ដោយសម្លឹងឃើញពីសក្ដានុពល និងកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា និងការគ្រប់គ្រងបំណុលសាធារណៈប្រកបដោយប្រសិទ្ធភាព និងចិរភាព បានធ្វើឱ្យថ្នាក់ដឹកនាំនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ចាប់អារម្មណ៍ចង់បង្កើតកិច្ចសហប្រតិបត្ដិការលើវិស័យឥណទានសម្បទានកម្រិតទាប និងវិស័យចំនួន៣។
ការលើកឡើងបែបនេះកើតឡើងនៅក្នុងជំនួបរវាងទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្ដមអូន ព័ន្ធមុនីរ័ត្ន និងលោកលី គុនជីន ជាប្រធានធនាគារ AIIB និងជាសហប្រធាននៃវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ានសម្រាប់ឆ្នាំ2017។
ថ្លែងក្នុងឱកាសនោះឯកឧត្ដមអូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា បច្ចុប្បន្នកម្ពុជានៅតែមានលទ្ធភាពក្នុងការទទួលយកឥណទានដែលមានកម្រិតសម្បទានខ្ពស់ពីដៃគូអភិវឌ្ឍន៍នានានៅឡើយ ដូច្នេះកម្ពុជានៅមិនទាន់មានគោលនយោបាយខ្ចីពីធនាគារ AIIB ដែលមានលក្ខខណ្ឌឥណទានសម្បទានកម្រិតទាបនេះទេ។
ទោះជាយ៉ាងនេះក្ដីរដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្ដែងនូវសេចក្ដីសោមនស្សចំពោះចំណាប់អារម្មណ៍របស់ថ្នាក់ដឹកនាំនៃធនាគារ AIIB មកលើកម្ពុជា ដោយឯកឧត្ដមបានជំរុញឱ្យមានការធ្វើកិច្ចសហប្រតិបត្ដិការលើគម្រោងវិនិយោគសាធារណៈតាមយន្ដការភាពជាដៃគូរវាងរដ្ឋ និងឯកជន ព្រោះវានឹងអាចជួយកៀងគរអ្នកវិនិយោគឯកជនសម្រាប់បម្រើការអភិវឌ្ឍ និងមិនបង្កើតឱ្យមានបន្ទុកបំណុលសាធារណៈដល់កម្ពុជា។
ទោះជាយ៉ាងណា ឯកឧត្ដមលី គុនជីន បានមានប្រសាសន៍ថា AIIB ពិតជាមានឆន្ទៈខ្ពស់ក្នុងការធ្វើកិច្ចសហប្រតិបត្ដិការជាមួយរាជរដ្ឋាភិបាលកម្ពុជាដោយមិនផ្ដោតតែលើការកាត់បន្ថយភាពក្រីក្រប៉ុណ្ណឹងទេ គឺលោកបានផ្ដោតលើហេដ្ឋារចនាសម្ព័ន្ធ និងវិស័យបង្កើនផលិតភាពដែលគាំទ្រដល់ចិរភាពកំណើនសេដ្ឋកិច្ច។ ជាមួយគ្នានេះដែរ ឯកឧត្ដមក៏បានឯកភាពលើកិច្ចសហប្រតិបត្ដិការជាមួយគ្នាលើគម្រោងវិនិយោគសាធារណៈតាមយន្ដការPPP។
ឯកឧត្ដមអូន ព័ន្ធមុនីរ័ត្នបានកោតសរសើរដល់ថ្នាក់ដឹកនាំធនាគារ AIIB ដែលខំស្វែងរកលទ្ធភាពចូលធ្វើកិច្ចសហប្រតិបត្ដិការជាមួយរដ្ឋាភិបាលកម្ពុជាពិសេសសហប្រតិបត្ដិការវិនិយោគសាធារណៈតាមយន្ដការPPP និងការគាំទ្ររបស់ឯកឧត្ដមលី គុនជីនដល់វិស័យទាំងបីមានដូចជា ហេដ្ឋារចនាសម្ព័ន្ធរូបវន្ដជនបទដូចជាផ្លូវលំ ប្រព័ន្ធធារាសាស្រ្ដ,វិស័យឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម, វិស័យតភ្ជាប់ដូចជាផ្លូវថ្នល់ និងបណ្ដាញអគ្គិសនីជាដើម៕