Skip to content

IFAD ប្រកាស​រំដោះ​ប្រជាពលរដ្ឋ​ឱ្យ​រួច​ផុតពី​ភាពក្រីក្រ​នៅត្រឹម​ឆ្នាំ2021

មូលនិធិ​អន្តរជាតិ​សម្រាប់​ការអភិវឌ្ឍកសិកម្ម ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា IFAD បានប្រកាស​ជា​ចំហ​ថា នៅត្រឹម​ឆ្នាំ2021ខាងមុខ ស្ថាប័ន​អន្តរជាតិ​មួយ​នេះ​នឹង​រំដោះប្រជាជន​ចំនួន120លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ​នោះ​ឱ្យ​រួច​ចាក​ផុតពី​ភាពក្រីក្រ។

នៅក្រោយ​កិច្ចប្រជុំ​ប្រចាំឆ្នាំ2018 ក្រោម​ប្រធានបទ “ចាក​ចេញពី​ភាពផុយស្រួយ​ឆ្ពោះទៅកាន់​ភាព​ធន់ និង​រឹងមាំ​រយៈពេល​វែង៖ ការវិនិយោគ​លើ​សេដ្ឋកិច្ច​ជនបទ​ប្រកបដោយ​ចីរភាព” ដែល​ដឹកនាំ​ដោយ IFAD អង្គប្រជុំ​បាន​ឯកភាព​រួមគ្នា​ដាក់ចេញ​នូវ​គោលការណ៍​របៀបវារៈ ការងារ​ថ្មី​សម្រាប់ 3ឆ្នាំ​ទៅមុខ ចាប់ពី​ឆ្នាំ2018 ដល់​ឆ្នាំ2021 គឺ “ភារកិច្ច​របស់ IFAD ត្រឹម​ឆ្នាំ2030 នឹងមិន​ទុកចោល​ អ្នកណាម្នាក់​ឱ្យ​បន្ត​ស្ថិតក្នុង​ភាពក្រីក្រ និង​បាន​ឯកភាពគ្នា​បង្កើត​ធនធាន​សម្រាប់​ប្រតិបត្តិការ​របស់ IFAD 2019-2021 ឱ្យបាន​ដល់ 3.5 ប៊ី​លាន​ដុល្លារ​អាមេរិក និង​រំដោះប្រជាជន​ជនបទ​ចាក​ចេញពី​ភាពក្រីក្រ​ឱ្យបាន​យ៉ាងតិច 120លាន​នាក់​នៅត្រឹម​ឆ្នាំ2021។

ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ អូន ព័​ន្ឋ​មុនី​រ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែង​នៅក្រោយ​កិច្ចប្រជុំ​នេះ​ថា កម្ពុ​ជាមាន​ជំហរ​គាំទ្រ​ពេញទំហឹង​ចំពោះ​ប្រសិទ្ធភាព​នៃ​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​កន្លងមក​របស់​ស្ថាប័ន​ខាងលើនេះ និង​ទិសដៅ​ការងារ​ជា​យុទ្ធសាស្ត្រ​ដែល IFAD ត្រូវប្រកាន់យក​សម្រាប់​រយៈពេល​មធ្យម​ទៅមុខ 2019-2021។ ក្នុង​គោលដៅ​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​នេះ កម្ពុជា​ក៏បាន​ប្រកាស​បង្កើន​វិភាគទាន​ពី​ចំនួន 315,000ដុល្លារ​អាមេរិក ឱ្យ​កើន​ឡើងដល់ 450,000ដុល្លារ​អាមេរិក សម្រាប់​គាំទ្រ​ប្រតិបត្តិការ​នេះ​រយៈពេល 3ឆ្នាំ​ទៅមុខ។

ក្នុង​គោលដៅ​កាត់បន្ថយ​ភាពក្រីក្រ​នេះ កម្ពុជា​ក៏បាន​លើកឡើង​នូវ​ទិសដៅ​ជា​យុទ្ធសាស្ត្រ នៃ​កិច្ចសហប្រតិបត្តិការ 2019-2021 រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ជាមួយ IFAD ដើម្បី​តម្រង់ទិស​នៃប្រតិបត្តិ​ការ​របស់ IFAD ឱ្យ​ឆ្លើយតប​ទៅតាម​តម្រូវការ​អាទិភាព​ថ្មី ក្នុងដំណាក់កាល​អភិវឌ្ឍ​ន៍​ថ្មី​ជាក់ស្តែង​របស់​កម្ពុជា បន្ទាប់ពី​បានក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប ឆ្ពោះទៅរក​គោលដៅ​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅត្រឹម​ឆ្នាំ2030។

ឯកឧត្តម ហ្គី​ល​បឺត ហុង​បូ (H.E Gilbert Huongbo)ប្រធាន​មូលនិធិ​អន្តរជាតិ​សម្រាប់​ការអភិវឌ្ឍន៍ IFAD បាន​ថ្លែង​គាំទ្រ​ពេញទំហឹង​ចំពោះ​ទិសដៅ​ជា​យុទ្ធសាស្ត្រ​នៃ​កិច្ចសហប្រតិបត្តិការ​ដែល​ស្នើឡើង​ដោយ​ភាគី​កម្ពុជា ព្រមទាំង​សន្យា​ពង្រីក​ទំហំ​កិច្ចសហប្រតិបត្តិការ​នៅ​កម្ពុជា ឱ្យ​កាន់តែ​ធំ​ជាង​មុន​ទាំង​សម្រាប់​ឆ្នាំ2019-2021 និង​ទាំង​សម្រាប់​រយៈពេល​វែង​ទៅមុខទៀត​ដែរ។

គួរ​បញ្ជាក់ថា កិច្ចការ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាលកម្ពុជា​បានធ្វើឱ្យ​សម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​មួយ​ដែលមាន​លក្ខណៈ​រឹងមាំ​ក្នុង​អត្រា 7%ក្នុង​មួយឆ្នាំ ចាប់តាំងពី​ឆ្នាំ2014មក ហើយ​កំណើន​នេះ​នៅតែ​បន្ត​រឹងមាំ​ក្នុងពេល​មធ្យម​ទៅមុខ។ ចំណែក​ផលិតផល​ក្នុងស្រុក​របស់​ប្រជាជន​ម្នាក់ (GDP per Capita)បាន​កើនឡើង​ពី1,138ដុល្លារ​ក្នុង​មួយឆ្នាំ​នៅ​ឆ្នាំ 2014ទៅ1,429ដុល្លារ​អាមេរិក​នៅ​ឆ្នាំ2017 និង​អត្រា​នៃ​ភាពក្រីក្រ​ត្រូវបាន​កាត់បន្ថយ​ពី 21.1%ក្នុង​ឆ្នាំ2010 មក​នៅ13.5%នៅ​ឆ្នាំ2014 ហើយ​កម្រិត​នៃ​ការធ្លាក់ចុះ​នេះ​សម្រេចបាន​ល្បឿន​លឿន​ជាង​ពី​ចំណូល​របស់​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​កម្ពុជា ដែល​បានកំណត់​នៅត្រឹម 19.5% ឆ្នាំ2010 និង13.8%ក្នុង​ឆ្នាំ2018នេះ។

ការធ្លាក់ចុះ​នៃ​អត្រា​ភាពក្រីក្រ​នេះ ស្របគ្នា​នឹង​ការវាយតម្លៃ​របស់​ធនា​គារ​ពិភពលោក​ផងដែរ ថាកម្ពុជា​បាន​ចាក​ផុតពី​ភាពក្រីក្រ​តោកយ៉ាក (Extreme Poverty)កាលពី​ឆ្នាំ2015កន្លងទៅ​និង​បាន​ចាត់ជា​ប្រទេស​ដែលមាន​វឌ្ឍនភាព​ល្អជា​ង​គេ​ក្នុង​តំបន់ ក្នុង​ការងារ​កាត់បន្ថយ​ភាពក្រីក្រ​របស់ខ្លួន។ ជាមួយគ្នានេះ មេគុណ​ជី​នី​នៃ​ការ​វាស់​វិសមភាព​ប្រាក់ចំណូល​ក៏មាន​ភាពប្រសើរ​ឡើងជា​លំដាប់ ដោយបាន​ថយ​ពី 0.41 ក្នុង​ឆ្នាំ2007 មក​នៅ 0.29 ក្នុង​ឆ្នាំ2014 ដែល​បង្ហាញថា​គម្លាតរ​វាង​អ្នកមាន និង​អ្នកក្រ​កាន់តែ​រួម​តូច។

យ៉ាងណាក៏ដោយ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ 2014 -2018 របស់​ក្រសួង​សេដ្ឋកិច្ច​ក្នុង​រយៈពេល​កន្លងមក​នេះ ក៏​ជួបប្រទះ​បញ្ហា​ប្រឈមសំខាន់ៗមួយចំនួន​ដែរ ក្នុងនោះ​ការកាត់បន្ថយ​ភាពក្រីក្រ​នៅមាន​ភាពមិន​ស្មើគ្នា​ទៅតាម​តំបន់នីមួយៗ ដែល​តំបន់​ខ្លះ​អត្រា​ភាពក្រីក្រ​ធ្លាក់ចុះ​លឿនតំបន់​ខ្លះ​អត្រា​ភាពក្រីក្រ​ធ្លាក់ចុះ​យឺត ជាពិសេស​នៅតាម​តំបន់​ជនបទ​ដាច់ស្រយាល។ ដើម្បី​ដោះស្រាយបញ្ហា​នេះ​រដ្ឋាភិបាល​នឹង​ខិតខំ​ដោះស្រាយ​បន្ថែមទៀត ដូចជា​ការប្រែប្រួល​អាកាសធាតុ បញ្ហា​ផលិតភាព ការអភិវឌ្ឍ​ជំនាញ ការលើកកម្ពស់​ភាព​ប្រកួតប្រជែង ការអភិវឌ្ឍ​ធនធានមនុស្ស និង​វិស័យ​ព័ត៌មានវិទ្យា និង​ទូរគមនាគមន៍​ជាដើម៕

Leave a Reply

Your email address will not be published. Required fields are marked *