កន្លងមក តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក តារាចម្រៀងប្រុសវ័យក្មេង សុវត្ថិ មុនីវណ្ណ ធ្លាប់បានបង្ហាញទេពកោសល្យនៃការលេងឧបករណ៍ហ្គីតារនៅក្នុងវីដេអូខ្លីមួយដែលបានធ្វើឱ្យតារាប្រុសរូបនេះឡើងប្រជាប្រិយភាពយ៉ាងខ្លាំង និងមានអ្នកគាំទ្រជាសុភាពនារីជាច្រើនបានលង់មន្ដស្នេហ៍ចំពោះការបង្ហាញសមត្ថភាពនៅគ្រានេះ។
ដោយឡែកនៅពេលថ្មីៗនេះ នៅលើបណ្ដាញសង្គមអ៊ីនស្ដាក្រាមរបស់លោក លោកក៏បានបង្ហាញពីសមត្ថភាពថ្មីមួយទៀតជូនប្រិយមិត្តអ្នកគាំទ្របានទស្សនាកម្សាន្ដ នោះគឺការបង្ហាញសមត្ថភាពលេងព្យ៉ាណូវិញម្ដង។ ដោយលោកបានលើកបទចម្រៀងជាភាសាអង់គ្លេសមកបកស្រាយ ដែលធ្វើឱ្យអ្នកគាំទ្រកាន់តែលង់នឹងសំឡេងរបស់លោកខ្លាំងឡើងទៀត ពោលគឺ តារាប្រុសរូបនេះមានសំឡេងដូចតារាចម្រៀងបរទេស Justin Biberអ៊ីចឹង (វ៉ាវ!)។
គួររំឭកផងដែរថា កាលពេលធ្វើសន្និសីទសាព័ត៌មានស្វាគមន៍កំពូលតារាចម្រៀងថ្មីប្រចាំផលិតកម្មរស្មីហង្សមាសកន្លងទៅនោះ កូនប្រុសច្បងរបស់លោក ព្រាប សុវត្ថិរូបនេះ បានបញ្ជាក់ប្រាប់ថា លោកមានគម្រោងបង្ហាញស្នាដៃនិពន្ធបទចម្រៀងថ្មីជូនប្រិយមិត្តអ្នកគាំទ្រទាំងអស់បានស្ដាប់កម្សាន្ដ ព្រោះលោកមានសមត្ថភាពលេងឧបករណ៍តន្ត្រី ហើយលោកគ្រោងនឹងសហការជាមួយលោកគ្រូភ្លេងជំនាញៗប្រចាំផលិតកម្មផងដែរ។ លោកសង្ឃឹមថា ប្រិយមិត្តទាំងអស់នឹងទន្ទឹងរង់ចាំគាំទ្រស្នាដៃរបស់លោកជាមិនខាន៕