ ក៏ដូចជាថ្លៃធ្វើដំណើរ ថ្លៃឆាកប្រគំតន្ត្រីជាដើម គឺជាការចំណាយផ្ទាល់របស់សមាជិកគ្រួសារតារាកម្ពុជា រួមជាមួយនឹងក្រុមដំបូលតែមួយជាអ្នកឧបត្ថម្ភ ដោយឡែកចំពោះប្រាក់ចំណូលដែលទទួលបានពីការលក់ភេសជ្ជៈ នំចំណី ក៏ដូចជាចំណូលពីការផ្ញើយានយន្តនានា ត្រូវបានរៀបចំទុកសម្រាប់មូលនីធិនៃមន្ទីរពេទ្យគន្ធបុប្ផា។ លោកបញ្ជាក់ថា ជាមួយនឹងសកម្មភាពមនុស្សធម៌ខាងលើនេះ គ្រួសារតារាកម្ពុជា នឹងមានគម្រោងរៀបចំជារៀងរាល់ឆ្នាំ ដើម្បីលើកស្ទួយវិស័យសិល្បៈផង ក៏ដូចជាចូលរួមជួយសម្រាលបន្ទុកសង្គមជាតិផងដែរ ។
ថ្លែងនៅក្នុងឱកាសដ៏សែនរីករាយនាល្ងាចថ្ងៃម្សិលមិញនេះ កញ្ញា ទេព្យ បូព្រឹក្ស កំពូលតារាចម្រៀងដ៏ល្បីឈ្មោះប្រចាំនៅក្នុងផលិតកម្ម ហង្សមាស ដែលស្ថិតនៅក្នុងមហាព្រឹត្តិការណ៍មួយនេះ បានបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនយ៉ាងដូច្នេះថា ៖ « ខ្ញុំពិតជារំភើបមែនទែន នៅពេលដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ ជាពិសេសនៅពេលដែលបានឃើញបងប្អូនមកគាំទ្រយ៉ាងច្រើនបែបនេះ ។ ទោះជាខ្ញុំមិនបានទទួលកម្រៃ ក៏រីករាយ និងសប្បាយជាមួយបងប្អូន ហើយបើមានកម្មវិធី ឬព្រឹត្តិការណ៍ដូចនេះនៅពេលក្រោយៗទៀត ខ្ញុំនឹងព្យាយាមចូលរួមជាបន្ត » ។
ស្រដៀងគ្នាទៅនឹងកំពូលតារាចម្រៀងស្រីខាងលើនេះ ពិធីករវ័យក្មេង ដែលមានប្រជាប្រិយភាពគួរសម នាយ ព្រែក ក៏បានបង្ហាញពីទស្សនៈផងដែរថា ៖ «ពិតជាមិនធម្មតាមែន នេះសម្រាប់ថ្ងៃនេះ គឺជាលើកទី2របស់ខ្ញុំដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍របស់គ្រួសារតារាកម្ពុជា ខណៈដែលការចូលរួមលើកទី1 គឺនៅក្នុងព្រឹត្តិការណ៍ វិហារសួគ៌សង្ក្រាន ដែលធ្វើឡើងកាលពីថ្ងៃទី08 ខែមេសា ឆ្នាំ2017 ។ វាពិតជាអស្ចារ្យបំផុត នៅពេលដែលបងប្អូន ជាពិសេស សិស្ស- និស្សិត ភាគច្រើនសុទ្ធតែបានបង្ហាញពីភាពរីករាយ សប្បាយ ជាមួយនឹងកម្មវិធី រាំ – ច្រៀង ដើម្បីស្វែងរកមូលនីធីសប្បុរសធម៌នាពេលនេះ ហើយបើសិនជាអាច ខ្ញុំចង់ឃើញព្រឹត្តិការបែបនេះទៀត ដើម្បីខ្ញុំបានចូលរួមចំណែកផង» ៕