អ្វីទៅជា TMS? TMS (Talent Management Services) គឺជាសេវាកម្មដ៏ថ្មីសន្លាងមួយរបស់ CBS ដែលមានគោលដៅចម្បងផ្តោតលើការផ្តល់ជូនការកម្សាន្តល្អៗ ប្លែកថ្មីដល់ទស្សនិកជន តាមរយៈតារាចម្រៀង ពិធីករ ពិធីការិនី តារាសម្តែង ព្រមទាំងតារាកំប្លែង ដែលប្រកបដោយជំនាញ មានវិជ្ជាជីវៈ មានទេពកោសល្យ និងមានសមត្ថភាពយ៉ាងពិតប្រាកដ។ TMS មានការជួយជ្រោមជ្រែងពីពិធីការិនីដែលមានទេពកោសល្យ និងជាអ្នកគាំទ្រសិល្បករយ៉ាងយកចិត្តទុកដាក់ ដែលគ្រប់ៗគ្នាបានស្គាល់រួចមកហើយគឺ អ្នកនាង យុគ ចិន្តា ដែលអ្នកនាងសព្វថ្ងៃមានតួនាទីមួយទៀតជានាយកប្រតិបត្តិ (CEO) របស់ TMS។
អ្នកនាង យុគ ចិន្តា និងលោក Dennis Garcia Arce ដែលជាប្រធានផ្នែកតន្ត្រីរបស់ TMS បានខិតខំប្រមូលផ្តុំនូវសិល្បករ និងសិល្បការិនីជាច្រើនឱ្យមកជ្រកក្រោមដំបូលតែមួយ ដើម្បីហ្វឹកហាត់ និងដុសខាត់ទេពកោសល្យរបស់ពួកគេឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។ ជាមួយ TMS លោកអ្នកនឹងទទួលបាននូវបទភ្លេងថ្មីដែលមានគុណភាព រួមជាមួយនឹងវប្បធម៌ដ៏ល្អ ដែលត្រូវបានសម្រិតសម្រាំងឡើងដោយសិល្បករប្រកបដោយវិជ្ជាជីវៈ និងទំនាក់ទំនងល្អជាមួយទស្សនិកជន។
Meet the Artists!
1/ លោក សេម៖ គឺជាអ្នកនិពន្ធ និងជាអ្នកចម្រៀងរ៉ូមែនទិកម្នាក់ដែលបានទាក់យកបេះដូងទស្សនិកជនច្រើនរាប់មិនអស់។ បទចម្រៀងដែលសាងនូវភាពលេចធ្លោឱ្យលោកខ្លាំងជាងគេគឺមានចំណងជើងថា “ត្រឹមបារម្ភពីអូនក៏បងអស់ចិត្ត” ដោយបទនេះមានអ្នកទស្សនាយ៉ាងច្រើនតាមកញ្ចក់ទូរទស្សន៍ និងបណ្តាញសង្គមនានា។ បច្ចុប្បន្ន សេម កំពុងតែថតខ្សែភាពយន្តថ្មីដែលត្រៀមនឹងចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ ដោយរំពឹងថា នឹងទទួលបានការគាំទ្រ និងការស្រឡាញ់រាប់អានពីសំណាក់ស្រទាប់យុវវ័យ។
2/ កញ្ញា ស៊ីរ៉ា៖ ម្ចាស់បទ “ច្រណែនគេមិនមែនជាខ្ញុំ” ចាប់ផ្តើមចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ2009 ដោយកញ្ញាបានចាប់ផ្តើម រៀនលេងហ្គីតា និងបានចូលរួមជាមួយក្រុមតន្ត្រីរបស់សាលាវ៉េស្ទឡាញ។ លើសពីនេះទៅទៀត កញ្ញាក៏បានចូលរួមជាមួយគម្រោង “I am Original” ដែលធ្វើឡើងនៅឆ្នាំ2016 និង2017។ នាពេលបច្ចុប្បន្ននេះ ស៊ីរ៉ា កំពុងមមាញឹកក្នុងការត្រៀមចេញនូវបទចម្រៀងថ្មីដែលស្ថិតក្រោមការគ្រប់គ្រងរបស់ TMS។
3/ លោក វណ្ណដា៖ គ្រាន់តែឮឈ្មោះ “វណ្ណដា” យុវវ័យប្រហែលជាស្គាល់ហើយថា លោកគឺជាតារាចម្រៀង R&B និង Hip Hop ក្នុងប្រទេសកម្ពុជានាសតវត្សទី21យើងនេះ។ ក្នុងនោះបទដែលទទួលបានការគាំទ្រខ្លាំងពីស្រទាប់អ្នកស្តាប់គឺមានបទ “ឈឺទេ។ មួយវិញទៀត លោកក៏បានបង្ហើបពី Album ចម្រៀងទី1របស់លោកប្រចាំឆ្នាំ2018 ដែលមានការចូលរួមពីតារាចម្រៀងរ៉េបដទៃទៀត ដោយមានរូបលោកផ្ទាល់ជាអ្នកផលិតបទភ្លេងដោយបូកបន្ថែមនូវចង្វាក់ Trap ផងដែរ
4/ លោក Mc Bull៖ ចូលប្រឡូកក្នុងវិថីសិល្បៈក្នុងឆ្នាំ2012រហូតដល់ឆ្នាំ2013 ដោយលោកបានចូលរួមប្រកួតក្នុងកម្មវិធី ពេញចិត្តឬអត់ របស់ស្ថានីយទូរទស្សន៍ MyTV។ បទចម្រៀងដែលលេចធ្លោខ្លាំងបំផុតរបស់លោកគឺ បទ “សិល្បៈគុណខ្មែរ” ដោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានឡាយព្រះហស្តលេខា និងចុះហត្ថលេខាដោយឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា ដោយចុះបញ្ជីបទចម្រៀងនេះក្នុងសហព័ន្ធកីឡាប្រដាល់ដំបូងគេបង្អស់ ហើយឱ្យគ្រប់ស្ថានីយទូរទស្សន៍ទាំងអស់ចាក់ផ្សាយបទនេះនៅរាល់ការប្រកួតប្រដាល់ផងដែរ។
5/ អ្នកនាងហង្ស សុជាតា៖ គឺមានឈ្មោះបោះសំឡេងតាមរយៈបទ “សាកល្បងស្នេហ៍ម្តងទៀត” និងបទ “Love បង” ដែលជាបទដ៏ពេញនិយម និងទទួលបាននូវការគាំទ្រយ៉ាងច្រើនលើសលប់។ លើសពីនេះ អ្នកនាងក៏ធ្លាប់ធ្វើជាគណៈកម្មការនៅក្នុងកម្មវិធីប្រលងចម្រៀងសំនៀងចែងចាំង របស់ស្ថានីយទូរទស្សន៍ CTN ផងដែរ។ ក្រៅពីសមត្ថភាពច្រៀងជាភាសាខ្មែរ អ្នកនាងសុជាតា ក៏អាចច្រៀងជាភាសាថៃ និងភាសាអង់គ្លេសយ៉ាងពីរោះ និងស្ទាត់ជំនាញផងដែរ។
6/ លោក ផាយ៉ត៖ ជាអតីតអ្នកចម្រៀងនៅផលិតកម្មរ៉ក់ ដែលទស្សនិកជនពិតជាបានស្គាល់រូបលោករួចមកហើយតាមរយៈបទចម្រៀងក្រោមចំណងជើងថា “ហេតុអ្វីទៅ” និងបទ “បញ្ចាំដីការប្រពន្ធ។ បច្ចុប្បន្ន លោក ផាយ៉ត កំពុងមមាញឹកជាមួយការចេញបទចម្រៀងថ្មីៗ ដើម្បីបម្រើអារម្មណ៍យុវវ័យមិត្តអ្នកស្តាប់។
7/ កញ្ញា អ៉ីញអ៉ីញ៖ គឺជាតារាសម្តែងស្រីដែលមានវ័យក្មេង និងមានភាពទាក់ទាញបំផុតក្នុងស្រទាប់យុវវ័យ។ សម្រស់ដ៏ស្រស់ស្អាត និងភាពប៉ិនប្រសប់នៃការសម្តែង បានធ្វើឱ្យកិត្តិស័ព្ទរបស់ អ៉ីញអ៉ីញ មានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ស្នាដៃថ្មីរបស់ អ៉ីញអ៉ីញ សម្រាប់បើកទំព័រថ្មីក្នុងឆ្នាំ2018នេះ ទស្សនិកជននឹងជួប អ៉ីញអ៉ីញ នៅក្នុងរឿង “កិច្ចសន្យាស្នេហ៍ Tom & Jerry” ដែលនឹងត្រៀមបញ្ចាំងនៅតាមបណ្តារោងភាពយន្តនានាក្នុងពេលឆាប់ៗនេះ។
8/ កញ្ញា Vartey Ganiva៖ គឺជាអ្នកចម្រៀងស្រីដំបូងគេ ដែលផលិតចម្រៀងប្រភេទ Punk ហើយចង្វាក់ភ្លេងនេះមានលក្ខណៈស្រដៀងនឹងចង្វាក់រ៉ក់ដែរ។ អ្វីដែលធ្វើឱ្យចម្រៀងរបស់ Vartey Ganiva ពិសេសជាងគេនោះគឺអត្ថន័យចម្រៀងទាំងមូលតែម្តង ដោយ Vartey Ganiva ច្រៀងអំពីជីវិតពិត និងការរងគ្រោះរបស់មនុស្សស្រីមួយចំនួនធំនៅប្រទេសកម្ពុជា។
9/ ក្រុម Polarix៖ គឺជាក្រុមរាំដែលមានសមាជិកសុទ្ធសឹងជាជនជាតិខ្មែរ។ Polarix កំពុងផ្សព្វផ្សាយ និងអភិវឌ្ឍវិស័យរាំនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែមានគុណភាពខ្ពស់ឱ្យពិភពលោកបានស្គាល់។ បទចម្រៀងដែលមានការពេញនិយមពីសំណាក់យុវវ័យមានដូចជា បទ “CHASE” (ផ្ញើសារទៅយុវជនជំនាន់ក្រោយឱ្យរឹងមាំ) បទ “CRUSHED BELL” (ជាប្រភេទ Balletកំសត់ដែលមានក្បាច់រាំរស់រវើកត្រូវជាមួយនឹងសាច់ភ្លេង) និង បទ “SUNSHINE TOUCH”។
10/ កញ្ញា ដានី៖ នៅក្នុងឆ្នាំ2015 ដានី បានចាប់អាជីពជាពិធីការិនីនៅក្នុងកម្មវិធីផ្លូវការជាច្រើន ដែលរូបនាងផ្ទាល់អាចសរសេរ និងនិយាយភាសាអង់គ្លេសបានយ៉ាងល្អ។ ដានី បានចូលប្រឡូកក្នុងវិស័យសិល្បៈដំបូងនៅពាក់កណ្តាលឆ្នាំ2017 ក្នុងនាមជាសិល្បការិនីរបស់ TMS។ ទំព័រសម្តែងដំបូងរបស់នាងគឺនៅក្នុងវីដេអូចម្រៀងថ្មីបទ “ចាប់ផ្តើម និងបញ្ចប់” របស់ លោក វណ្ណដា។
11/ លោក រតនៈ៖ បានចូលសិល្បៈដំបូងនៅឆ្នាំ2015 ក្នុងនាមជាតារាម៉ូដែលនៅ Sun Super Model។ នៅឆ្នាំ2016 ចំនួនអ្នកស្គាល់ និងអ្នកគាំទ្ររបស់លោកបានកើនឡើងជាលំដាប់ ដោយសារតែ រតនៈ មានវត្តមានជាពិធីករក្នុងកម្មវិធីកម្សាន្តមួយនៅលើបណ្តាញសង្គម Facebook។ បច្ចុប្បន្នក្រៅពីការងារជាតារាម៉ូដែល និងជាពិធីករ លោកក៏មានភាពមមាញឹកក្នុងការងារសម្តែង ថតស្ប៉តពាណិជ្ជកម្ម រឿងភាគទូរទស្សន៍ រឿងប្រភេទអប់រំខ្លីៗ និងថតបទចម្រៀងកាយវិការជាច្រើនផងដែរ។
12/ លោក សុវណ្ណណេត៖ បានចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ2013 តាមរយៈកម្មវិធីប្រឡង Spy Guys and Girls Contest, Season II។ ក្រោយពីបានសាងស្នាដៃសម្តែងបានច្រើនគួរសមមក ឈ្មោះរបស់លោកត្រូវបានទស្សនិកជនស្គាល់ និងគាំទ្រយ៉ាងច្រើនជាពិសេសតាមរយៈរឿង “កំហឹងអ្នកស្រុក” ដែលបានចាក់បញ្ចាំងនៅប៉ុស្តិ៍ទូរទស្សន៍ MyTV។
តារារបស់ TMS នៅមិនទាន់អស់នោះទេ! សិល្បករ និងសិល្បការិនីជាច្រើនរូបទៀតក៏កំពុងស្ថិតនៅក្រោមកិច្ចព្រមព្រៀងជាសិល្បកររបស់ TMS ផងដែរ។ ពួកគេត្រៀមខ្លួនរួចជាស្រេច ដើម្បីបម្រើនូវចក្ខុអារម្មណ៍របស់ទស្សនិកជនដែលរួមមានដូចជា សាយ, ម៉ា ច័ន្ទបញ្ញា, សេម រ៉ក់ឃឺ, 4NIX និង Superior M ជាដើម។ TMS នឹងព្យាយាមនាំមកជូននូវព្រឹត្តិការណ៍ប្លែកៗ ព្រមជាមួយនឹងបទចម្រៀង Original ថ្មីៗ មកជូនទស្សនិកជនអ្នកគាំទ្រគ្រប់ស្រទាប់វណ្ណៈ។ កុំភ្លេច! រង់ចាំតាមដានព្រឹត្តិការណ៍ដ៏អស្ចារ្យរបស់តារា TMS ទាំងអស់គ្នាណា៎!