នៅក្នុងចង្វាក់ផលិតកម្ម ឬនៅក្នុងក្រុមហ៊ុនមួយធនធានមនុស្សគឺជារឿងសំខាន់បំផុតដែលអាចជួយសម្រេចលទ្ធផល និងទិសដៅរបស់ក្រុមហ៊ុនបាន។ ប្រសិនបើនៅក្នុងក្រុមហ៊ុនមួយសម្បូរទៅដោយមនុស្សដែលមានគំនិតអវិជ្ជមាន និងខ្វះភាពសកម្មក្នុងការងារ នោះក្រុមហ៊ុននឹងជួបផលលំបាកជាក់ជាមិនខាន។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ឆាក់ សុជាតិ ជាសហគ្រិនវ័យក្មេងមួយរូបបានលើកឡើងថា បុគ្គលិកដែលធ្វើឱ្យម្ចាស់ក្រុមហ៊ុនលំបាក គឺភាគច្រើនជាបុគ្គលិកដែលមិនយល់ពីចក្ខុវិស័យរបស់ក្រុមហ៊ុនដែលជាហេតុធ្វើឱ្យគាត់មិនដឹងថា រាល់ថ្ងៃគាត់ធ្វើការងារដើម្បីសម្រេចគោលដៅអ្វីខ្លះឡើយ។
ម្យ៉ាងវិញទៀត នៅពេលដែលបុគ្គលិកមិនដឹងពីទិសដៅរបស់ក្រុមហ៊ុន ភាគច្រើនគាត់ធ្វើការគឺដើម្បីតែប្រាក់ខែ និងផលប្រយោជន៍របស់ខ្លួន-ឯងសុទ្ធសាធ ដែលកត្តានេះហើយធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃការរីកចម្រើនរបស់ក្រុមហ៊ុន នឹងមិនអាចសម្រេចគោលដៅស្របគ្នាជាមួយម្ចាស់អាជីវកម្មបានឡើយ។
លោក សុជាតិ បានលើកឡើងផងដែរថា បុគ្គលិកដែលល្អ ជាបុគ្គលិកដែលខំអភិវឌ្ឍខ្លួនឯងរហូត ទោះជាប្រាក់ខែនៅពេលនេះតិច មិនសមនឹងការខំប្រឹងប្រែងធ្វើការងាររបស់ខ្លួនក៏ដោយ។ បុគ្គលិកមួយចំនួនដែលមិនខំប្រឹងធ្វើការងារ មិនព្រមខំប្រឹងអភិវឌ្ឍសមត្ថភាពខ្លួនឯង ភាគច្រើនធ្វើឱ្យអ្នកដឹកនាំត្រូវរវល់ច្រើនជាមួយនឹងការតម្រង់ទិសពួកគាត់ ម្យ៉ាងទៀតធ្វើការងារនៅក្រុមហ៊ុនកាន់តែយូរ កាន់តែបង្កើតបញ្ហាដល់ក្រុមហ៊ុនមិនចេះចប់ ព្រោះជាក់ស្តែងម្ចាស់ក្រុមហ៊ុននឹងមិនដំឡើងប្រាក់ខែឱ្យទៅបុគ្គលិកណាដែលមិនមានការអភិវឌ្ឍនោះទេ ដូច្នេះ
គាត់នៅធ្វើការយូរជាងគេ តែទទួលបានប្រាក់ខែតិចជាងអ្នកចូលក្រោយ ប្រសិនជាគាត់ដឹងពីបញ្ហានេះគាត់នឹងមិនសប្បាយចិត្តហើយតែងតែបង្កើតជាបញ្ហាឱ្យក្រុមហ៊ុនដោះស្រាយឥតឈប់ឈរ។ បុគ្គលិកប្រភេទនេះភាពច្រើនមិនសូវផ្លាស់ប្តូរការងារទៅកន្លែងថ្មីទេ ព្រោះតែសមត្ថភាពមានកម្រិត មិនបានខំប្រឹងអភិវឌ្ឍខ្លួន ដូច្នេះទោះជាទៅសម្ភាសរកការងារនៅក្រុមហ៊ុនផ្សេងទៀតក៏គេមិនឱ្យប្រាក់ខែច្រើនជាងកន្លែងចាស់ដែរ។
ផ្ទុយទៅវិញបុគ្គលិកដែលខំប្រឹងធ្វើការ ខំប្រឹងអភិវឌ្ឍខ្លួនរាល់ថ្ងៃ មានន័យថា គេធ្វើការដើម្បីចំណេះដឹង ព្រោះគេបានខំប្រឹងប្រែងធ្វើការងារបណ្តើរ និងសិក្សារៀនសូត្របណ្តើរគេនឹងចេះដឹងការងារច្រើននៅក្នុងក្រុមហ៊ុន គេបានគិតថា ត្រូវខំប្រឹងដើម្បីឱ្យក្លាយជាមនុស្សសំខាន់របស់ក្រុមហ៊ុន ថ្ងៃក្រោយក្រុមហ៊ុនអត់គេមិនបានឡើយ ដូច្នេះបើទោះជាបច្ចុប្បន្នប្រាក់ខែមិនច្រើនដូចអ្វីដែលគេចង់បានក៏ដោយ តែគេបានដាក់គោលដៅរបស់គេថា 1ឆ្នាំ ឬ2ឆ្នាំទៀតគេនឹងទទួលបាននូវអ្វីដែលគេគ្រោងទុក បើទោះជាក្រុមហ៊ុនចាស់មិនផ្តល់ឱ្យច្រើន ក៏មានក្រុមហ៊ុនផ្សេងចាំទទួលយកគេដែរ សំខាន់ឱ្យតែមានសមត្ថភាព។
ពាក់ព័ន្ធនឹងបញ្ហានេះដែរលោក រិន រ៉ាវុធ សាស្ត្រាចារ្យផ្នែកគ្រប់គ្រង និងជាអ្នកគ្រប់គ្រងធនធានមនុស្សបានលើកឡើងថា បុគ្គលិកដែលតែងតែធ្វើឱ្យម្ចាស់ស្ថាប័នលំបាក ភាគច្រើនជាអ្នកដែលមិនព្យាយាមសម្របខ្លួនជាមួយនឹងផ្នែកដទៃក្នុងស្ថាប័ន (គ្មានTeam Work) ដែលពេលខ្លះគាត់មិនអាចធ្វើការទំនាក់ទំនងល្អក្នុងស្ថាប័ន ហើយតែងតែមានជម្លោះជាមួយបុគ្គលិកដទៃ ថែមទៀតផង។ ម្យ៉ាងវិញទៀត អ្នកដែលមិនអាចសម្របខ្លួនបានជាមួយនឹងផ្នែកដទៃ តែងតែធ្វើការងារដោយយល់តែតាមអារម្មណ៍របស់ខ្លួន ឬធ្វើតែជំនាញរបស់ខ្លួនតែប៉ុណ្ណោះ មិនបានយល់ពីអារម្មណ៍អ្នកដទៃ ឬមិត្តរួមការងារ ឬស្មារតីនៃការធ្វើការងាររួមគ្នាមកអនុវត្តក្នុងក្រុមហ៊ុននោះទេ។
លោក រិន រ៉ាវុធ បាននិយាយថា៖ “នៅក្នុងក្រុមហ៊ុន មានប្រភេទបុគ្គលិកផ្សេងៗគ្នា ដែលបុគ្គលិកខ្លះជាទ្រព្យ និងបុគ្គលិកខ្លះជាបន្ទុក។ អ្នកដែលជាបន្ទុករបស់ក្រុមហ៊ុនភាគច្រើន ជាអ្នកដែលធ្វើការងារដើម្បីតែធ្វើការ ធ្វើការបានលទ្ធផលតិច តែចង់បានភាពសំខាន់ខ្លាំង ដែលចំណុចនេះអាចធ្វើឱ្យគាត់ងាយថ្នាំងថ្នាក់ជាមួយថ្នាក់លើនៅពេលដែលគាត់មិនទទួលបានប្រយោជន៍ដូចការរំពឹងទុក ខណៈគាត់មិនបានខំប្រឹងប្រែងឱ្យខ្លាំងឡើយ។
សាស្ត្រាចារ្យ រូបនេះ បានលើកឡើងផងដែរថាបុគ្គលិកដែលជាបន្ទុក តែងតែចូលចិត្តសម្តែងច្រើនជាងការធ្វើពិតប្រាកដ ព្រោះថា អ្វីដែលគាត់ចង់បានគឺផលប្រយោជន៍ផ្ទាល់ខ្លួន មុខមាត់ ឬភាពសុខស្រួលច្រើនជាងការធ្វើការងារឱ្យទទួលបានលទ្ធផលល្អពិតប្រាកដ។ គាត់តែងតែរំពឹងថា ក្រុមហ៊ុននឹងផ្តល់ផលប្រយោជន៍ច្រើនដល់គាត់ ទាំងគាត់ខ្លួនឯងភ្លេចគិតថា គាត់មិនបានធ្វើអ្វីមួយជាប្រយោជន៍ដល់ក្រុមហ៊ុនវិញផងនោះ៕