Nemanja Matic បានបំពេញការវាយបកដ៏អស្ចារ្យសម្រាប់ក្រុម Manchester United ដែលដេញតាមពីក្រោយក្រុម Crystal Palace 2គ្រាប់ ខណៈដែលការស៊ុតបាល់បញ្ចូលទីយ៉ាងល្អរបស់ខ្សែបម្រើអន្តរជាតិស៊ែប៊ីរូបនេះ បានធ្វើឱ្យ Man Utd ទទួលជ័យជម្នះក្នុងលទ្ធផល 3-2 នៅលើទឹកដីក្រុម Crystal Palace កាលពីថ្ងៃចន្ទ។
ក្រុមរបស់លោក Jose Mourinho បានដេញតាមពីក្រោយគ្រាប់បាល់បើកឆាករបស់ខ្សែបម្រើ Andros Townsend និងគ្រាប់បាល់ក្នុងតង់ទី2 របស់ខ្សែការពារ Patrick van Aanholt នាកីឡដ្ឋាន Selhurst Park។
ប៉ុន្តែ ខ្សែការពារ Chris Smalling បានវាយបក 1គ្រាប់វិញសម្រាប់ក្រុម Man United មុននឹងខ្សែប្រយុទ្ធអន្តរជាតិបែលហ្ស៊ិក RomeluLukaku បានរកគ្រាប់បាល់តាមស្មើវិញនៅរយៈពេល 14នាទីចុងក្រោយ។ នៅពេលជិតបញ្ចប់ការប្រកួត ខ្សែបម្រើអន្តរជាតិស៊ែប៊ី Matic បានរកគ្រាប់បាល់បញ្ចូលទីជាលើកទី1 របស់គេបានសម្រេច ចាប់តាំងពីផ្ទេរមកពីក្លិប Chelsea កាលពីឆ្នាំមុន តាមរយៈការស៊ុតបាល់ពីចម្ងាយចូលទីយ៉ាងល្អឥតខ្ចោះ។
លទ្ធផលនេះ បានធ្វើឱ្យក្រុមរបស់លោក Mourinho ឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ2 ពីលើក្រុម Liverpool នៅលើតារាងក្របខ័ណ្ឌ Premier League នៅមុនពេលក្រុមយក្សរបស់អង់គ្លេសទាំង 2នេះត្រូវជួបគ្នានៅថ្ងៃសៅរ៍ខាងមុខនេះ។ លោក Mourinho បាននិយាយបន្ទាប់ពីបញ្ចប់ការប្រកួតថា៖ «ការវាយបកដេញតាមពីក្រោយ 2-0 នៅពេលប្រកួតជាមួយនឹងក្រុមមួយដែលកំពុងតែចង់បាន 3ពិន្ទុ វាពិតជាផ្តល់ឱ្យយើងនូវអារម្មណ៍ដ៏អស្ចារ្យមែន»៕
ប្រភពពី៖ Channel News Asia