ការទិញអចលនទ្រព្យដីធ្លី ឬផ្ទះល្វែងទុកសម្រាប់លក់ទៅវិញ ជួនកាលបានប្រាក់ចំណេញច្រើន ហើយជួនកាលមិនបានប្រាក់ចំណេញ តែថែមទាំងខាតបង់ធ្ងន់ធ្ងរទៀតផង។ ដូច្នេះតើយើងគួរទិញអចលនទ្រព្យបែបណា ឬពេលណាទើបលក់បានប្រាក់ចំណេញត្រឡប់មកវិញច្រើន?
លោក អាំ សុផល ស្ថាបនិកក្រុមហ៊ុន CamboHome & City Development Co., Ltd មានប្រសាសន៍ថា បើចង់ទិញអចលនទ្រព្យបានផលចំណេញច្រើនត្រូវចេះមើលទស្សនវិស័យនៃការអភិវឌ្ឍរបស់រដ្ឋាភិបាល ជាបទពិសោធ នៅពេលរដ្ឋាភិបាលមានគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅទីតាំងណាមួយ ដីនៅតំបន់នោះពិតជាឡើងថ្លៃជាមិនខាន។ លោកថាបច្ចុប្បន្ន និន្នាការនៃការពុះដីឡូត៍លក់កំពុងកើតមានយ៉ាងសកម្មនៅតំបន់ជាយក្រុង ហើយប្រសិនបើចង់បានប្រាក់ចំណេញគួរមើលពីទីតាំងណាដែលជាគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាល
ជាមុនសិន។ ក្រៅពីនេះអ្នកទិញដីក៏គួរមើលគម្រោងអភិវឌ្ឍន៍ធំៗរបស់អ្នកវិនិយោគដែលចូលមកបណ្តាក់ទុនសាងសង់សំណង់អគារខុនដូផ្ទះល្វែងឬផ្សារទំនើបនានានៅតំបន់ជាយក្រុងដែលជាកត្តាធ្វើឱ្យដីនៅតំបន់នោះឡើងថ្លៃ “ខ្ញុំធ្លាប់បានទិញដីជាយក្រុងមួយកន្លែង ក្រោយមកតំបន់នោះត្រូវបានគេអភិវឌ្ឍទៅជាផ្សារទំនើប ដែលមានមនុស្សចូលទៅរស់នៅច្រើនឡើង ធ្វើឱ្យដីដែលខ្ញុំទិញនោះឡើងថ្លៃទ្វេដងមិនគួរឱ្យជឿ។
មួយវិញទៀតអ្នកទិញដីគួរស្វែងរកទីតាំងដីនៅធូរថ្លៃ ដូចជាដីមិនទាន់អភិវឌ្ឍន៍ដែលមិនទាន់ មានហេដ្ឋារចនាសម្ព័ន្ធល្អ ពេលទិញរួចហើយត្រូវធ្វើការអភិវឌ្ឍតំបន់នោះឱ្យក្លាយទៅជាទីប្រជុំជន មានផ្សារ មានសាលារៀន ពិសេសមានផ្លូវងាយស្រួលក្នុងការធ្វើដំណើរដែលជាលក្ខណៈពិសេសធ្វើឱ្យដីតំបន់នោះឡើងថ្លៃខ្លាំង។ ប៉ុន្តែយ៉ាងណានោះ គេត្រូវសិក្សាផ្លូវច្បាប់ឱ្យបានល្អិតល្អន់ជាមុនសិនចៀសវាងទិញដីដែលកំពុងមានវិវាទ ដីដែលកំពុងជាប់បញ្ចាំប្លង់នៅធនាគារ ព្រោះអាចជួបហានិភ័យផ្សេងៗកើតឡើងនាំខាតបង់។
ចំណែកអ្នកនាង លឹម មករា ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនរតនាការ រៀលធី បាននិយាយស្រដៀងនេះដែរថា មុននឹងសម្រេចចិត្តទិញដីគឺយើងគួរពិចារណាឱ្យបានច្បាស់លាស់ជាមុន ព្រោះថា ការទិញដីយើងត្រូវចំណាយប្រាក់ច្រើន មុននឹងបានប្រាក់ចំណេញត្រឡប់មកវិញ ឬមិនអ៊ីចឹងទេនាំឱ្យខាតបង់ប្រាក់ច្រើនសន្ធឹកសន្ធាប់។ ដើម្បីឱ្យបានប្រាក់ចំណេញច្រើន យើងត្រូវចេះតាមដានព័ត៌មានគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាល និងវិស័យឯកជន។
ចំណុចនេះអ្នកនាងបានលើកជាឧទាហរណ៍ ដីនៅខាងលិចក្រុងភ្នំពេញ ដីនៅតំបន់ EAONទី2 និងផ្លូវ 60ម៉ែត្រភាគខាងត្បូងរាជធានីភ្នំពេញ ដើមឡើយមិនសូវមានអ្នកចាប់អារម្មណ៍ទេ តែនៅពេលគម្រោងអភិវឌ្ឍន៍រដ្ឋ និងឯកជនចូលទៅដល់ ដីនៅទីតាំងខាងលើបានឡើងថ្លៃខ្ពស់ នឹកស្មានមិនដល់។ ក្រៅពីកត្តាសំខាន់ខាងលើ អ្នកនាង លឹម មករា បានបន្ថែមថា ដើម្បីទិញដីបានប្រាក់ចំណេញច្រើន អ្នកវិនិយោគគួរមានបណ្តាញច្រើនចែករំលែកព័ត៌មានអំពីការលក់ដីទៅវិញទៅមក ហើយវិភាគ ឬពិភាក្សារួមគ្នារកឱ្យឃើញថា ដីណាមានសក្តានុពល ដីណាមិនមានសក្តានុពល ចាំយើងសម្រេចចិត្តទិញជាក្រោយ។ បើមានប្រាក់ គួររង់ចាំទិញដីណាដែលម្ចាស់ត្រូវការលក់ប្រញាប់ខ្លាំង យើងនឹងអាចទិញបានក្នុងតម្លៃថោក ហើយលក់ទៅវិញនឹងបានចំណេញច្រើន ។
ចំណែកលោក សូត្រ សារ៉ន ប្រធានផ្នែកគម្រោង The Seagate Suit នៅខេត្តកំពង់សោមមានប្រសាសន៍ថា ការរីកចម្រើនវិស័យអចលនទ្រព្យនៅកម្ពុជា គឺដោយសារប្រជាជនមានប្រាក់ចំណូលកាន់តែខ្ពស់ ខណៈដែលសេដ្ឋកិច្ចកម្ពុជាមានកំណើនរឹងមាំថេរ ហើយរដ្ឋាភិបាលមានទិសដៅកែប្រែសេដ្ឋកិច្ចពីប្រទេសមានចំណូលមធ្យមកម្រិតទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030។ លោកបន្ថែមថា ដើម្បីបានប្រាក់ចំណេញមកវិញ អ្នកវិនិយោគគួរចេះសម្លឹងមើលទីតាំងណាដែលល្អជាមុនសិន ពិសេសទិញដីនៅលើទីតាំងដែលមិនទាន់កែច្នៃ ឬដីនៅទីតាំងដែលនឹងមានគម្រោងអភិវឌ្ឍន៍ធំៗ ទើបបានប្រាក់ចំណេញលឿនត្រឡប់មកវិញ។ ឧទាហរណ៍ដូចជា គម្រោងខុនដូ The Seagate Suit នៅកំពង់សោម មានអតិថិជនគាំទ្រច្រើនគឺដោយសារអតិថិជនគិតថាតំបន់នោះនឹងមានមជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងពេលឆាប់ៗ ខាងមុខនេះ។
ប្រសិនបើមានប្រាក់ច្រើនដោយខ្លួនឯង មិនមែនជាប្រាក់ខ្ចីគេនោះ គួរចេះឆក់ឱកាសទិញដីនៅពេលមានវិបត្តិសេដ្ឋកិច្ច ឬទិញដីនៅពេលជិតបោះឆ្នោតដែលមានមនុស្សចង់លក់ច្រើន ដូចជាគេច្រើនលើកឡើងថា “ជ្រុលទិញដី គឺទិញនៅពេលគេចង់លក់ ហើយបើជ្រុលលក់ត្រូវលក់នៅពេលគេចង់ទិញ ហើយបើចង់បានចំណេញកាន់តែច្រើន គឺត្រូវទុកយូរបន្តិច” ព្រោះថាអ្វីៗមានភាពប្រែប្រួលតែដីមិនប្រែប្រួលទេ ដូចជាចំនួនប្រជាជនកាន់តែកើនឡើងឥតឈប់ឈរ តែដីមិនកើនឡើងទេ ដូច្នេះតម្រូវការដីកើតមានកាន់តែច្រើន តែកាលណាតម្រូវការមានច្រើន តម្លៃក៏កាន់តែឡើងថ្លៃដែរ៕