Skip to content

ទំហំ​ទឹកប្រាក់​វិនិយោគ​កម្ពុជា-កូរ៉េ កើនឡើង​ដល់​ជាង 4ពាន់​លាន​ដុល្លារ

ដោយ​ឈរលើ​សេ្ថ​រ​ភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច​ថេរ​ក្នុង​រយៈពេល​ជាង 2ទសវត្សរ៍​ចុងក្រោយ​នេះ បានធ្វើឱ្យ​កម្ពុជា​ទាក់ទាញ​វិនិយោគិន​បរទេស ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា កាន់តែច្រើនឡើងៗ ឧទាហរណ៍​ដូចជា វិនិយោគទុន​កូរ៉េ​ដែល​ចូលមក​វិនិយោគ​នៅ​កម្ពុជា កើនឡើង​ដល់ 900ក្រុមហ៊ុន និង​មាន​ទឹកប្រាក់​វិនិយោគ​សរុប​ប្រមាណ​ជាង 4,500លាន​ដុល្លារ។

លោក OH Nak Young ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា​បាន​មានប្រសាសន៍ថា ទំនាក់ទំនង​ការទូត​ផ្លូវការ​វាង​ប្រទេស​ទាំងពីរ​ត្រូវបាន​កសាង​ឡើងវិញ​តាំងពី ឆ្នាំ1997មកម្ល៉េះ ដែលមាន​រយៈពេល​ប្រមាណ​ជា 21ឆ្នាំ​មកហើយ ក្រោយពី​កម្ពុជា​បាន​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ឡើងវិញ​កាលពី​ឆ្នាំ1993។ ទោះជា​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​កូរ៉េ​មាន​រយៈពេល​ខ្លី​ក៏ដោយក៏​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​បាននិងកំពុង​តែ​រីកចម្រើន​លើ​វិស័យ​ជាច្រើន​គួរឱ្យកត់សម្គាល់ ក្នុងនោះ​មានដូចជា វិស័យ​នយោបាយ​សេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​សង្គម និង​វប្បធម៌​ជាដើម។

លោក​បន្តទៀតថា ប្រទេស​កម្ពុជា និង​កូរ៉េ​មាន​រចនាសម្ព័ន្ធ​លើ​វិស័យសេដ្ឋកិច្ច និង​សង្គម​ដែល​បំពេញ​នូវ​កង្វះខាត ដែល​អាចជួយ​គ្នា​ទៅវិញទៅមក​បាន។ ពោលគឺ​ទំនាក់ទំនង​របស់​ប្រទេស​ទាំងពីរ​មានការ​រីកចម្រើន​ឥតឈប់ឈរ នៅពេលដែល​មានការ​ផ្សំ​ឡើង​រវាង​កម្លាំង​ពលកម្ម ប្រកបដោយ​ភាពសម្បូរ​បែប​នៃ​កសិដ្ឋាន​ដ៏​ទូលំ​ទួ​លាយ លក្ខខណ្ឌ​ភូមិសាស្ត្រ ភាព​បើកចំហ លើ​វិស័យសេដ្ឋកិច្ច ខ្ពស់​របស់​កម្ពុជា និង​បច្ចេកវិទ្យា​លទ្ធភាព​ធ្វើ​ហិរញ្ញប្បទាន និង​បទពិសោធ​សេដ្ឋកិច្ច​របស់​កូរ៉េ។

យោងតាម​របាយការណ៍​របស់​ស្ថានទូត​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា​បាន​បង្ហាញថា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរបាន​កើនឡើង​រហូតដល់ 900លាន​ដុល្លារ​អាមេរិក ខណៈដែល​ចំនួន​មនុស្ស​ធ្វើដំណើរ​ទស្សនកិច្ច​ទៅវិញទៅមក​ប្រចាំ​ឆ្នាំមាន​ចំនួន​ជាង 40ម៉ឺន​នាក់ ហើយ​ពលករ​ឧ​ស្សហកម្ម​កម្ពុជា​ប្រមាណ 4ម៉ឺន​នាក់​កំពុងធ្វើការ​នៅ​កូរ៉េ។ ក្រៅពីនេះ​ប្រទេស​កូរ៉េ​ក៏បាន​និង​កំពុងតែ​ផ្តល់ជំនួយ​អភិវឌ្ឍន៍​ផ្លូវ​ការសរុប​ប្រមាណ 600លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា​ផ្តោតលើ​វិស័យ​ជាច្រើន​នាពេល​កន្លងមក។

ចំណែក​របាយការណ៍រ​បស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​វិញ បានឱ្យដឹងថា គិត​មក​ត្រឹម​ឆ្នាំ2017 កម្ពុជា​បានទទួល​គម្រោង​វិនិយោគ​របស់​សាធារណរដ្ឋ​កូរ៉េ​ចំនួន 208គម្រោង ក្នុង​ទុនវិនិយោគ​សរុប​ប្រមាណ 4,700លាន​ដុល្លារ​អាមេរិក។ ជាការ​កត់សម្គាល់​គម្រោង​វិនិយោគ​របស់​សាធារណរដ្ឋ​កូរ៉េ មានការ​កើន​ឡើងជា​លំដាប់ ជាពិសេស​នៅ​ឆ្នាំ2017 អ្នកវិនិយោគ​សាធារណ​រដ្ឋ​កូរ៉េ​បាន​បោះទុន​វិនិយោគ​ដល់​ទៅ 202លាន​ដុល្លារ​អាមេរិក ច្រើនជាងពេលណាៗទាំងអស់​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ចុងក្រោយ​នេះ និង​ឈរ​នៅ​លំដាប់​ទី5 ក្នុងចំណោម​ទុនវិនិយោគ​បរទេស​មក​កម្ពុជា ដែល​ទំហំ​វិនិយោគ​នេះ​បានបង្ហាញ​អំពី​ភាព​កាន់តែ​ជឿជាក់​ទៅលើ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​ពី​សំណាក់​អ្នកវិនិយោគ​សាធារណរ​ដ្ឋ​កូរ៉េ។

ជាមួយគ្នានេះ​ផងដែរ ឯកឧត្តម សុខ ចិន្តា​សោភា​បាន​សម្តែង​នូវ​ការស្វាគមន៍ និង​គាំទ្រ​ចំពោះ​ការដាក់ចេញ​នូវ​គោលនយោបាយ​ភាគខាងត្បូង​ថ្មី​របស់​សាធារណរដ្ឋ​កូរ៉េ ហើយ​ឯកឧត្តម​ក៏បាន​សម្តែង​នូវ​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា គោលនយោបាយ​ថ្មី​នេះ​នឹង​ក្លាយជា​ចលករ​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​កិច្ច​សហប្រតិបត្តិ​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ទ្វេភាគី ជាពិសេស​ការជំរុញ​និង​ទាក់ទាញ​អ្នកវិនិយោគ​សាធារណរ​ដ្ឋ​កូរ៉េ​កាន់តែច្រើន​មក​កម្ពុជា ហើយក៏​នឹងចូលរួម​ចំណែក​ផងដែរ​ក្នុងការ​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ 2015-2025 ដែលជា​យុទ្ធសាស្ត្រ​កំណើន​ថ្មី សំដៅ​កែប្រែ​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​កម្ពុជា​ពី​ឧស្សាហកម្ម​អតិពលកម្ម ទៅជា​ឧស្សាហកម្ម​ផ្អែកលើ​ជំនាញ​ត្រឹម​ឆ្នាំ2025។

ទន្ទឹមនឹងនេះ ឯកឧត្តម​ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​ភាគី​សាធារណរដ្ឋ​កូរ៉េ បន្ត​គាំទ្រ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ក្នុង​ក្របខណ្ឌ​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ និង​ការ​វិនិយោគឯកជន។

គួរបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន​កូរ៉េ​ភាគច្រើន​ធ្វើការ​វិនិយោគ ទៅលើ​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ ហិរញ្ញវត្ថុ អចលនទ្រព្យ សំណង់ និង​វិស័យ​កសិកម្ម​ជាដើម៕

Leave a Reply

Your email address will not be published. Required fields are marked *