Skip to content

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អាស៊ាន និង​អ៊ឺរ៉ុប​នឹងត្រូវ​ពិភាក្សា​ឡើងវិញ

ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ពាណិជ្ជកម្ម​រវាង​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន-អឺរ៉ុប លើក​ទី16 (16th AEM-EU) នៅឯ​ប្រទេស​សិង្ហបូរី កាលពី​ចុង​សប្តាហ៍​មុន មេដឹកនាំ​នៃ​សហគមន៍​ទាំងពីរ បាន​សន្យា​ព​ន្លឿ​ន​ការចរចា​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ឡើងវិញ បន្ទាប់ពី​អាក់ខាន​តាំងពី​ឆ្នាំ2007 មក។

សារព័ត៌មាន Straits Times របស់​សាធារណរដ្ឋ​សិង្ហ​បុរី​ចុះផ្សាយ​ថា សហភាព​អឺរ៉ុប និង​អាស៊ាន បាន​សន្យាថា​នឹង​ព​ន្លឿ​ន​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​ឡើងវិញ ដើម្បី​គាំទ្រ​ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ​ទប់ទល់​នឹង​ការកើនឡើង​នៃ​របប​គាំពារ​និយម​របស់​សហរដ្ឋអាមេរិក ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី Donald Trump។

ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​របស់​កម្ពុជា បានបង្ហាញ​ទស្សនៈ​វិជ្ជមាន​ចំពោះ​កិច្ចព្រមព្រៀង​នេះ​ថា នឹង​អាច​នាំមក​នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន​សម្រាប់​គ្រប់ភាគី​ពាក់ព័ន្ធ ជាពិសេស​ប្រទេស​កម្ពុជា «ខ្ញុំ​ជឿថា​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ នឹង​ចាប់ផ្តើម​សាជាថ្មី នៅក្នុងពេលឆាប់ៗខាងមុខ»។

ទន្ទឹមគ្នានេះ ស្នងការ​ពាណិជ្ជ​កម្មស​ហ​ភាព​អឺរ៉ុប​លោកជំទាវ Anna Cecilia Malmstrom ក៏បាន​យល់ស្រប​ដែរ​ថា កិច្ចព្រមព្រៀង​នេះ​មាន​សារៈសំខាន់ និង​ជា​ផ្នែក​មួយ​នៃ​រូបភាព​សហប្រតិបត្តិកា​រ​ដ៏​ធំ។ លោកស្រី​បាន​បញ្ជាក់ថា សហភាព​អឺរ៉ុប​សម្លឹង​ឃើញ​ជា​ដំណើរការ​បង្កើត​ប្លុក​មួយ​ឆ្ពោះទៅរក​ការធ្វើសមាហរណកម្ម​ទូលំទូលាយ «កិច្ចព្រមព្រៀង​ក្នុង​តំបន់​របស់​យើង គឺជា​សញ្ញា​ដ៏​រឹងមាំ​មួយ​ទៅកាន់​ពិភពលោក​ថា សហភាព​អឺរ៉ុប និង​អាស៊ាន​នឹង​ឈរ​កៀក​ស្មា​គ្នា ដើម្បី​គាំទ្រ​ការបើកចំហ​ពាណិជ្ជកម្ម» ។

គួរ​រំឭក​ដែរ​ថា សហភាព​អឺរ៉ុប​តំណាងឱ្យ​ប្រទេស​ចំនួន28 និង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ តំណាងឱ្យ​ប្រទេស​ចំនួន10 បានធ្វើការ​ពិភាក្សា​អំពី​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាច្រើន​ឆ្នាំ​មកហើយ ដែល​ការចរចា​លើកដំបូង​បានធ្វើ​ឡើង​នៅក្នុង​ឆ្នាំ2007 ប៉ុន្តែ​ភាគី​ទាំងពីរ បាន​លុបចោល​កិច្ចព្រមព្រៀង​នេះ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ក្រោយមក។ ហើយ​កាលពី​ឆ្នាំមុន អាស៊ាន និង​អឺរ៉ុប​បាន​ឯកភាពគ្នា​ក្នុង​ការដាក់​កិច្ចព្រមព្រៀង​នេះ​ចូលទៅក្នុង​របៀបវារៈ​ប្រជុំ ប៉ុន្តែ​ត្រូវបាន​ដកចេញ​មុន​កិច្ចប្រជុំ​ជា​ផ្លូវការ​ចាប់ផ្តើម៕

Leave a Reply

Your email address will not be published. Required fields are marked *