ខ្សែការពារអន្តរជាតិអ៊ីតាលី Davide Astori ដែលជាប្រធានក្រុម Fiorentina បានស្លាប់ក្នុងវ័យ 31ឆ្នាំ។ នេះបើយោងតាមការប្រកាសរបស់ក្លិបស្ថិតក្នុងក្របខ័ណ្ឌអ៊ីតាលី Serie A មួយនេះ កាលពីថ្ងៃអាទិត្យ។
Astori កំពុងតែស្នាក់នៅក្នុងបន្ទប់សណ្ឋាគារមួយជាមួយនឹងមិត្តរួមក្លិបរបស់គេ នៅមុនពេលការប្រកួតកាលពីថ្ងៃអាទិត្យនៅលើទឹកដីក្រុម Udinese នៅពេលនោះរូបគេបានស្លាប់ភ្លាមៗតែម្តង។ ខ្សែការពាររូបនេះបានបង្ហាញខ្លួន 14លើកសម្រាប់ជម្រើសជាតិអ៊ីតាលី ក្នុងអាជីពមួយដែលបានចាប់ផ្តើមជាមួយនឹងក្លិប AC Milan បើទោះបីរូបគេមិនបានចូលលេងក្នុងជម្រើសទាំង 11នាក់ដំបូងសម្រាប់ក្លិបនេះ នៅមុនពេលលក់ទៅឱ្យក្លិប Cagliari ក៏ដោយ។ ក្លិប Fiorentina បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «Fiorentina ពិតជាមានភាពស្រឡាំងកាំងណាស់ក្នុងការប្រកាសពីការស្លាប់របស់ប្រធានក្រុម Davide Astori ក្រោយពីមានជំងឺភ្លាម។
សម្រាប់ស្ថានភាពដ៏អាក្រក់បែបនេះ និងក្រោមការគោរពសម្រាប់ក្រុមគ្រួសាររបស់គេ យើងសូមស្នើបណ្តាញសារព័ត៌មានទាំងអស់ឱ្យចេញផ្សាយប្រកបដោយចំណេះដឹង»។ លោក Antonio de Nicolo មន្ត្រីប៉ូលិសក្នុងទីក្រុង Udine ត្រូវបានដកស្រង់សម្តីក្នុងពេលនិយាយដោយបណ្តាញសារព័ត៌មានអ៊ីតាលីថា៖ «Astori បានស្លាប់ដោយហេតុផលធម្មជាតិ ក្រោយពីដួលដោយសារតែជំងឺគាំងបេះដូង»។
មន្ត្រីរូបនេះបានបន្ថែមទៀតថា វាពិតជាចម្លែកណាស់ដែលបញ្ហាបែបនេះបានកើតឡើង ដោយគ្មានសញ្ញាអ្វីឱ្យដឹងមុនទាំងអស់ទៅលើកីឡាករអាជីពម្នាក់ដែលត្រូវបានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់។ សាកសពរបស់ Astori ត្រូវបានដឹកទៅកាន់មន្ទីរពេទ្យមួយក្នុងទីក្រុង Udine ដើម្បីធ្វើកោសល្យវិច័យ៕
ប្រភពពី៖ The Guardian