បន្ទាប់ពីបានបាត់មុខចេញពីពិភពសិល្បៈអស់មួយរយៈធំមក ខណៈនេះតារាសម្ដែងស្រីដែលធ្លាប់មានប្រជាប្រិយភាពខ្លាំង គឺអ្នកនាង ឌុច សុភា បានត្រឡប់មកសម្ដែងរឿងវិញហើយ។ បើតាមការបង្ហោះរូបភាពរបស់អ្នកនាងនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក គេមើលឃើញថា អ្នកនាងកំពុងតែសម្ដែងរឿងភាគទូរទស្សន៍មួយ តែអ្នកនាងមិនបានបញ្ជាក់ប្រាប់ពីចំណងជើងរឿង និងជារឿងរបស់ស្ថានីយទូរទស្សន៍ណាមួយឡើយ។
សូមរំឭកបន្ដិចថា ការបាត់មុខពីវីដេអូចម្រៀងរបស់រស្មីហង្សមាស អស់រយៈពេល 3 ឆ្នាំមកនេះ អ្នកនាង ឌុច សុភា ក៏ហាក់បីដូចជាបាត់មុខពីពិភពសិល្បៈខ្មែរដូចគ្នាដែរ ដោយគេសង្កេតឃើញថា អ្នកនាងមិនមានសម្ដែងរឿង ឬវីដេអូចម្រៀង MV ណាមួយឡើយ។ គេសម្គាល់ឃើញថា បទចម្រៀងដែលតារាស្រីរូបនេះបានសម្ដែងចុងក្រោយគេមុនពេលបាត់មុខនោះ គឺបទ “Call មកបង ម្ដេចសុំលេខគេ” របស់ផលិតកម្មរស្មីហង្សមាស កាលពីឆ្នាំ 2014 ដែលជាបទមួយច្រៀងដោយលោក ព្រាប សុវត្ថិ និងជាបទដែលនិពន្ធទំនុកច្រៀងដោយលោក សុខ ចាន់ផល ។
គួរបញ្ជាក់ផងដែរថា ក្រោយពីសម្ងំហាត់ប្រាណសម្រករាង និងពត់ធ្មេញអស់មួយរយៈមក តារាសម្តែងដែលធ្លាប់មានឈ្មោះបោះសំឡេង ឌុច សុភា បានហក់ចូលក្នុងការសម្តែងជាថ្មីម្ដងទៀត ដោយនាងមានឱកាសបានសម្តែងជាតួសំខាន់នៅក្នុងរឿងមួយ ដែលពេលនេះកំពុងដំណើរការថតបានមួយរយៈហើយ។ ផងដែរនោះ អ្នកនាង ឌុច សុភា មិនទាន់ប្រាប់ថា នាងសម្ដែងជាតួប្រភេទណាឡើយ។ តែយ៉ាងណាមិញ បើតាមប្រភពដែលធ្លាប់ស្និទ្ធស្នាលជាមួយតារារូបនេះបាននិយាយថា កន្លងមកក្រៅតែពីតួឯក ឌុច សុភា មិនទទួលសម្តែងឡើយ ព្រោះមិនចង់ឱ្យធ្លាក់តម្លៃខ្លួន តែក៏មិនអាចទស្សន៍ទាយបានថា ឥឡូវនេះប្រជាប្រិយភាពរបស់នាងអាចទទួលបានការគាំទ្រដូចមុន ឬយ៉ាងណានោះទេ៕