ខ្សែការពារ Dani Alves បានបញ្ជាក់ថា ក្រុម Paris Saint-Germain មានសមត្ថភាពគ្រប់គ្រាន់ដើម្បីផ្តួលក្រុម Real Madrid ក្នុងការប្រកួតក្របខ័ណ្ឌ Champions League របស់ពួកគេនៅរាត្រីនេះ បើទោះបីគ្មានតារាឆ្នើម Neymar ដែលកំពុងតែរងរបួសក៏ដោយ។
នៅពេលដែលត្រូវបានចោទសួរអំពីការអវត្តមានមិត្តរួមជាតិរបស់គេ ដែលវិលទៅកាន់ប្រទេសប្រេស៊ីលវិញដើម្បីសម្រាកព្យាបាលពីការវះកាត់ប្រអប់ជើងនោះ Alves បានឱ្យដឹងថា៖ «យើងតែងតែមានជម្រើស2 ជានិច្ច ពោលគឺត្រូវតែអង្គុយចុះ និងយំសោកស្តាយ ឬក៏យើងត្រូវតែក្រោកឡើង និងធ្វើអ្វីដែលយើងត្រូវតែធ្វើតទៅទៀត»។
Alves ដែលបាននិយាយក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទ បានប្រាប់បន្តថា៖ «ជាមួយនឹងការមាន Neymar យើងកាន់តែខ្លាំងជាងមុន តែបើគ្មាន Neymar ក៏យើងនៅតែខ្លាំង ពីព្រោះយើងមានកីឡាករផ្សេងទៀតជាច្រើន»។ ខ្សែការពារជើងចាស់រូបនេះ បានបន្ថែមទៀតថា៖ «ពិតណាស់ យើងសោកស្តាយចំពោះការអវត្តមានរបស់គេ។ ប៉ុន្តែ ខ្ញុំបានបញ្ជាក់ហើយថា រវាងការអង្គុយចុះ និងស្រែកយំ និងការក្រោកឈរឡើង ហើយបន្តដំណើរទៅមុខ ខ្ញុំតែងតែជ្រើសរើសយកជម្រើសទី2 ជានិច្ច»។
ប៉ុន្តែ ដើម្បីឈានទៅដល់ការប្រកួតវគ្គ 8ក្រុមចុងក្រោយនៅខែមេសា ពួកគេត្រូវតែធ្វើការស្រោចស្រង់ពីការចាញ់ក្នុងជើងទី1 ក្នុងលទ្ធផល 3-1 នៃការប្រកួតក្របខ័ណ្ឌវគ្គ16ក្រុមចុងក្រោយរបស់ពួកគេ នៅពេលប្រកួតជាមួយនឹងក្រុម Real ក្រោយពីការរងបរាជ័យរបស់ពួកគេ នាកីឡដ្ឋាន Bernabeu កាលពីខែមុន។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង2:45ទៀបភ្លឺ៕
ប្រភពពី៖ Sport24