ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Neymar នឹងត្រូវអវត្តមានពីការប្រកួតរហូតដល់ទៅរយៈពេល3ខែ ពោលគឺជិតដល់យុទ្ធនាការ World Cup ក្រោយពីបានទទួលការវះកាត់ទៅលើឆ្អឹងប្រអប់ជើងដែលបាក់របស់គេ។ នេះបើយោងទៅតាមការបញ្ជាក់របស់វេជ្ជបណ្ឌិតរបស់គេកាលពីថ្ងៃព្រហស្បតិ៍។
ព័ត៌មានដ៏ខកចិត្តជាងការគិតមួយនេះ បានកើតឡើង ក្រោយពីខ្សែប្រយុទ្ធវ័យ២៦ឆ្នាំរបស់ក្លិប Paris Saint-Germain រូបនេះ បានធ្វើដំណើរទៅដល់ទីក្រុង Rio de Janeiro តាមរយៈការយន្តហោះ Air France 1គ្រឿង ពីទីក្រុងប៉ារីស ដើម្បីទទួលការវះកាត់នៅថ្ងៃសៅរ៍នេះ។
លោក Rodrigo Lasmar វេជ្ជបណ្ឌិតផ្នែកវះកាត់របស់ក្រុមជម្រើសជាតិប្រេស៊ីល ដែលបានធ្វើដំណើរជាមួយនឹង Neymar បានបញ្ជាក់ថា៖ «រយៈពេលនៃការសម្រាកព្យាបាល គឺមានរយៈពេលប្រមាណជា2ខែកន្លះ ទៅ3ខែ»។
ការរងរបួសនេះ មិនត្រឹមតែធ្វើឲ្យកីឡាករមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតរបស់ពិភពលោកមួយនេះ ត្រូវអវត្តមានក្នុងការប្រកួតកាត់សេចក្តីក្នុងការប្រកួតក្របខ័ណ្ឌ Champions League របស់ក្រុម PSG ជាមួយនឹងក្រុម Real Madrid នាថ្ងៃទី6 ខែមីនា ប៉ុណ្ណោះទេ ប៉ុន្តែ ក៏ផ្តល់នូវការព្រួយបារម្ភដ៏ធំមួយដល់អ្នកគាំទ្រដែលឆ្កួតនឹងបាល់ទាត់ក្នុងប្រទេសប្រេស៊ីលផងដែរ ខណៈដែលរូបគេអាចនឹងមិនមានពេលវេលាក្នុងការត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់សម្រាប់យុទ្ធនាការ World Cup ក្នុងប្រទេសរុស្ស៊ី ដែលនឹងចាប់ផ្តើមប្រកួតនាថ្ងៃទី14 ខែមិថុនា ឆ្នាំនេះ៕
ប្រភពពី៖ Sport24